ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជឿជាក់ប្តី​ពេក ប្រពន្ធ​ព្រមឱ្យលុយទុកសម្រាលកូន បែរ​ជាលេងល្បិចម៉ាស្អាត​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​​បាន​នាំ​កូនប្រុស​តូច​អាយុ​៥​ឆ្នាំ​ម្នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​និង​២៥​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​បាន​ចោទប្រកាន់​បុរស​ជា​ប្ដី​ថា បាន​ធ្វើ​សកម្មភាព​ឆបោក​លុយ​ពី​នាង​ជិត​៧០០​ដុល្លារ​ដែល​ត្រៀម​ប​ម្រុ​ង​​ទុក​សម្រាប់​សម្រាលកូន​ រួម​ទាំង​ម៉ូតូ​កង់​បី​១​គ្រឿង​ផង​រត់​ចោល​នាង​និង​កូនប្រុស​ខាងលើ​ព្រមទាំង​កូន​នៅ​ក្នុង​ផ្ទៃ…

រាជធានី​ភ្នំពេញ​ ៖ ​ស្ត្រី​​ម្នាក់​មាន​ផ្ទៃពោះ​៨​ខែ​​បាន​នាំ​កូនប្រុស​តូច​អាយុ​៥​ឆ្នាំ​ម្នាក់​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​នគរបាល​ចោម​ចៅ​ទី​៣ នៃ​ខណ្ឌ​ពោធិ៍​សែន​ជ័យ កាលពី​វេលា​ម៉ោង​១១​និង​២៥​ព្រឹក​ថ្ងៃ​ទី​១១ ខែមិថុនា ឆ្នាំ​២០២០ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​ឲ្យ​នគរបាល​ជួយ​អន្តរាគមន៍​ដោយ​បាន​ចោទប្រកាន់​បុរស​ជា​ប្ដី​ថា បាន​ធ្វើ​សកម្មភាព​ឆបោក​លុយ​ពី​នាង​ជិត​៧០០​ដុល្លារ​ដែល​ត្រៀម​ប​ម្រុ​ង​​ទុក​សម្រាប់​សម្រាលកូន​ រួម​ទាំង​ម៉ូតូ​កង់​បី​១​គ្រឿង​ផង​រត់​ចោល​នាង​និង​កូនប្រុស​ខាងលើ​ព្រមទាំង​កូន​នៅ​ក្នុង​ផ្ទៃ ដោយ​ទៅ​រស់នៅ​ជាមួយ​ស្រី​ថ្មី​បាត់​ស្រមោល​គ្មាន​អាល័យ​សូម្បី​បន្តិច​សោះ​។

ស្ត្រី​ខាងលើ​ឈ្មោះ​នាក់ ពៅ​មុនី អាយុ​៣១​ឆ្នាំ មាន​ទីលំនៅ​ក្នុងភូមិ​ព្រៃ​តុំ ឃុំ​ព្រៃ​ឃ្មុំ​ស្រុក​ទឹកឈូរ ខេត្តកំពត ចំណែក​ប្ដី​ឈ្មោះ​អុល បញ្ញា អាយុ​៣២​ឆ្នាំ មុខរបរ​រត់​ម៉ូតូ​កង់​បី នៅ​ក្នុង​រាជធានី​ភ្នំពេញ ហើយ​កន្លង​មក​ច្រើន​នៅ​ម្តុំ​ភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ប៉ុន្តែ​ក្រោយ​ពី​មាន​ស្រី​ថ្មី​មក មិន​​ដឹង​ថា​ទៅ​ស្នាក់​នៅ​កន្លែង​ណា​ឡើយ ​បុរសជា​ប្តី​​មានស្រុក​កំណើត នៅ​ក្នុងភូមិ​តា​កឹង ឃុំ​ព្រៃធំ ស្រុក​កំពង់​រោ​ទិ៍ ខេត្តស្វាយរៀង ។

ស្ត្រី​​ខាងលើ​​បាន​និយាយ​ថា នាង​និង​ប្ដី​បាន​រៀប​ការ​ត្រឹមត្រូវ​តាម​ផ្លូវច្បាប់​ មិនមែន​រត់​តាម​គ្នា​ឬ​គ្រាន់តែ​សែនព្រេន​ដើម្បី​តែ​គម្រប់​កិច្ច​ឡើយ ហើយ​ក៏​បាន​រស់នៅ​ជាមួយ​គ្នា​ជា​ប្តី​ប្រពន្ធ​រយៈពេល​ជិត​១២​ឆ្នាំ​កន្លង​មក​ហើយ មិនតែប៉ុណ្ណោះ​ចំណងដៃ​អាពាហ៍ពិពាហ៍ គឺ​ទទួល​បានកូន​ប្រុស​ម្នាក់​អាយុ​៥​ឆ្នាំ និង​កូន​ម្នាក់​ទៀត​នៅ​ក្នុង​ផ្ទៃ​៨​ខែ​ទៅ​ហើយ​។​

ស្ត្រី​​ខាងលើ​បាន​បន្ត​ថា ​បន្ទាប់​ពី​រៀប​ការ​រួច​ នាង​និង​ប្ដី​ស្រឡាញ់​គ្នា​ណាស់​មាន​សុភមង្គល​ណាស់ ហើយ​បាន​ខិតខំ​នាំ​គ្នា​រក​សុ​ី​ខ្លាំង​ណាស់ ​តែ​ហាក់​មិនសូវ​កាក់កប​ទេ ទើប​ក្រោយមក​បាន​សម្រេចចិត្ត​នាំ​ចាក​ចេញពី​ស្រុក​កំណើត​នៅ​ឯ​ខេត្តកំពត មក​ស្នាក់​នៅផ្ទះ​ជួល​នៅ​ក្នុងភូមិ​ព្រៃ​ទា សង្កាត់​ចោម​ចៅ​ទី​៣ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។ ​ពេល​នោះ​ប្ដី​នាង​បាន​រត់​ម៉ូតូ​កង់​បី​ដឹក​ម៉ូយ​នៅ​ក្នុ​ង​រាជធានី​ភ្នំពេញ ឯ​នាង​នៅផ្ទះ​មើល​កូន មិន​អាច​ចេញ​ទៅ​រក​សុ​ី​បាន​ទេ​ ព្រោះ​កូន​ក៏​នៅ​តូច​ ម្យ៉ាង​កំពុង​ពរ​ពោះ​កូន​នៅ​ក្នុង​ផ្ទៃ​ទៀត​ផង​។

ស្ត្រី​​ខាងលើ​​បាន​បន្ត​ទៀត​ថា រហូត​ដល់​ខែ​មិ​នា ឆ្នាំ​២០២០ នាង​បាន​វិល​ទៅ​រស់នៅ​ជាមួយ​ឪពុក​ម្ដាយ​នៅ​ឯ​ស្រុក​កំណើត ក្នុង​ខេត្តកំពត​វិញ ដោយ​ទុក​ឲ្យ​ប្តី​ស្នាក់​នៅ​រក​សុ​ី​នៅ​រាជធានី​ភ្នំពេញ​ម្នាក់ឯង​ ហើយ​ក៏​មិន​បាន​គិត​ថា​ គ្រួសារ​មាន​ភាព​រង្គោះរង្គើរ​បែប​នេះ​ទេ​ ។ ​ខណៈ​នាង​ទៅ​បាត់​ ស្រាប់តែ​ប្តី​លួច​មាន​ស្រី​ក្មេង​អាយុ​តិច​ជាង​នាង​៣​ទៅ​៤​ឆ្នាំ ហើយ​រឿង​នេះ​នាង​ក៏​បាន​សង្ស័យ​យូរ​មក​ហើយ​ដែរ គឺ​តាំងពី​មិន​ទាន់​ត្រឡប់​ទៅ​ស្រុក​មក​​ម៉្លេះ ។​ ព្រោះ​ពេល​នោះ​លោក​ប្ដី​តែងតែ​បាត់​មិនសូវ​មក​ផ្ទះ​ទេ ហើយ​បើ​ពេល​ណា​មក​ដល់​ផ្ទះ​ម្ដង​ៗ​វិញ​គឺ​តែងតែ​រករឿង​នាង ដោយ​គ្មាន​មូលហេតុ​ ខុស​ប្លែក​ពី​ពេល​មុន​ៗ លុះ​ក្រោយ​ពី​តាម​សង្កេត​មើល​យូរ​ទៅ ​ទើប​នាង​បានដឹង​រឿង​ប្ដី​មាន​ស្រី​ច្បាស់ ហើយ​នាង​បាន​អង្វរ​សុំ​កុំ​ឲ្យ​ប្ដី​ធ្វើ​បែប​នេះ​អី​ សូម​អាណិត​ដល់​រូប​នាង​និង​កូនប្រុស​ព្រមទាំង​កូន​នៅ​ក្នុង​ផ្ទៃ​ផង ប៉ុន្តែ​ប្ដី​មិន​បាន​ស្ដាប់​ឡើយ​។

ស្ត្រី​ខាងលើ​បាន​បន្តទៀត​ថា ​លុះ​ក្រោយមក​ទៀត បុរស​ជា​ប្តី​បាន​ធ្វើ​ដំណើរ​ទៅ​តាម​នាង​ដល់​ផ្ទះ​នៅ​ឯ​ខេត្តកំពត នៅ​ពេល​បាន​ជួប​នាង​ហើយ​បាន​និយាយ​លួងលោម​នាង​ថា «​បង​ឈប់​មាន​ស្រី​ចោល​អូន​និង​កូន​ទៀត​ហើយ គឺ​ស្រឡាញ់​តែ​អូន​ដែល​ជា​ប្រពន្ធ​ប៉ុណ្ណោះ » ។​ បន្ទាប់​មក​បាន​លួងលោម​សុំ​ខ្ចី​លុយ​ពី​នាង​ចំនួន​៦៥០​ដុល្លារ ដោយ​ប្រាប់​ថា យក​ទៅ​លស់​យក​ម៉ូតូ​កង់​បី​ដែល​បាន​ដាក់បញ្ចាំ​គេ​នៅ​ភ្នំពេញ ដោយ​ប្តី​ប្រាប់​ថា​ ជួប​បញ្ហា​គ្មាន​លុយ​សម្រាប់​ដោះស្រាយ ទើប​បញ្ចាំ​កង់​បី​ហា​ ប៉ុន្តែ​មិន​បាន​ប្រាប់​ថា​ មាន​បញ្ហា​អ្វី​នោះ​ទេ​។

ស្ត្រីខាងលើ​បាន​រៀបរាប់​បន្ត​ទៀត​ថា ដោយសារ​តែ​ជឿជាក់​ប្ដី​ខ្លាំង​ពេក​ ទើប​នាង​ក៏​ព្រម​ឲ្យ​លុយ​ចំនួន​៦៥០​ដុល្លារ​​ទៅ​​ប្ដី​ ដើម្បី​យក​ទៅ​លស់​ម៉ូតូ​កង់​បី​ទាំង​ការ​អាណិតអាសូរ​ប្ដី​យ៉ាង​ខ្លាំង​ថែម​ទៀត​ផង ចំណែក​ប្ដី​វិញ​ បន្ទាប់​ពី​បាន​លុយ​ដល់​ដៃ​ក៏​បាន​ចាកចេញ​ត្រឡប់​មក​ភ្នំពេញ​វិញ​បាត់​ ។ ​ហើយ​រឿង​ដែល​នាង​នឹក​ស្មាន​មិន​ដល់​នោះ​គឺ​ក្រោយ​ពេល​ប្ដី​ចាកចេញ​មក​ភ្នំពេញ​ លុះពេល​នាង​ខ​ល​សួរសុខទុក្ខ​ចង់​ដឹង​ថា​ប្ដី​ដល់​ភ្នំពេញ​ហើយ​ឬ​នៅ ប៉ុន្តែ​ទូរស័ព្ទ​ខ​ល​អត់​ចូល​សោះ ដែល​ជា​ហេតុ​ធ្វើ​ឲ្យ​នាង​មានការ​ព្រួយបារម្ភ​ខ្លាំង​ណាស់ ព្រោះ​ខ្លាច​ប្ដី​មាន​គ្រោះថ្នាក់​កើតឡើង​ជាយថាហេតុ ហើយ​ក៏​បាន​សម្រេចចិត្ត​នាំ​កូនប្រុស​ធ្វើ​ដំណើរ​ចាក​ចេញពី​ស្រុក​កំណើត​មក​តាម​រក​ប្ដី​នៅ​ភ្នំពេញ ។​

ស្ត្រីខាងលើបាន​រៀប​រាប់​បន្ត​ទៀត​ថា លុះ​ពេលនាង​​ទៅ​ដល់​កន្លែង​ដែល​ប្ដី​ធ្លាប់​ស្នាក់​នៅ​និង​ចត​កង់​បី​រាល់ថ្ងៃ ទើប​ធ្វើ​ឲ្យ​នាង​ភ្ញាក់​​ខ្លួន​ ហើយ​ដឹង​ថា​ប្ដី​ឆបោក​យក​លុយ​រត់​តាម​ស្រី​ថ្មី​ ព្រមទាំង​បិទ​ទូរស័ព្ទ​ចោល​លែង​ឲ្យ​នាង​ទាក់ទង​បាន ព្រោះ​អ្នក​ធ្លាប់​ស្គាល់​បាន​ប្រាប់​នាង​ថា មួយ​រយៈពេល​យូរ​ដែរ​ ហើយ​មិន​ដែល​ឃើញ​ប្ដី​នាង​រត់​ម៉ូតូ​កង់​បី​ទេ ហើយ​ក៏​អត់​ដឹង​ថា​នៅ​ទីណា​ដែរ​។

ស្ត្រីខាងលើបាន​រៀប​រាប់​បន្ត​ទៀត​ថា ពេល​នេះ​គ្មាន​ជម្រើស​អ្វី​ផ្សេង​ក្រៅ​តែ​ពីរ​ត់រក​សុំ​ឲ្យ​នគរបាល​ជួយអន្តរាគមន៍​​នោះ​ទេ បន្ទាប់​មក​នាង​បាន​នាំ​កូនប្រុស​ធ្វើ​ដំណើរ​ទៅ​កាន់​ប៉ុស្តិ៍​ចោម​ចៅ​ទី​៣ ដើម្បី​ដាក់​ពាក្យ​ប្ដឹង​សុំ​ឲ្យ​នគរបាល​ជួយ​ស្រាវជ្រាវ​រក​ប្ដី​នាង​ឲ្យ​ចូលខ្លួន​ដើម្បី​ដោះស្រាយ​គ្នា​ ព្រោះ​ពេល​នេះ​នាង​ត្រូវ​ទទួល​បន្ទុក​ចិញ្ចឹម​កូន​ផង​ និង​កំពុង​មាន​ផ្ទៃពោះ​៨​ខែ​ថែម​ទៀត​ហើយ​គ្មាន​ប្រាក់​ដើម្បី​សម្រាលកូន​ទេ ប្រាក់​ដែល​ត្រៀម​ទុក​ពេល​សម្រាលកូន​ ត្រូវ​ប្ដី​បោក​យក​ទៅ​ផ្គាប់ចិត្ត​ស្រី​ថ្មី​អស់​ទៅ​ហើយ​៕​ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ