រាជធានីភ្នំពេញ ៖ មកទល់ពេលនេះ កម្ពុជាកាន់តែបង្កើនការត្រៀមខ្លួន ក្នុងការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមនៅឆ្នាំ២០២៣ ទាំងការរៀបចំទីតាំងដើម្បីប្រកួត និងទាំងការរៀបចំកីឡាករមួយចំនួនដើម្បីស្វាគមន៍វត្តមានកីឡាករកីឡាការិនីមកពី១០ប្រទេសផ្សេងទៀត ។ ក្នុងចំណោមប្រភេទកីឡាទាំងអស់ កម្ពុជាមិនទាន់សម្រេចយកអស់នៅឡើយទេ តែយ៉ាងណាគេកត់សម្គាល់ថា មានកីឡា២ប្រភេទដែលកម្ពុជាបានសម្រេចដាក់បញ្ចូល ហើយរំពឹងថា នឹងទទួលបានមេដាយមាសពីវិញ្ញាសាសំខាន់ៗ នៅក្នុងប្រភេទកីឡានោះ គឺកីឡាល្បុក្កតោ និង អុកចត្រង្គ ដែលជាកីឡាប្រចាំជាតិរបស់កម្ពុជា។
យោងតាមការប្រកាស គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ កម្ពុជា (CAMSOC)បានជ្រើសយកកីឡាចំនួន១៧ប្រភេទហើយដើម្បីដាក់ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម
ឆ្នាំ២០២៣ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ។ បើតាមលោក វ៉ាត់ ចំរើន អគ្គលេខាធិការ នៃ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា កីឡាទាំង១៧ប្រភេទនោះ សុទ្ធតែជាកីឡាសក្តានុពល ដែលធ្លាប់ដណ្តើមបានមេដាយនៅលើឆាក អន្តរជាតិ និងជាប្រភេទកីឡាតម្រូវឲ្យមាន (អត្តពលកម្ម, ហែលទឹក) ។ ប៉ុន្តែលោកនៅតែរំពឹងខ្លាំងលើកីឡាប្រចាំជាតិរបស់កម្ពុជាចំនួន២គឺកីឡាល្បុក្កតោ និងអុកចត្រង្គ ។
លោក វ៉ាត់ ចំរើន បន្តថា ការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេមម្ចាស់ផ្ទះមានសិទ្ធិដាក់ប្រភេទកីឡាដែលជាប្រភេទកីឡាមានសក្ដានុពលជាងគេ ជាពិសេសគឺកីឡាប្រចាំជាតិរបស់ខ្លួន ទើបលោកយល់ថាការដាក់កីឡាល្បុក្កតោ និងអុកចត្រង្គ គឺជាអ្វីដែលកម្ពុជារំពឹងច្រើនសម្រាប់វិស័យមួយនេះ។
អគ្គលេខាធិការCAMSOC រូបនេះបន្ថែមថា ក្រៅពីកីឡាសក្តានុពលទាំង១៧ប្រភេទខាងលើ ក៏មានប្រភេទកីឡាត្រៀមដាក់បញ្ចូល និងបម្រុងដាក់បញ្ចូលជាច្រើនទៀតផងដែរ ដោយគ្រាន់តែកម្ពុជាកំពុងពិចារណាថាតើជ្រើសយកកីឡាណាបន្ថែមទៀត ដើម្បីឱ្យកីឡាករកម្ពុជាអាចមានឱកាសដណ្ដើមយកមេដាយ។
លោកអះអាងថា ទាំងប្រភេទកីឡាត្រៀមដាក់បញ្ចូល និងបម្រុងដាក់បញ្ចូល សុទ្ធតែអាចមាន លទ្ធភាពក្នុងការដាក់បញ្ចូលក្នុងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមឆ្នាំ២០២៣ បើកីឡាទាំងនេះ អាចមានសក្តានុពលគ្រប់គ្រាន់ក្នុងការដណ្តើម មេដាយ ។ លោកថា ចំណាត់ថ្នាក់ទី១ ជាក្រុម ដែលត្រូវដាក់បញ្ចូលមាន១៧ប្រភេទ, ចំណាត់ថ្នាក់ទី២ ជាក្រុមដែលត្រៀមដាក់បញ្ចូល មាន១៥ប្រភេទ និងចំណាត់ថ្នាក់ទី៣ ជាក្រុម បម្រុងដាក់បញ្ចូលមាន១៣ប្រភេទ ៘
លោកថា កីឡាទាំង១៧ប្រភេទដែលត្រូវដាក់បញ្ចូលក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមឆ្នាំ២០២៣
ទាំងនោះរួមមានអត្តពលកម្ម, ហែលទឹក, ប៉េតង់,ជឺជិតស៊ូ , តេក្វាន់ដូ WTF, ម៉ូតូទឹក, វ៉ូវីណាម ,
ប្រដាល់គុនខ្មែរ, ល្បុក្កតោ, អុកចត្រង្គ, ចំបាប់,តេក្វាន់ដូ ITF, សូហ្វតិន្នីស, ប្រដាល់សាកល, វាយកូនបាល់ និងសីដក់់ (ឈិនឡូន ) ជាដើម។
មកទល់ពេលនេះ កីឡាករម្នាក់ៗកាន់តែបង្កើនការត្រៀមខ្លួន ។ ដោយឡែក សម្រាប់កីឡាដែលស្ថិតក្នុងការត្រៀមដាក់បញ្ចូលរួមមាន កីឡាវាយសី, ការ៉ាតេ, គុនដាវ, ប្រណាំងកង់,វាយកូនឃ្លីលើតុ,ទ្រីយ៉ាត្លុង,ទូកក្តោង,កាយសម្ព័ន្ធ,ជិះសេះ,បាល់បោះ,បាល់ទះ,យូដូ,រាំ, វាយកូនគោល និងទូកកានូនិងរូវីង ។
កីឡាបម្រុងដាក់បញ្ចូលរួមមាន កីឡាអេឡិចត្រូនិក(E-Sport), លើកទម្ងន់, វូស៊ូ, សូរិនហ្សីកាំប៉ូ, អុកចិន, បញ្ចសីលា, បាញ់ធ្នូ,បាញ់កាំភ្លើង, ហុកគី, ប៊ីយ៉ា និងស្នូកឃ័រ,បាល់ឱប, បេស្បល និងកីឡាឡើងភ្នំ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ