រាជធានីភ្នំពេញ ៖ «អាជ្ញាធររាជធានីភ្នំពេញគ្រោងធ្វេីការផ្លាស់ប្តូរទីតាំងចាក់សំរាមទៅនៅតាមបណ្ដោយផ្លូវលេខ៥១ ស្ថិតក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាលវិញ ចំណែកទីតាំងចាក់សំរាមនៅក្នុងខណ្ឌដង្កោបច្ចុប្បន្ន និងរក្សាទុកជាទីតាំងសម្រាប់ផ្ទេរសំរាមវិញ» ។ នេះបើតាមការបញ្ជាក់ពីអាជ្ញាធររាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំសាមញ្ញលើកទី១៣របស់ក្រុមប្រឹក្សារាជធានីភ្នំពេញនាព្រឹកថ្ងៃទី១១ មិថុនានេះ នៅសាលារាជធានីភ្នំពេញ។
លោកឃួង ស្រេង បានលើកឡើងថា នៅពេលដែលយើងផ្ទេរទៅកាន់ទីលានចាក់សំរាមថ្មីហើយនោះ ទីតាំងចាក់សំរាមចាស់ក្នុងខណ្ឌដង្កោនឹងទុកជាកន្លែងផ្ទេរសំរាម ។ ក្រៅពីនេះយើងក៏បានជ្រើសរើសយកទីតាំងផ្ទេរសំរាមចំនួនបីផ្សេងទៀតនៅជាយរាជធានីភ្នំពេញ ដែលក្នុងនោះនៅខណ្ឌព្រៃព្នៅមាន២ទីតាំង, ខណ្ឌសែនសុខមាន១ទីតាំង និងនៅខណ្ឌពោធិ៍សែនជ័យមាន១ទីតាំង។
លោកបន្តថា រដ្ឋបាលរាជធានីភ្នំពេញបានដេញថ្លៃក្រុមហ៊ុនដឹកជញ្ជូនសំរាមចំនួនបីរួចហើយ ក្រោយពីក្រុមហ៊ុនទាំងបីបានអនុវត្តការងាររបស់ខ្លួនហើយនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងមានវិធានការក្តៅ ហើយចំពោះអ្នកដែលមិនបានបង់ថ្លៃសំរាម នឹងមានវិធានការចំពោះអ្នកទុកដាក់សំរាមអាណាធិបតេយ្យផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា បញ្ហាជំងឺកូវីដ១៩ អាជ្ញាធររាជធានីភ្នំពេញមានវិធានការគ្រប់ជ្រុងជ្រោយ ដោយបានធ្វើការណែនាំដល់អាជ្ញាធរគ្រប់ខណ្ឌទាំង១៤ ដើម្បីបង្ការនិងទប់ស្កាត់នូវការឆ្លងពីជម្ងឺកូវីដ–១៩នេះ ទៅតាមការណែនាំរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងសុខាភិបាល ដោយបានដាក់ទីតាំងចត្តាទ្បីស័កនៅតាមសាលារៀនមួយចំនួនផងដែរ។
សូមបញ្ជាក់ថា កិច្ចប្រជុំក្រុមប្រឹក្សារាជធានីភ្នំពេញនេះស្ថិតក្នុងអធិបតីភាពលោកប៉ា សុជាតិវង្សប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកឃួងស្រេងអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយមានការចូលរួម និងមន្ត្រីពាក់ព័ន្ធជាច្រេីនរូបទៀត៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ