ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មួយ​ជីវិត​ជិត​​រលត់សង្ខារ​ទៅ​វិញ លោក​យាយ​​មិន​ដែល​ស្គាល់​លុយ១លាន​នោះ​ទេ

3 ឆ្នាំ មុន
  • កំពង់ស្ពឺ

​ខេត្ត​កំពង់ស្ពឺ ៖ ​បន្ទាប់​ពី​កោះសន្តិភាព​ចុះ​ផ្សាយ​អំពី​ជីវិត​ទុរគត​ក្រីក្រ​កម្សត់​របស់​លោកយាយ​ និង​ក្មួយប្រុសម្នាក់​​រួច​មក ​បាន​ធ្វើ​ឱ្យ​រំជួលចិត្ត​ដល់​សប្បុរសជន​ដែល​មានធម៌​មេត្តា​ និ​ង​ក្តី​ករុណាកៀងគរ​គ្នា​ទិញ​គ្រឿង​ឧបភោគបរិភោគ​ ព្រមទាំង​ថវិកា​មួយ​ចំនួន​យក​ទៅ​ជូន​លោកយាយ​ទុក​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។ ការ​នាំ​យក​អំណោយ​និង​ថវិកា​យកទៅ​ជូន​លោកយាយ​និង​ក្មួយ​ប្រុសខាងលើ​នេះ​បាន​​ធ្វើ​ឡើង​​កាលពី​​ថ្ងៃ​ទី ១១ ខែមិថុនា​…

​ខេត្ត​កំពង់ស្ពឺ ៖ ​បន្ទាប់​ពី​កោះសន្តិភាព​ចុះ​ផ្សាយ​អំពី​ជីវិត​ទុរគត​ក្រីក្រ​កម្សត់​របស់​លោកយាយ​ និង​ក្មួយប្រុសម្នាក់​​រួច​មក ​បាន​ធ្វើ​ឱ្យ​រំជួលចិត្ត​ដល់​សប្បុរសជន​ដែល​មានធម៌​មេត្តា​ និ​ង​ក្តី​ករុណាកៀងគរ​គ្នា​ទិញ​គ្រឿង​ឧបភោគបរិភោគ​ ព្រមទាំង​ថវិកា​មួយ​ចំនួន​យក​ទៅ​ជូន​លោកយាយ​ទុក​គ្រាន់​ដោះស្រាយ​ជីវភាព​ប្រចាំ​ថ្ងៃ​។

ការ​នាំ​យក​អំណោយ​និង​ថវិកា​យកទៅ​ជូន​លោកយាយ​និង​ក្មួយ​ប្រុសខាងលើ​នេះ​បាន​​ធ្វើ​ឡើង​​កាលពី​​ថ្ងៃ​ទី ១១ ខែមិថុនា​ ឆ្នាំ​២០២០​ នៅផ្ទះ​លោកយាយ​ ស្ថិត​​ក្នុងភូមិ​ស្រូល​ ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ​ ។

លោកស្រី​លាស់​ រ័​ត្ន​ចិន្តា​ តំណាង​ចែកចាយ​សម្រស់​ធម្មជាតិ​សាខា​ទួល​គោក​និង​សមាជិក បាន​បញ្ជាក់​ប្រាប់​ថា​ ​បន្ទាប់ពី​ឃើញ​ការ​ផ្សាយ​របស់​កោះសន្តិភាព​អំពី​ជីវិត​ក្រីក្រ​ និង​កម្សត់​របស់​លោកយាយ​ព្រមទាំង​ក្មួយប្រុសម្នាក់ បាន​ធ្វើ​ឱ្យ​​លោកស្រី​មាន​ក្តី​អាណិត​ដល់​លោកយាយ​ជា​ពន់ពេក​ និង​បាន​រួម​គ្នា​ជាមួយនឹង​សមា​ជិក​របស់​ខ្លួន​នាំ​យក​អង្ករ​មួយ​បាវ, ​មី២​កេស, ​ទឹកដោះគោឆៅ២​យួរ​, ត្រីខ២យួរ, ​ទឹកដោះគោ​ខាប់​ពីរ​កំប៉ុង​ , សាច់​ជ្រូក​ផាត់​កន្លះ​គីឡូ​ក្រាម និង​នំ​មួយ​ប្រអប់​ជូន​ដល់​លោកយាយ​ទុក​គ្រាន់​ពិសា។

សូម​បញ្ជាក់​ថា ​ក្រៅពី​នាំ​យក​សម្ភារៈ​ជូន​ដល់​លោកយាយ​ ក្នុង​នោះ​​រួម​មាន​ថវិកា​ចំនួន៦៥ម៉ឺន​រៀល​ជា​របស់​សាខា​តំណាង​ចែកចាយ​សម្រស់​ធម្មជាតិ​ទួល​គោក​ និងថវិកា​ចំនួន​៩២ម៉ឺន​រៀល​ទៀត​ជា​របស់​​អ្នកស្រី​ច​ន្ធី​ រស់នៅ​ប្រទេស​ញូ​វហ្សេឡែន​ តា​មរយៈ​ភ្នាក់ងារ​កោះសន្តិភាព​បាន​យក​ទៅ​ជូន​ដល់​លោកយាយ​ដោយ​ផ្ទាល់​ដៃ​តែ​ម្តង​។​

ការ​នាំ​យក​អំណោយ​យក​មក​ជូន​លោកយាយ​នា​ពេល​នេះ​គឺ​ធ្វើ​ឡើង​ស្រប​ពេល​ដែល​លោកយាយ​អំពាវនាវ​សុំ​ឲ្យ​សប្បុរសជន​ជួយ​ដល់​គាត់​ ព្រោះ​សព្វថ្ងៃ​ជីវភាពរបស់​​លោកយាយ​ពិតជា​លំបាកខ្លាំង​​ណាស់​។

​នៅ​​ពេល​ទទួល​​បាន​អំណោយ​របស់​សប្បុរសជន​ ធ្វើ​ឱ្យ​លោកយាយ​សប្បាយចិត្ត​រហូត​ដល់​អួល​ដើម​ក​និយាយ​មិន​ចេញ ​ព្រោះ​តែ​រំភើប​ជា​ពន់ពេក​ ដោយ​លោកយាយ​បាន​បញ្ជាក់​ប្រាប់​ថា​ មួយ​ជីវិត​នេះ​លោកយាយ​មិន​ដែល​ស្គាល់​លុយ១លាន​រៀល​កាន់​នៅ​ដៃ​នោះ​ទេ ពេល​នេះ​លោកយាយ​ស្គាល់​ហើយ​។

លោកយាយ​បាន​បញ្ជាក់​ប្រាប់​ថា​ អង្ករ​មួយ​បាវ​គាត់​អាច​ហូប​បាន​៣​ខែ​ ចំណែកឯ​ថវិកា​ដែល​បានមក​​ពី​សប្បុរសជន គឺ​​លោកយាយ​ទុក​ទិញ​ម្ហូប ​និង​ប្រើប្រាស់​ផ្ទាល់ខ្លួន​ ជា​ពិសេស​លោកយាយ​នឹង​រៀបចំ​ធ្វើ​ចង្ហាន់​យក​ទៅ​វត្ត​ ដើម្បី​ឧទ្ទិស​កុសល​ជូន​ដល់​ម្ចាស់​ទាន​និង​ក្រុម​គ្រួសារ​ផង​ដែរ​។

សូម​រំលឹក​ថា លោកយាយ​ព្រីង​ សុ​ី​ម ​អាយុ​៨៤ឆ្នាំ​ រស់នៅ​ភូមិ​ស្រូល ​ឃុំ​រលាំងគ្រើល​ ស្រុក​សំរោង​ទង​ ខេត្តកំពង់ស្ពឺ បាន​រៀបរាប់​ពី​ប្រវត្តិ​ផ្ទាល់ខ្លួន​ត្រួស​ៗ​ថា​ លោកយាយ​មាន​ស្រុក​​កំណើត​នៅ​ភូមិ​ឫ​ស្សី​ ស្រុក​ឃុំ​រលាំងគ្រើល ​​ក្រោយ​ពេល​ពេញវ័យ​ ឪពុក​ម្ដាយ​បាន​រៀបចំ​ទុកដាក់​អោយគាត់​​មានគូស្រករ​ ប៉ុន្តែ​​គាត់​និង​ប្តី​មិន​មាន​កូនចៅ​តវង្ស​​ត្រកូល​ដូច​គេ​នោះ​ទេ​។

​លោកយាយ​បន្ត​ថា​ ជីវិត​ប្តី​ប្រ​ព​ន្ឋ​របស់​គាត់​មិន​ដែល​មាន​ភាព​រកាំរកូស​នឹង​គ្នា​ឡើយ​ គឺ​ខិតខំ​ជួយ​គ្នា​រក​សុ​ី​តាម​សម្មា​ជី​វោ​ដោយ​សុច្ចរិត បើ​ទោះជា​គ្មាន​កូ​ន​​ចៅ​ដូច​គ្រួសារ​ដ​ទៃ​ក្តី​។ ​ក្រោយ​មក​ ជា​អកុសល​ប្តី​របស់​គាត់​បាន​ធ្លាក់ខ្លួន​ឈឺ​រហូត​ដល់​​បាត់បង់ជីវិត ព្រោះតែ​គ្មាន​​ប្រាក់​​ព្យាបាល បន្ទាប់​ពី​ប្តី​របស់​គាត់​ចែកឋាន​ចោល​ទៅ គាត់​ក៏​ហៅ​ក្មួយ​ប្រុស​បង្កើត​ម្នាក់​ដែល​ជា​កូនកំព្រា​ឪពុក​ម្តាយ​អោយមក​រស់នៅ​ជាមួយ​ ដោយ​លោកយាយ​ដើរ​សុ​ី​ឈ្នួល​លាងចាន​តាម​រោង​បុណ្យ​និង​ពិធី​ផ្សេង​ៗ ចំណែក​ក្មួយ​ប្រុស​ដើរ​សុ​ី​ឈ្នួល​រែក​ទឹក​និង​រើស​អេ​ត​ចាយ​ដើម្បី​យក​កម្រៃ​មក​ចិញ្ចឹមជីវិត​។

លោក​យាយ​បាន​បន្ត​ថា រហូត​មកដល់​​ពេល​នេះ ​គាត់​មិន​អាច​ធ្វើ​អ្វី​បាន​ដូច​មុន​ទៀត​ទេ​ ព្រោះ​ភ្នែក​របស់​គាត់​មើ​ើ​ល​មិនឃើញ​ដូច​មុន​ឡើយ​ ​ពេល​ខ្លះ​គ្មាន​អង្ករ​ដាំបាយ​ក៏​ទៅ​សុំ​ក្តី​មេត្តា​ពី​ព្រះសង្ឃ​នៅ​វត្ត​រលាំងគ្រើល​ និង​រលាំងចក​យក​មក​ដោះ​ទាល់​ម្តងម្កាល បើ​និយាយ​ពី​អ្នក​ជិតខាង​(​អ្នក​ភូមិ​)​លើស​ពី​ជួយ​ទៅ​ទៀត​ ​ប៉ុន្តែ​ធ្វើ​ម្តេច​គេ​ត្រូវ​ចិញ្ចឹម​កូនចៅ​គេ​ដែរ​។

លោក​យាយ​បាន​បន្ត​ថា ជីវិត​ចុង​ក្រោយ​មួយ​នេះ គាត់​​មិន​ចង់​សុំ​អ្វី​​នោះ​​ទេ​ គ្រាន់តែ​សុំ​ហូប​ឆ្ងាញ់​បាន​ម្តង​ និង​មាន​ហូប​គ្រាប់​គ្រាន់​ទម្រាំ​ដល់​ថ្ងៃ​​រលត់សង្ខារ​ទៅ​។

​បុរសឈ្មោះព្រីង​ទី​ អាយុ​៥០​ឆ្នាំ​ ត្រូវ​ជា​ក្មួយ​របស់​​លោកយាយ​ក៏​បាន​រៀបរាប់​ដែរ​ថា ​គាត់​ធ្លាប់​មាន​ក្រុម​គ្រួសារ​នឹង​គេ​ដែរ​ ​ប៉ុន្តែ​បាន​បែកបាក់​គ្នា​អស់​ទៅ​ហើយ រាល់​ថ្ងៃ​រស់នៅ​ជាមួយ​ម្តាយមីង​ដោយ​ប្រកប​របរ​ដើរ​សុ​ី​ឈ្នួល​រែក​ទឹក​តាម​ពី​ធី​បុណ្យ​នានា ហើយ​ពេល​ខ្លះ​ដើរ​រើស​សំបក​កំប៉ុង​(​អេ​ត​ចាយ​)​លក់​យក​លុយ​មក​ទិញ​ម្ហូបអាហារ​ចិ​ញ្ចឹម​ជីវិត ​។

​បុរសជា​ក្មួយ​បាន​បន្ត​ថា​ ពេល​នេះ​របរ​រែក​ទឹក​មិន​មាន​ទៀត​នោះ​ទេ​ ព្រោះ​អ្នក​ភូមិ​ត​ទឹក​​​ប្រើ​​តាម​ផ្ទះ​អស់ហើយ នៅ​សល់​តែ​របរ​មួយ​គត់​គឺ​រើស​អេ​ត​ចាយ​ ។ ​ការ​ដើរ​រើស​អេ​ត​ចាយ​នេះ​ មុន​មិន​ទាន់​ផ្ទុះ​ជំងឺ​កូ​វីដ១៩​ គាត់​អា​ចរក​កម្រៃ​បាន​១ម៉ឺន​​រៀល​ដើម្បី​ចិញ្ចឹម​​ជីវិត និង​ម្តាយមីង ប៉ុន្តែ​​ចាប់តាំងពី​​ផ្ទុះជំងឺកូវីដ១៩​មក ​គាត់​រើស​អេ​ត​ចាយ​លក់​បាន​២​ពាន់​​ទៅ​៣​ពាន់​​រៀល​ប៉ុណ្ណោះ ។ បើ​គេ​សួរ​ថា​គ្រប់​ទេ? ​គាត់​ប្រាប់​ថា​លើស​ពី​ខ្វះ​ទៅ​ទៀត ​ថ្ងៃ​ខ្លះគាត់​​ត្រូវ​ដេក​អត់បាយ​ក៏​មាន​ដែរ ​។ ​ទោះជា​យ៉ាងណា​ ​គាត់​មិន​អស់សង្ឃឹម​នោះ​ទេ ថ្វី​ត្បិត​កន្លង​មក​មិន​ដែល​មាន​អង្គ​​ការ​ ឬ​ស្ថាប័ន​ណា​យក​អំណោយ​មក​អោយ​ក្តី​ ​គាត់​គ្រាន់តែ​និយាយ​ថា​ «​ធ្វើ​ម្តេច​បើ​ផល​បុណ្យ​យើង​សាង​មក​បាន​ប៉ុណ្ណឹង» ។​

ជា​ចុង​ក្រោយ ​បុរសជា​ក្មួយ​បាន​សំណូមពរ​ដ​ស់ប្បុរសជន​ដែល​មានចិត្ត​ធម៌​ សូម​មេត្តា​ផ្តល់​ក្តី​សង្ឃឹម​ដល់​ម្តាយមីង ​និង​គាត់​បាន​ហូប​ឆ្ងាញ់​ម្តង​ផង​ ព្រោះ​ពួក​គាត់​ចាស់​ៗណាស់​ទៅ​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ