ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្លាប់​តែ​យក​ចង្ហាន់​ទៅ​វត្ត​ ពេល​នេះ​​មក​ស្គាល់​​​ដើម​កំណើត​​​​វត្ត​លង្កា​​ក្រុង​ភ្នំពេញ​ម្តង​

3 ឆ្នាំ មុន
  • ភ្នំពេញ

ប្រវត្តិ​នៃ​វត្ត​លង្កា ដោយ​ការ​រៀបរៀង​ក្រង​តាម​ពាក្យ​ដែល​ជន​ចាស់ព្រឹទ្ធាចារ្យ​បាន​និយាយ​ជាប់ ត​ៗ​គ្នា​មក​ខ្លះ តាម​ព្រះរាជ​ពង្សាវតារ​ដែល​សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១​វត្ត​ឧណ្ណាលោម បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​នៃ ពន្លឺ​ពុទ្ធចក្រ ជា​សេចក្ដី​ខ្លី​នោះ​ខ្លះ តាម​សេចក្ដី​កត់​ហេតុ​របស់​សម្ដេចព្រះ​សព​ព្រះ​ធម្មលិខិត​ឧត្ដម​ប្រឹក្សា ល្វី ឯម…

ប្រវត្តិ​នៃ​វត្ត​លង្កា ដោយ​ការ​រៀបរៀង​ក្រង​តាម​ពាក្យ​ដែល​ជន​ចាស់ព្រឹទ្ធាចារ្យ​បាន​និយាយ​ជាប់ ត​ៗ​គ្នា​មក​ខ្លះ តាម​ព្រះរាជ​ពង្សាវតារ​ដែល​សម្ដេចព្រះសង្ឃរាជ​ថ្នាក់​ទី​១​វត្ត​ឧណ្ណាលោម បាន​ចុះ​ផ្សាយ​ក្នុង​ទស្សនាវដ្ដី​នៃ ពន្លឺ​ពុទ្ធចក្រ ជា​សេចក្ដី​ខ្លី​នោះ​ខ្លះ តាម​សេចក្ដី​កត់​ហេតុ​របស់​សម្ដេចព្រះ​សព​ព្រះ​ធម្មលិខិត​ឧត្ដម​ប្រឹក្សា ល្វី ឯម ដែល​បាន​សរសេរ​ទុក​៤​បន្ទាត់​នៅ​ឈ្នែ​ង​សៀវភៅ ប្រាប់​ពី​ពុទ្ធសករាជ និង​គ្រឹ​ស្ត​សករាជ អំពី​ការ​រុះរើ​ចេញពី​ភ្នំ​ដូនពេញ ហើយ​យក​មក​សាង​នៅ​កន្លែង​សព្វ​ថ្ងៃនេះ​ខ្លះ ដូច​មាន​សេចក្ដី​ចុះ​ក្នុង​ង​អត្ថបទ​នេះ​តទៅ ។

ដូច្នេះ​ខាង​ដើម​នៃ​ប្រវត្តិ​វត្ត​លង្កា​នេះ គួរតែ​ជ្រាប​នាម​របស់​វត្ត​សព្វ​ថ្ងៃនេះ​ជា​មុន ដែល​ជា​វត្ត​គេ​បាន​ស្ថាបនា​តាំង​ទុក​នូវ​ព្រះរាជ​ធានី ទីក្រុង​ភ្នំពេញ​អស់​កាល​ជា​យូរ​ឆ្នាំ​ណាស់​មក​ហើយ នៅ​ក្នុង​ចំណោម​​វត្ត​ដែល​មាននៅ​ទីក្រុង​ភ្នំពេញ ជា​វត្តមាន​លទ្ធ​នាម​ប្រាក​ដដែល​គេ​ហៅ​ជាប់​មក​ដល់​សព្វថ្ងៃ​ថា «​លង្កា​ៗ» ឯ​នាម​ថា លង្កា​ៗ នេះ​ជា​ឈ្មោះ​ទ្វីប​មួយ​ដែល​មាននៅ​ក្នុង​អាស៊ី​ទ្វីប ជា​កោះ​មួយ​ធំ​ដីដុះ​ផុះ​ឡើង​សម្បើម​នៅ​ក្នុង​មហាសមុទ្រ​នៃ​ប្រទេស​ឥណ្ឌា កើតឡើង​បាន​ទៅ​ជា​នគរ​១​ធំ ដែល​គេ​និយម​ហៅ​ថា «​សីហឡៈ Cylan លង្កាទ្វីប​» រហូត​មក​ដល់​សព្វ​ថ្ងៃនេះ នៅ​ចំ​ទិស​ខាងលិច​បែរ​ឆៀង​ខាងត្បូង​បន្តិច​ពី​ប្រទេស​ខ្មែរ​យើង ។

នគរ​នេះ​កាល​ជាន់​ពុទ្ធសម័យ ព្រះពុទ្ធ​អង្គ​បាន​យាង​ទៅ​កាន់​ទី​កោះ​លង្កាទ្វីប​នោះ​៣​ដង លុះ​ទ្រង់​ចូល​បរិ​និ​ព្ធា​ន​ទៅ ពួក​ព្រះ​អរហន្តា​ខី​ណា ស្រព​ទាំងឡាយ មាន​ព្រះ​ម​ហិ​ន្ធ​ត្ថេ​រ​ជាដើម ក៏​បាន​ឆ្លងកាត់​មហាសមុទ្រ​ឥណ្ឌា ដោយ​ឥទ្ធិ​ឫទ្ធិ​របស់​លោក​ទៅ​កាន់​ទី​កោះ​នោះ ដើម្បី​ផ្សាយ​ព្រះពុទ្ធ​សាសនា​ចំពោះ​អ្នកស្រុក​កោះ​លង្កា​ទាំងមូល ។ ចីរកាល​តម​ក​ខាងក្រោយ​ទៀត ព្រះ​ពុទ្ធឃោសា​ចារ្យ​បាន​ទៅ​ចម្លង​គម្ពីរ​ព្រះ​ត្រៃ​បិដក​នៅ​កោះ​លង្កាទ្វីប​នោះ មានឈ្មោះ​ល្បីល្បាញ​ខាង​ការ​ផ្សាយ​ព្រះពុទ្ធ​សាសនា​ទៅ​ក្នុង​ជម្ពូទ្វីប​ទាំងមូល​ដែល​ជា​ហេតុ​ឱ្យ​លេចឮ​ល្បីឈ្មោះ​ថា «​លង្កាទ្វីប​ៗ» តាំងពី​កាលនោះ​មក​ដល់​កាល​ឥឡូវនេះ ។

ដោយហេតុ​យ៉ាងនេះ​ហើយ គួរ​ឱ្យ​មាន​សេចក្ដី​សង្ស័យ​នឹក​ពិកា​ល់​ឆ្ងល់​ដោយ​មនោសញ្ចេតនា​ថា ព្រះរាជា​ព្រះ​នាម «​ពញាយ៉ាត​» ទ្រង់មាន​ព្រះរាជ​បញ្ជា​ឱ្យ​កសាង​វត្ត​អារាម​ទុក​នៅ​ភ្នំ​ដូនពេញ​ក្នុង​កាលនោះ​ប្រហែលជា​ទ្រង់​យកឈ្មោះ​លង្កាទ្វីប​នោះ មក​ឱ្យឈ្មោះ​វត្ត​ទាំងនោះ​ដូច​ជា ឈ្មោះ​វត្ត​លង្កា​នេះ​ជាដើម​ទេ​ដឹង !

តាម​រឿង​ប្រវត្តិ​វត្ត​ឧណ្ណាលោម ដែល​សម្ដេចព្រះសង្ឃរាជ​រៀបរៀង​ក្នុង​ទស្សនាវដ្ដី​ពន្លឺ​ពុទ្ធចក្រ​ថា​៖ «​ព្រះបាទ​សម្ដេចព្រះ​បរម​រាជា «​ពញាយ៉ាត​» ទ្រង់មាន​ព្រះរាជ​បញ្ជា​ឱ្យ​កសាង​វត្ត​៣ គឺ ១-​វត្ត​កោះ នៅ​ត្រង់​ទិស​ខាងកើត​ឆៀង​អាគ្នេយ៍​ភ្នំ​ដូនពេញ ។ ២-​វត្ត​លង្កា នៅ​ត្រង់​ទិស​ខាងកើត​ឆៀង​ឦសាន​​ភ្នំ​ដូនពេញ ។ ៣-​វត្ត​ព្រះពុទ្ធ​ឃោ​សារ នៅ​ត្រង់​ទិស​ខាងត្បូង​ព្រែក​ចិន​ដំ​ដែក នា​ទិស​ខាងជើង​ភ្នំ​ដូនពេញ ។ បានជា​ទ្រង់​ព្រះ​រាជទាន​នាម​វត្ត​ទាំង​៣​នេះ​ដូច្នេះ ដើម្បី​ឱ្យ​សម​នឹង​ដំណើរ​រឿង​ដែល​ថា ព្រះ​ពុទ្ធឃោសាចារ្យ ទៅ​ចម្លង​គម្ពីរ​អំពី​កោះ​លង្កាទ្វីប ។​ល​។

តាម​រឿង​នេះ​គ្មាន​ន័យ​ថា ព្រះ​ពុទ្ធឃោសាចារ្យ​មក​គង់នៅ​វត្ត​លង្កា​ភ្នំ​ដូនពេញ​នោះ​ទេ គឺ​ប្រហែល​ជា​ព្រះរាជា​ទ្រង់​សព្វព្រះរាជហឫទ័យ​សាក​បំបៅ​ចម្លង​យក​នាម​កោះ​លង្កា និង​នាម​ព្រះពុទ្ធ​ឃោ​សា មក​ដាំ​បណ្ដុះ​ឱ្យ​មានឈ្មោះ​បំបែក​មែក​សាខា​នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ​ទេ​ដឹង ! បានជា​កើត​មានឈ្មោះ​ហៅ​ថា «​វត្ត​លង្កា​ៗ» ដូច្នេះ ដោយ​ទ្រង់​សព្វព្រះរាជហឫទ័យ​ប្រកបដោយ​សោម​នស្ស​​ជ្រះថ្លា​នឹក​មមៃ អាឡោះអាល័យ ស្រឡាញ់​នាម​ទាំងនេះ​ដ៏​បរិសុទ្ធ​ក្នុង​ព្រះពុទ្ធ​សាសនា ដោយ​ព្រះរាជ​សទ្ធា​ដ៏​ស្មោះត្រង់​ទេ​ដឹង បានជា​ឱ្យឈ្មោះ​«​វត្ត​លង្កា​» នេះ​មាន​នា​មា​ភិ​ធេ​យ្យ​ប្រាកដ​ជាក់ស្ដែង​ឡើង នៅ​ក្នុង​ប្រទេស​កម្ពុជា​យើង ក្នុង​សម័យ​ជាន់​នោះ​អ្នកស្រុក​នាំ​គ្នា​និយម​រាប់អាន​ស្នេហា​ហៅ​ថា «​វត្ត​លង្កា​ៗ» តាម​នាម​ដែល​ព្រះរាជា​បាន​ព្រះ​រាជទាន នាមប្បញ្ញត្តិ​ឱ្យឈ្មោះ​នោះ​ហៅ​ដរាប​មក​ដល់​សព្វ​ថ្ងៃនេះ​ថា «​វត្ត​លង្កា​ៗ» ។

វត្ត​លង្កា​នេះ កាលដែល​ឋិត​នៅ​ទី​ភ្នំ​ដូនពេញ​ឯណោះ អស់​រយៈកាល​២៣​ឆ្នាំ លុះដល់​ព​.​ស​.២.៤៤១​នៅ​ថ្ងៃ​ទី​១៩ ខែឧសភា គ​.​ស​.១.៨០៨ រាជការ​ប្រូ​តិក​ភូ​រាត៍​អាណានិគម​បារាំងសែស ដែល​ជា​ជាតិ​សៃយសាសន៍​មិន​ជ្រះថ្លា​ក្នុង​ព្រះពុទ្ធ​សាសនា បញ្ជា​ឱ្យ​រុះរើ​ចេញពី​ភ្នំ​ដូនពេញ​មក​កសាង​នៅ​ទី​បឹង​កេងកង​ដែល​ជា​ជាយគ្រែង នៃ​ព្រះរាជា​ធានី​ក្រុង​ក្នុង​សម័យ​ជាន់​នោះ ។

តាំងពី​វត្ត​លង្កា រុះរើ​លាចាក​ភ្នំ​ដូនពេញ​ចេញ​មក​ប្រ​តិ​ស្ថាន​នៅ​កន្លែង​សព្វ​ថ្ងៃនេះ បាន​ជាង​៨៥​ឆ្នាំ​ហើយ​(​គិត​អំឡុង​កាល​រៀបរៀង​ប្រវត្តិ​នេះ​) មាន​សេនាសន​គ្គា​ហប​ក​បុគ្គល​គឺ​ចៅអធិការ​៤​រូប​ហើយ​គឺ​៖

ចៅអធិការ​ទី​១ ព្រះ​នាម ព្រះ​បវរ​វិជ្ជា​(​អុក​) ជីវប្បវត្តិ​គ្មាន ,​ចៅអធិការ​ទី​២​ព្រះ​នាម​(​ខាត់​)​ជីវប្បវត្តិ​គ្មាន ,​ចៅអធិការ​ទី​៣​ព្រះ​នាម សម្ដេចព្រះ​ធម្មលិខិត ឧត្តម​ប្រឹក្សា ល្វី ឯម ជីវប្បវត្តិ​មាន​ពិស្ដារ​ក្នុង​ការ​ស្ថាបនា​វត្ត​នេះ ។ ចៅអធិការ​ទី​៤ ព្រះ​ឃោស​ធម្ម កៅ ស៊ឹ​ម ជីវប្បវត្តិ​ពិស្ដារ ក្នុង​ការ​ស្ថាបនា​ជួយ​រៀបចំ​កែទម្រង់​វត្ត​នេះ​ត​ពី​សម្ដេចព្រះ​ធម្មលិខិត​មក ។

ឯ​វិហារ​ដែល​លោកអ្នកឧកញ៉ា​យោមរាជ ម៉ែ​ន និង​លោកស្រី​ជំទាវ ព្រាប បាន​កសាង​មក​នោះ លុះ​ចីរកាល​តម​ក ក៏​ចាស់​ទ្រុឌទ្រោម​ទៅ ,​សម្ដេចព្រះ​ធម្មលិខិត ល្វី ឯម បាន​បញ្ជា​ឱ្យ​រុះរើ​ធ្វើ​ឡើង​វិញ​ជា​ថ្មី នៅ​ថ្ងៃ​ពុធ ១៥​កើត ខែកត្តិក ឆ្នាំមមែ ស​ប្ព​ស័ក ព​.​ស​.២៤៩៧ គឺ​ថ្ងៃ​ទី​១០ វិច្ឆិកា គ​.​ស​.១៩៥៤ ចាប់ផ្ដើម​កសាង​ឡើង​រហូត​ដល់​ថ្ងៃ​៣​កើត ខែជេស្ឋ ឆ្នាំខាល ចត្វា​ស័ក ព​.​ស​.២៥០៤ គឺ​ថ្ងៃ​ទី​៥ ខែមិថុនា គ​.​ស​.១៩៦២ ទើប​ធ្វើ​ហើយ​ស្រេច អស់​បច្ច័យ​ចំនួន​៤៩២១.៣០០​រៀល ។

នៅ​ក្រោម​ព្រះ​រា​ជូ​បូ​ត្ថ​ម្ភ​ក៍​នៃ​ព្រះករុណា​ព្រះ​មហា​កា​ពា្ច​ន​កោដ្ឋ និង​សម្ដេចព្រះមហាក្សត្រិយានី​ព្រះ​មាតា​ជាតិ ដោយហេតុ​ថា វត្ត​នេះ​សម្ដេចព្រះ​សព​ព្រះ​ធម្មលិខិត ព្រមទាំង​ពុទ្ធបរិស័ទ ឧបាសក ឧបាសិកា បាន​ថ្វាយ​ព្រះករុណា​និង​សម្ដេចព្រះមហាក្សត្រិយានី​ព្រះ​មាតា​ជាតិ ជា​អម្ចាស់​ជីវិត អស់​កាល​ជា​យូរ​មក​ហើយ ដល់​មក​ឥឡូវនេះ​ពុទ្ធបរិស័ទ ឧបាសក ឧបាសិកា វត្ត​លង្កា ដែល​មាន​សុទ្ធចិត្ត​ដ៏​ស្អាត សូម​ថ្វាយ​វត្ត​លង្កា​នេះ​ជា​ថ្មី​ម្ដងទៀត សូម​ព្រះ​អង្គ​ទ្រង់​ព្រះ​មេត្តាប្រោស

សូម​ទទួល​ដោយ​ព្រះរាជ​ហឫទ័យ​ដ៏​ជ្រះថ្លា​ជា​ថ្មី​ម្ដងទៀត ចំពោះ​យើងខ្ញុំ​ទូលព្រះបង្គំ បាន​ថ្វាយ​វត្ត​នេះ​សម្រាប់​ទុកជា​ព្រះ​កេរ​របស់​ព្រះ​អង្គ​តទៅ មិនតែប៉ុណ្ណោះ​ទ្រង់​បាន​បរិច្ចាគ​ព្រះរាជ​ទ្រព្យ​ផ្ទាល់​ព្រះ​អង្គ ជា​ច្រើន​ជាង​រយ​ម៉ឺន​រៀល​ដោយ​ទ្រង់​ជា​អគ្គ​សាសនូបត្ថម្ភក៍​ចំពោះ​ការ​កសាង​វិហារ​ថ្មី​នេះ​ជា​កាតព្វកិច្ច​ដែល​ជាទី​នាំ​ឱ្យ​ជ្រះថ្លា​ដល់​ពួក​ពុទ្ធបរិស័ទ​វត្ត​លង្កា នាំ​គ្នា​សស្រោក​សស្រាញ់​ចោម​ចូល​ព្រះរាជ​កុសល​ជួយ​កសាង​ឡើង ដោយ​សេចក្ដី​ត្រេកអរ​ជា​អនេក​ថ្វាយ​ព្រះ​អង្គ ទាំង​ទ្រង់​ព្រះ​មេត្តាប្រោស​បាន​ឡាយព្រះហស្តលេខា​ព្រះ​រាជទាន​ឱ្យ​រចនា​ព្រះសង្ហា​ប្រ​តិ​ស្ថាន​ទុក​នូវ​ទី​ហោជាង​ចំ​មុខ​វិហារ​ទិស​ខាង​កើតជា​និមិត្តរូប គឺ​ឱ្យ​សម្គាល់​រូបភាព​នេះ​ឱ្យ​ដឹង​ថា ជាវ​ត្តរបស់​ព្រះរាជា បាន​ស្ថាបនា​ទុកជា​អនុស្សាវរីយ៍​ក្នុង​ព្រះពុទ្ធ​សាសនា​នៅ​ទី​នេះ ។

នៅ​ទី​ហោជាង​ទិសឧត្តរ​ខាងជើង និង​ទិសទក្សិណ​ខាងត្បូង បាន​រចនា​ជា​តួ​តាក​ដាក់​ជើងពាន​តម្កល់​ព្រះ​ត្រៃ​បិដក​ស្លឹករឹត​ពីលើ​នៅ​ទី​ត្រង់​កណ្តាល​ដែល​មាន​ផ្កា​លតា​ដុះ​ស្រោប​ជុំវិញ ថ្វាយ​ជា​គ្រឿង​សក្ការបូជា​អស់​កាល​ជា​និច្ច ។ នៅ​ទី​ខាងលើ​ធ្វើ​ជា​វង់ព្រះអាទិត្យ​ដែល​មាន​កាំរស្មី​រះ​ឡើង​ពី​ទិសបូព៌​បញ្ចាំង​ចោល​ពន្លឺ​ឱ្យ​ភ្លឺ​ថ្លា ទៅ​ពាសពេញ​ក្នុង​ពិភពលោក​ទាំងមូល​ឱ្យ​មើលឃើញ​ច្បាស់​សត្វ​វត្ថុ​ល្អ​អាក្រក់​គ្រប់យ៉ាង នេះ​ជា​និមិត្តរូប​គឺ​ឱ្យ​សម្គាល់​រូបភាព​នេះ​ថា ព្រះពុទ្ធ​សាសនា​ក្នុង​ប្រទេស​កម្ពុជា​យើង​នេះ ដែល​បាន​រីក​ផ្សាយ​ចេញ​រស្មី​គឺ​វិជ្ជា​ធម៌​ពី​វត្ត​លង្កា​នេះ ដោយ​មាន​សម្អាង​ក្បួន​(​ធម្មសាស្ត្រ​) គម្ពីរ​ព្រះ​ត្រៃ​បិដក​ដែល​ពួក​កុលបុត្រ​ជា​បព្វជិត ខំ​ប្រព្រឹត្ត​សិក្សា​រៀនសូត្រ​តស៊ូ​ចំពោះ​ធម៌​វិន័យ​ជាដំបូង ហើយ​បាន​យក​ទៅ​ផ្សាយ​ក្នុង​ជនបទ​ទាំងឡាយ​ក្នុង​ប្រទេស​ខ្មែរ​នេះ​ទុកដូចជា​ផ្កា​លតា​ក្រអូប​ទ្រ​ព្រះពុទ្ធ​សាសនា​ជា​ដរាប​មក ។

នៅ​ទី​ហោជាង​ទិស​ខាង​បស្ចិម​ខាងលិច គេ​បាន​រចនា​ផ្លិត​ស្រួច​១​យ៉ាង​ធំ​មាន​ពណ៌​ច្រាល​ឆ្អៅ បញ្ឈរ​ទុក​នៅ​ត្រង់​កណ្ដាល​តួ​ហោជាង​មាន​រចនា​ជា​ក្បាច់​រំលេច​ដោយ​ភាព​ជា​ខ្សែសយ​រាងរៅ​ដល់​ទៅ​ខាងលើ​កំពូល​ស្រួច​មើលទៅ​គួរ​ជាប់ចិត្ត នេះ​ជា​និមិត្តរូប គឺ​ឱ្យ​សម្គាល់​រូបភាព​នេះ​ថា វត្ត​លង្កា​នេះ​មាន​ព្រះ​មហាថេរ​១​អង្គ ជា​ព្រះ​រាជាគណៈ​ថ្នាក់​ឯក មាន​អ​គ្គៈ​ទី​ជា​សម្ដេចព្រះ​ធម្មលិខិត​ឧត្តម​ប្រឹក្សា​គណៈមហានិកាយ​ព្រះ​នាម​ល្វី ឯម ក្នុង​ឋានៈ​ជា​ចៅអធិការ​ជា​អ្នកគ្រប់គ្រង​វត្ត​លង្កា​នេះ ឯ​រូបភាព​ទាំង​៣​បែប​នេះ​ជា​និមិត្ត​រូបតំណាង​វត្ត​តំណាង​វិហារ ដែល​គួរ​ឱ្យ​យើង​គ្រប់​គ្នា​នឹក​អាឡោះអាល័យ​ស្ដាយ​រូបភាព​នេះ​ថា ៖

រូប​កាយ​យើង​នេះ​ស្លាប់​បាត់​ទៅ តែ​រូបភាព​នៅ​ជា​និមិត្ត គេ​បាន​រចនា​ការ​ពិសិដ្ឋ ទុក​ឱ្យ​ពិនិត្យ​មើល​គ្រប់​គ្នា ។

សណ្ឋាន​ភាព​នៃ​តួ​វិហារ​នេះ មាន​វិកតិ​ភាព​ធ្វើ ប្លែក​ៗ​គឺ​នៅ​ទី​ថ្នាក់​ខាងលើ​មើលទៅ​ឃើញ​កំពូល​ស្រួច​៣​ជាន់ ដែល​បន្ទំ​ក្បាច់​ស៊ីម៉ង់ត៍​ព័ទ្ធព័ន្ធ​ដោយ​ទី​ជុំវិញ​ដំបូល​លើ​ប្រក់​គ្រឿង​ពណ៌​មាន​លំអ​ដោយ​រូប​នាគ​មាន​ដងខ្លួន​សំយុង​ចុះ​មក​រក​រងទឹក​ងើបឡើង​រហង់ ហាក់ដូចជា​នៅ​រង់ចាំ​ឈ្ងោក​មើលរូប​ព្ធ​រ៉ា ដែល​មាន​ខ្នង​រាង​អែ​៊​ន​ស្ទែត​ពើងទ្រូង ភ្នែក​គ្រលួង​សម្លឹង​ចុះ​មើល​មក​កាន់​ផែនដី ដៃ​ទាំង​ពីរ​ចាប់​កាន់​ពិតាន​រងទឹក​ក្បាល​ទូល​ទ្រ​រងទឹក ហាក់ដូចជា​គេ​លេងល្បែង​រាំង​វង់ នៅ​គ្រប់​តែ​ក្បាលសសរ​ជុំវិញ​នៃ​ព្រះ​វិហារ ។

សណ្ឋាន​ភាព​ថ្នាក់​ត្រង់​កណ្ដាល មាន​កិត្តិ​វិលេបន​កម្ម​ដ៏​ភ្លឺ​ស្អាត​រចនា​ឆ្កូត ក្រឡា​ជញ្ជាំង​ជា​បន្ទាត់ ផ្ទាំង​ៗ​ខ្វាត់ខ្វែង ដុះលាង​ថ្ម​ពណ៌​លឿងខ្ចី​ព័ទ្ធ​ជុំវិញ ជា​គ្រឿង​ប្រៀប​គួរ​ឱ្យ​សម្គាល់​បាន​ថា ជា​គ្រឿង​អាភរណៈ​ស្លៀកពាក់​ច្រើន​ពណ៌​លឿង ឬ​ពណ៌​ផ្កា ផ្សេង​ៗ ដូច​សម្លៀក​បំពាក់​នារី​ដែល​ស្រស់​នៅ​ពេល​ចូល​ឆ្នាំ ។

សណ្ឋាន​ភាព​ថ្នាក់​ខាងក្រោម​រាង​ទ្រនាប់​ភាព​ស្រាល​ទាប​បន្តិច​រំលេច​នូវ​របៀប​ចេញ​រាង​មក​ខាងក្រៅ ហើយនឹង​យ៉​ខាង​មុខ យ៉​ខាងក្រោយ​ឱ្យ​ជា​គ្រឿង​សម្គាល់ថា​វិហារ​នេះ មាន​សភាព​សក្តិ​សម រម្យទម​ល្អ​អស្ចារ្យ​គួរ​ដល់​កា​ទស្សនីយភាព ។

សភាព​ព្រំដែន​របស់​វត្ត​ព័ទ្ធ​ជុំវិញ គឺ​មាន​បណ្ដោយ​ទិស​ខាងជើង​១៦២​ម៉ែត្រ ទទឹងទិស​ខាងលិច​១០៥​ម៉ែត្រ ទទឹងទិស​ខាងកើត​៨០​ម៉ែត្រ​៥៣ បណ្ដោយ​ទិស​ខាងត្បូង​១៥៧​ម៉ែត្រ តាម​ប្លង់​ផែនទី​ក្រសួង​សុរិយា​ដី នៅ​ក្នុង​សម័យ​ជាន់​អាណានិគម​បារាំងសែស ដែល​បាន​ប្រគល់​ឱ្យមក​ទុកជា​ភស្តុ​តាង ។ ឥឡូវនេះ​រាជការ​ក្រុង​បាន​បង្ខិត​កំពែង​រុញ​ចូល​មក​ក្នុង​ដី​វត្ត​ចំនួន​៥​ម៉ែត្រ​៥០ នៅ​ទិស​ខាងជើង ដី​វត្ត​ក៏​រួម​តូច​ទៅ​វិញ ។

នៅ​ទី​ខាងក្នុង​ត្រង់​កណ្ដាល​វត្ត មាន​តួ​ព្រះ​វិហារ​ដ៏​ល្អ​អស្ចារ្យ​ដូច​បាន​ពណ៌នា​មក​ខាងលើ ដែល​ជា​និមិត្តរូប​ជា​មូលដ្ឋាន​នៃ​ព្រះពុទ្ធ​សាសនា​មាន​បណ្ដោយ​៣៨​ម៉ែត្រ​ដោយ​គិត​ទាំង​យ៉​មុខ​យ៉​ក្រោយ​រួម​ចូល​ផង ។ ទទឹង​ថ្នាក់លើ​១៧​ម៉ែត្រ​៥០ ដោយ​គិត​របៀង​ខាងក្រៅ​ផង ទទឹង​ខាងក្រោម​១៤​ម៉ែត្រ កម្ពស់​ឡើង​លើ​ដល់​កំពូល​ស្រួច​៣២​ម៉ែត្រ ខ្ពស់ត្រដែត​ទៅ​ក្នុង​នភាល័យ​ប្រទេស ។

វត្ត​លង្ការ​នេះ​ឋិត​នៅ​ក្នុង​សង្កាត់​លេខ​៦ ក្រុងភ្នំពេញ ដែល​ជា​វត្ត​ព្រះរាជ​ទ្រព្យ​របស់​ព្រះរាជា ទ្រង់​កសាង​ថ្វាយ​ចំពោះ​ព្រះពុទ្ធ​សាសនា ទុកជា​ព្រះ​កេរ​របស់​ព្រះ​អង្គ​សម្រាប់​ឱ្យ​ព្រះសង្ឃ​គង់នៅ​សិក្សា​ធម៌​វិន័យ​ជា​អា​ចិ​ន្ត្រៃ​យ៍​ក្នុង​ព្រះពុទ្ធ​សាសនា​តរៀង​ទៅ ។

ការ​ចាប់ផ្ដើម​រៀបចំ​ស្ថាបនា ពី​ឆ្នាំ​១៩៥៨​ឱ្យ​វត្ត​នេះ​មាន​អនាម័យ​បំបាត់​ទី​ស្មោកគ្រោក ដោយ​ការ​រុះរើ​បង្គន់​ចាស់​២០​បន្ទប់​នៅ​ទិសនិរតី​បញ្ជា​ឱ្យ​ធ្វ​បង្គន់​ថ្មី​៣៥​នៅ​ទី​កុដិរ​របស់​បព្វជិត​ក្រុម​ៗ ធ្វើ​របង​នៅ​ទិស​ខាងលិច​ដោយ​ឈើ​ផ្ចិ​ក​ខ្លះ គគីរ​ខ្លះ​ឱ្យ​សម​តាម​កម្រិត​នៃ​ឧបចារវត្ត ឥឡូវនេះ​បាន​កសាង​អំពី​ឥដ្ឋ​បន្ត​ឡើងជា​ថ្មី ដល់​ឆ្នាំ​១៩៦១-៦២-៦៣ បាន​ដាក់​ម៉ាស៊ីនទឹក​ទាំង​ដាក់​បំពង់​លូ​ក្នុង​ទី​វត្ត​ព័ទ្ធ​ចុះ​ទៅ​ភ្ជាប់​នឹង​លូ​ធំ​របស់​រាជការ​គ្មាន​ទឹក​ភក់ជ្រាំ​ដក​កក់​នៅ​ក្នុង​ទី​វត្ត​នេះ​បាន​ឡើយ ។

ឆ្នាំ​១៩៦២ បាន​រុះរើ​កុ​ដ្ឋិ​២​ខ្នង​នៅ​ក្រុម​ទី​២​យក​ទៅ​កសាង​ទី​ដទៃ​ទៀត ដើម្បី​រៀបចំ​ដី​ទី​សព្វ​ថ្ងៃនេះ​ឱ្យ​វាល​ទូលាយ​ស្អាត រៀបចំ​បរិវេណ​ផ្លូវ តូច​ៗ​ក្នុង​សួនច្បារ រៀបចំ​ចិញ្ចើម​ផ្លូវធ្លា​ក្នុង​វត្ត​ព័ទ្ធ​ជុំវិញ​ឱ្យ​ស្អាត បញ្ជា​ឱ្យ​បព្វជិត​ជា​មេ​កុ​ដ្ឋិ​មេក្រុម រុះរើ​ទម្រង់​កុដិ​ចាស់​របស់​ខ្លួន​នៅ​នោះ​ធ្វើ​ជា​២​ជាន់​ឱ្យ​ខ្ពស់​ឡើង​បិទ​បាំង​ជើង​សសរឈើ​ដែល​មើលទៅ​ឃើញ​ច្រូងច្រាង​នោះ ចាក់​ដី​រៀប​ឥដ្ឋ​ពណ៌​ឲ្យ​ល្អមើល​ឡើង ទាំង​បញ្ជា​ឲ្យ​រៀបចំ​ទី​ខាងក្នុង​កុដិ​ឲ្យ​មាន​របៀបរៀបរយ​គួរ​ល្មម​ខ្យល់​អាកាសធាតុ​ថ្មី ចូល​ទៅ​កម្ចាត់​បង់​នូវ​កា​អាកាសធាតុ​ចាស់​ឱ្យ​អស់​ចេញពី​ក្នុង​កុដិ មួយ​ៗ ត្រូវ​ឱ្យ​មាន​តុ​១ កៅអី​យ៉ាងតិច​ត្រឹម​៣​ប្រចាំ​នូវ​ទី​កុដិ​របស់​ខ្លួន​ជា​ប្រក្រតី ទើប​សមគួរ​ដល់​អនាម័យ​តាម​សម័យនិយម ។
ឯកសារ​រៀបរៀង​ដោយ​ព្រះ​ឃោស​ធម្ម​កៅ ស៊ឹ​ម ចៅអធិការ​វត្ត​លង្កា សង្កាត់​លេខ​៦ ក្រុងភ្នំពេញ ព​.​ស​២៥០៦ គ​.​ស​១៩៦៤ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ