ខេត្តបន្ទាយមានជ័យ ៖ គ្រប់គ្នាមានការភ្ញាក់ផ្អើលនិងព្រលឹងចុងសក់ ខណៈបានឃើញគ្រាប់មីនជាច្រើនប្រភេទជិត៣០គ្រាប់ ត្រូវបានបុរសម្នាក់ចងព្យួរលើមែកអំពិល១ដើមក្បែរផ្ទះ ស្ថិតនៅតាមខ្សែបន្ទាត់ព្រំដែន ក្នុងភូមិទំនប់ដាច់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ។
ក្រោយពីឃើញគ្រាប់មីនដែលត្រូវគេចងព្យួរនេះ សមត្ថកិច្ចក៏បានទាក់ទងហៅមន្ត្រីស៊ីម៉ាក់ ទៅ
ប្រមូលយកកាលពីថ្ងៃទី១០ ខែមិថុនា ។ វរសេនីយ៍ទោ សេស វិបុល អធិការនគរបាលស្រុកអូរជ្រៅ ថ្លែងថា នៅពេលឃើញបុរសម្នាក់យកគ្រាប់មីនជាច្រើនប្រភេទទៅចងព្យួររណេងរណោងនៅនឹងដើមអំពិលបែបនេះ អ្នកជិតខាងដោយការភ័យខ្លាចកើតមានគ្រោះថ្នាក់ ក៏រាយការណ៍ប្រាប់សមត្ថកិច្ចទៅពិនិត្យមើល ។
លោកអធិការថ្លែងទៀតថា នៅពេលសមត្ថកិច្ចទៅពិនិត្យជាក់ស្តែង ឃើញមានគ្រាប់មីន៤ប្រភេទគឺ ប្រភេទមីនផ្លែប៉ោម១៦គ្រាប់ ប្រភេទមីនស្គរK៥៨ចំនួន៦គ្រាប់ ប្រភេទមីន៦៩ចំនួន៤គ្រាប់ និងប្រភេទដងបេ៤០ចំនួន១គ្រាប់។
លោកអធិការ សេស វិបុល ប្រាប់ថា បុរសជាម្ចាស់ផ្ទះដែលយកគ្រាប់មីនមកព្យួរនៅនឹងមែកអំពិលនេះឈ្មោះ កា សុខនិត អាយុ៤៨ឆ្នាំប្រកបរបរដើរជីកក្តាមនិងរកឃ្មុំ ។ បើតាមបុរសនេះនិយាយថា គ្រាប់មីននេះគាត់ដើររើសសន្សំរយៈពេលជាង១ឆ្នាំ ហើយយកមកចងព្យួរលេងនៅនឹងដើមអំពិលមុខផ្ទះខ្លះ និងទុកតាមរបងផ្ទះខ្លះ តែមិនមានចេតនាគំរាមកំហែងអ្នកណាទេ ។ ចំណែកលោកនាយប៉ុស្តិ៍និយាយថា បុរសរូបនេះក៏ជាមនុស្សមានសតិមិនសូវល្អដែរ ។
ទាក់ទិននឹងការរកឃើញគ្រាប់មីននេះ គឺដោយសារតែកាលពីប៉ុន្មានថ្ងៃមុន ប្រពន្ធរបស់គាត់បានមកប្តឹងសុំលែងលះ ខណៈពួកគេមានកូន៣នាក់ ហើយបានប្រាប់សមត្ថកិច្ចពីការដែលប្តីគាត់យកគ្រាប់មីនមកចងព្យួរ និងដាក់រាយប៉ាយនៅតាមរបងផ្ទះ ។ នៅពេលទទួលបានព័ត៌មាននេះ ទើបសមត្ថកិច្ចទៅពិនិត្យនិងរាយការណ៍ប្រាប់ទៅខាងស៊ីម៉ាក់ ដើម្បីមកប្រមូលយកគ្រាប់មីនទាំងនេះទៅកម្ទេចចោល ចៀសវាងកើតមានគ្រោះថ្នាក់ជាយថាហេតុ ។
មន្ត្រីអង្គភាពកម្ចាត់មីនស៊ីម៉ាក់នៅពេលមកពិនិត្យមើលនិងដោះចេញពីលើដើមឈើប្រាប់ថា គ្រាប់មីននិងគ្រាប់មិនទាន់ផ្ទុះចំនួន២៧គ្រាប់នេះ គឺមានតែសម្បក គ្មានរំសេវ ឬម្សៅតេអិនតេនិងគីបផ្ទុះឡើយ ។ តំបន់នេះជាអតីសមរភូមិក្តៅនាសម័យសង្គ្រាម ដែលសេសសល់គ្រាប់មិនផ្ទុះច្រើន ទើបគាត់រើសមកទុកបានច្រើនប្រភេទបែបនេះ ។
មន្ត្រីស៊ីម៉ាក់ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ បើឃើញមានគ្រាប់មិនទាន់ផ្ទុះត្រូវរាយការណ៍ប្រាប់អាជ្ញាធរនិងសមត្ថកិច្ចដែលនៅក្បែរ ដើម្បីមានវិធានការយកទៅកម្ទេចចោលកុំយកមកចងព្យួរលេងបែបនេះ អាចមានគ្រោះថ្នាក់ដល់ជីវិត ៕ (កែសម្រួលដោយ ៖ បុប្ផា)
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ