ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​​លោកអធិការស្រុកសំឡូតដក​បង្គោល​របង​ចេញពីដី​អស់​ តែ​​​​បាន​​បដិសេធ

3 ឆ្នាំ មុន
  • បាត់ដំបង

ខេត្តបាត់ដំបង ​៖ លោក កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ដែល​រង​ការ​ចោទប្រកាន់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិ ស្ថាន​រឿង​រំលោភ​បំពាន​យក​ដី​រដ្ឋ ពេល​នេះ​បាន​ដក​បង្គោលរបង​ចេញពី​ដី​វិវាទ​នោះ​អស់ហើយ តែ​បាន​បដិសេធ​ថា…

ខេត្តបាត់ដំបង ​៖ លោក កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ដែល​រង​ការ​ចោទប្រកាន់​ពី​រដ្ឋមន្ត្រី​ក្រសួងបរិ ស្ថាន​រឿង​រំលោភ​បំពាន​យក​ដី​រដ្ឋ ពេល​នេះ​បាន​ដក​បង្គោលរបង​ចេញពី​ដី​វិវាទ​នោះ​អស់ហើយ តែ​បាន​បដិសេធ​ថា ដី​នោះ​មិនមែន​ជា​ដី​របស់​ខ្លួន​ទេ គឺជា​ដី​របស់​ប្អូនប្រុសដែល​ខ្លួន​គ្រាន់តែ​ជួយ​មើលថែ​ឲ្យ​ប្អូន​តែ​ប៉ុណ្ណោះ ហើយ​ក៏​បាន​បដិសេធ​ផង​ដែរ ចំពោះ​អាវុធ​ដែល​សមត្ថកិច្ច​រក​ឃើញ​នៅ​ទីនោះ​។ នេះ​បើ​តាម​មន្ត្រី​ការិយាល័យ​បុគ្គលិក បាន​ប្រាប់​កោះសន្តិភាព កាលពី​ថ្ងៃ​ទី​១០ មិថុនា ស្រប​ពេល​ដែល​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តអះអាង​ដែរ​ថា នឹង​ត្រៀម​ចេញ​ដីកា​ដកហូត​ដី​នោះ​នា​ពេល​ខាង​មុខ​នេះ​។ គួររំលឹកថា៖ មន្ត្រី​ការិយា​ល័យ​​បុគ្គលិក​ចុះ​ស៊ើប​រឿង​អធិ​ការ​ស្រុក​សំឡូត បែរជា​រក​ឃើញ​កាំភ្លើង​​លាក់​ក្នុង​ខ្ទម

លោក​វ៉េ គឹ​ម​ស៊ី​ម ប្រធាន​ការិយាល័យ​បុគ្គលិកនៃ​ស្នងការ​ខេត្តបាន​ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា លោក​កោ ស៊ុន​កាំ​ង បាន​ចូល​បំភ្លឺ​នៅ​ការិយាល័យ​បុគ្គលិក​រួច​ហើយ ពាក់ព័ន្ធ​នឹង​រឿង​ដីធ្លីជាមួយនឹង​រឿង​អាវុធ​AK.47​មួយ​ដើម ដែល​គេ​រក​ឃើញ​នៅ​ក្នុង​ខ្ទម​លើ​ដី​ទំនាស់ ដែល​គ្រប់គ្រង​ដោយ​បុរស​ម្នាក់​បាន​រត់​ចោល​មុន​ពេល​សមត្ថកិច្ច​ទៅ​ដល់​។

លោក​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចូលខ្លួន​មក​បំភ្លឺ លោក​កោ ស៊ុន​កាំ​ង បាន​ដក​បង្គោលរបង​ចេញ​ពីលើ​ដី​ទំនាស់​នោះ ហើយ​ក៏​បាន​ប្រគល់​ដី​នោះ​ឲ្យ​ទៅ​ខាង​បរិស្ថាន​វិញ​ផង​ដែរ​។ ប៉ុន្តែ​លោក​កោ ស៊ុន​កាំ​ង បាន​បញ្ជាក់​ប្រាប់​មន្ត្រី​បុគ្គលិក​ថា «​ដី​នោះ​មិនមែន​ជា​ដី​របស់​ខ្លួន​ទេ គឺជា​ដី​របស់​ប្អូនប្រុស​ឈ្មោះ កោ ស៊ុន​លី ខ្លួន​គ្រាន់តែ​ជួយ​មើលថែ​ឲ្យ​ប្អូន​តែ​ប៉ុណ្ណោះ តែ​មន្ត្រី​មូល​ដ្ឋា​ន​ថា ជា​ដី​លោក​កោ ស៊ុន​កាំ​ង​»​។ នេះ​បើ​តាម​លោក​វ៉េ គឹ​ម​ស៊ី​ម បាន​ស្រង់​ចម្លើយ​លោក​កោ ស៊ុន​កាំ​ង ។

ដោយឡែក​ ពាក់ព័ន្ធ​នឹង​រឿង​កាំភ្លើង​AK មួយ​ដើម​នោះ​វិញ បើ​តាម​លោក វ៉េ គឹ​ម​ស៊ី​ម បាន​ស្រង់​ចម្លើយ​លោក​កោ ស៊ុន​កាំ​ង មក​បញ្ជាក់​ដែរ​ថា «កាំភ្លើង​នោះ ​ត្រូវ​ពលរដ្ឋ​រើស​បាន​កាលពី​ថ្ងៃ​ទី​៣១ ឧសភា ហើយ​បាន​រាយ​ការ​ណ៍​ប្រាប់​ខ្លួន​ឲ្យ​ទៅ​យក​ដែរ (​កោ ស៊ុន​កាំ​ង​) តែ​នៅ​ថ្ងៃ​ទី​០១ មិថុនា ខ្លួន​ជាប់​ប្រជុំ​មិន​បាន​ទៅ​យក​កាំភ្លើង​នោះ ទើប​នាំ​ឲ្យ​មាន​បញ្ហា​បែប​នេះ​»​។ ប៉ុន្តែ​យាង​ណា លោក​វ៉េ គឹ​ម​ស៊ី​ម បាន​បញ្ជាក់​ដែរ​ថា ពេល​នេះ​កំពុង​ស្ថិត​នៅ​ក្នុង​ការ​ស្រាវជ្រាវ​បន្ត តាម​បទបញ្ជា​លោកស្នងការ​នៅឡើយ​ទេ​។

ជុំវិញ​ការ​លើក​ឡើង​ដែល​ថា លោក​កោ ស៊ុន​កាំ​ង បាន​ប្រគល់​ដី​ឲ្យ​បរិស្ថាន​វិញ បើ​តាម​លោកកត បូរាណ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព ​នៅ​ព្រឹក​ថ្ងៃ​ទី​១១​ មិថុនា​ នេះ​ថា លោក​កោ ស៊ុន​កាំ​ង បាន​ដក​បង្គោលរបង​ចេញពី​ដី​នោះ​អស់​មែន តែ​មិន​ទាន់​បាន​ប្រគល់​ដី​មក​ឲ្យ​មន្ទីរ​របស់​លោក​ជា​ផ្លូវ​ការ​នៅឡើយ​ទេ​។ ហើយ​ពេល​នេះ​ លោក​កំពុង​រៀបចំ​សំណើ​​សុំ​ដីកា​ពី​អាជ្ញាធរ​ខេត្ត ដើម្បី​ដកហូត​យក​ដី​នោះ​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ​ហើយ​។

កាលពី​ថ្ងៃ​ទី​១៣ ឧសភា ២០២០ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ធ្វើ​លិខិត​ជា​ផ្លូវការ​មួយ​ច្បាប់​គោរព​ជួន​លោក​នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិក្នុង​កម្មវត្ថុ​៖ ករណី​ឈ្មោះ​កោ ស៊ុន​កាំ​ង អធិការ​នគរបាល​ស្រុក​សំឡូត បាន​រុករាន​ឆ្ការ​ដី​ព្រៃ​ធ្វើ​របង​ហ៊ុមព័ទ្ធ​ និង​សង់រោង ដើម្បី​ចាប់​យក​ដី​សាធា​រណៈ​របស់​រដ្ឋ ក្នុង​តំបន់ការពារធម្មជាតិ នៃ​ដែនជម្រកសត្វព្រៃ​«​ភ្នំ​សំ​កុស​» ​។ ទីតាំង​ដី​នោះ​នៅ​ចំណុច​ភូមិ​សាស្ត្រ​«​ភ្នំ​អូរ​ជុំ​» ស្ថិត​ក្នុងភូមិ​វាល​រលឹម ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​មាន​ផ្ទៃដី​ទំហំ​១៣,៨០០​ម៉ែត្រក្រឡា​ ។

ក្នុង​លិខិត​នោះ លោក​សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន បាន​ស្នើ​ឲ្យ​អគ្គស្នងការ មាន​វិធានការ​វិន័យ ចំពោះ​បុគ្គល​ឈ្មោះ​កោ ស៊ុន​កាំ​ង តាម​នីតិវិធី​ច្បាប់​ជា​ធរមាន​ទៀត​ផង​។ អគ្គស្នងការ​នគរបាល​ជាតិ ក៏​បាន​ចារ​បញ្ជូន​បន្ត​ឲ្យ​លោក​អ៊ុ​ច សុ​ខុន ស្នងការ​នគរបាល​ខេត្ត ចាត់វិធានការ​ភ្លាម​ៗ​លើ​សំណុំរឿង​លោក​កោ ស៊ុន អធិការ​ស្រុក​សំឡូត ដែល​សំបូរ​ទៅ​ដោយ​រឿងអាស្រូវ​រូប​នេះ​។

នៅ​ថ្ងៃ​ទី​០១ មិថុនា មន្ត្រី​ការិយាល័យ​បុគ្គលិក បាន​ចុះ​ស៊ើបអង្កេត​យ៉ាង​ស្ងាត់ស្ងៀម​បំផុត ដល់ទី​តាំង​ដី​ទំនាស់ ដោយ​អនុញាត​ឲ្យ​តែ​មន្ត្រី​មូលដ្ឋាន​ប៉ុន្មាន​នាក់​ប៉ុណ្ណោះ​ចូលរួម ​។ ក្នុង​កិច្ច​ប្រតិបត្តិការ​ស៊ើបអង្កេត​ស្ងាត់​ៗ​នេះ ពេល​មន្ត្រី​បុគ្គលិក​ចុះ​ទៅ​ដល់ ស្រាប់តែ​គេ​ឃើញ​បុរស​ម្នាក់​បាន​រត់​ចេញពី​ក្នុង​រោង​ចាំ​ដី ដោយ​បន្សល់​ទុក​កាំភ្លើង​វែង​ធុន​AK.47​មួយ​ដើម​នៅ​ទីនោះ​។

លោក​សៅ សា​ម៉ុ​ន ស្នងការ​រង​ខេត្ត ទ​ទូល​ផែន​បុគ្គលិក បាន​ប្រាប់​កោះសន្តិភាព​នៅ​ពេល​នោះ​ថា សមត្ថកិច្ច​ពិតជា​បាន​ប្រទះ​ឃើញ​កាំភ្លើង​ធុន​AK.47​មួយ​ដើម​នៅ​ក្នុង​រោង​ចាំ​ដី​នោះ​មែន បន្ទាប់​ពី​បុរស​មិន​ស្គាល់​អត្តសញ្ញាណ​ម្នាក់​បាន​រត់​ចោល​។ លោកស្នងការ​រង​រូប​នេះ​បាន​បញ្ជាក់​ថា សមត្ថកិច្ច​មិន​ទាន់​ស្គាល់​អត្ត​សញ្ញាណ​ជន​នោះ​នៅឡើយ​ទេ ហើយ​យើង​កំពុងធ្វើការ​ស្រាវជ្រាវ​តាម​បញ្ជា​លោកស្នងការ​។

ប៉ុន្តែ​កោះ សន្តិភាព បាន​ទ​ទូល​ព័​ត៌មាន​នេះ​ តាំងពី​ថ្ងៃ​ដំបូង​ថា បុរស​ម្នាក់​ដែល​រត់​ចោល​កាំភ្លើង​នៅ​ក្នុង​រោង​នោះ គឺ​ឈ្មោះ នុ​ន សុ​ចាន់ អាយុ​៣៥​ឆ្នាំ រស់នៅ​ភូមិ​អួរ​ស្ងួត ឃុំ​តា​សាញ ស្រុក​សំឡូត​។ ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ គេ​មិនដឹង​ថា តើ​សមត្ថកិច្ច​បាន​ស្គាល់​អត្តសញ្ញាណ​ខ្មាន់កាំភ្លើង​នោះ​ហើយ​ឬ​នៅ​នោះ​ទេ ? ហើយ​គេ​ក៏​មិន​ទាន់​ដឹង​ថា តើ​ខ្មាន់កាំភ្លើង​នោះ ពាក់ព័ន្ធ​នឹង​លោក​កោ ស៊ុន​កាំ​ង អធិការ​ស្រុក​សំឡូត ដែរ​ឬ​យ៉ាង​ណា​ដែរ ? ប៉ុន្តែ​បើ​តាម​ការ​ស្រង់​សំដី​ដែល លោក កោ ស៊ុន​កាំ​ង បាន​បំភ្លឺ​នៅ​ការិយាល័យ​បុគ្គលិក អធិ​ការ​រូប​នេះ​បាន​បញ្ជាក់​ថា កាំភ្លើង​នោះ ត្រូវ​ពលរដ្ឋ​រើស​បាន ហើយ​បាន​រាយ​ការ​ណ៍​ប្រាប់​លោក​ដែរ តែ​លោក​មិន​បាន​ទៅ​យក ដោយសារ​ជាប់​ប្រជុំ​។

ជុំវិញ​ការ​ប្រទះ​ឃើញ​កាំភ្លើង​AK មួយ​ដើម​ខាងលើ​នេះ មាន​ប្រភព​ខ្លះ​បាន​និយាយ​ដោយ​គ្មាន​ភស្ដុ​តាង​ថា នៅ​ក្នុង​អធិការ​ស្រុក​សំឡូត បាន​បាត់​កាំភ្លើង​ធុន​AK ប្រភេទ​នេះ​មួយ​ដើម​យូរ​ខែ​ហើយ តែ​គ្មាន​មន្ត្រី​ណា​ហ៊ាន​និយាយ​ទេ​។ លុះ​នៅ​ពេល​ផ្ទុះ​រឿង​នេះ​ឡើង ត្រូវ​គេ​សង្ស័យ​ថា កាំភ្លើង​ដែល​រក​ឃើញ​នៅ​រោង​លើ​ដី​ទំនាស់​នោះ អាច​ជា​កាំភ្លើង​ដែល​បាត់​ពី​ក្នុង​ឃ្លាំង​អធិការ​។ ប៉ុន្តែ​តាម​រយៈនៃ​ការ​ស្រាវជ្រាវ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ លោក​វ៉េ គឹ​ម​ស៊ី​ម នាយការិយាល័យ​បុគ្គលិក បាន​បញ្ជាក់​ដែរ​ថា នៅ​អធិការ​នគរបាល​ស្រុក​សំឡូត មិន​មាន​បាត់​កាំភ្លើង​ទេ មន្ត្រី​ជំនាញ​បាន​ធ្វើការ​ត្រូ​ត​ពិនិត្យ​សព្វគ្រប់​អស់ហើយ​។

យ៉ាងណា​ក៏​ដោយ គេ​នៅ​ចាំ​បាន​ថា អំពើ​ប្លន់​ប្រដាប់​អាវុធ​មួយ​បាន​កើតឡើង កាលពី​វេលា​ម៉ោង​៨​និង​២០​នាទី​យប់​ថ្ងៃ​ទី​១៤ មីនា​ ២០១៩​កន្លង​ទៅ នៅ​ចំណុច ​«​ចំការ​ឥណ្ឌា​» ស្ថិត​ក្នុងភូមិ​ព្រៃធំ ឃុំ​កំពង់​ល្ពៅ ស្រុក​សំឡូត ដែល​ជន​រង​គ្រោះ​ឈ្មោះ សេង វ៉ា​ន់ អាយុ​៣៧​ឆ្នាំ​ ។ អំពើ​ប្លន់​នេះ ប្រព្រឹត្ត​ដោយ​ជនសង្ស័យ​ម្នាក់ បាន​​ប្រើប្រាស​កាំភ្លើង​ធុន​AK.47 បាញ់​ចំនួន​០២​គ្រាប់​ទៅ​លើ​ផ្ទះ​ជន​រង​គ្រោះ តែ​កាលនោះ ​ប្លន់​មិន​បាន​សម្រេច​ទេ ដោយសារ​ជន​រង​គ្រោះ​រត់​រួច ហើយ​ស្រែក​ផ្អើល​ពេញ​ភូមិ​។ សំណុំរឿង​នេះ ហាក់​ស្ងាត់បាត់​ឈឹង​ដូច​ចោរលួច​សេះ​រហូត​មក​ដល់​សព្វ​ថ្ងៃនេះ សមត្ថកិច្ច​ស្រុក​សំឡូត នៅ​តែ​គ្មាន​តម្រុយ​អំពី​មុខសញ្ញា​ជន សង្ស័យ​ម្នាក់​នោះ​នៅឡើយ​។

ដូច្នេះ ​ពាក់ព័ន្ធ​នឹង​កាំភ្លើង​AK ដែល​ចោរ​ប្រើប្រាស់​បាញ់​ប្លន់​ពលរដ្ឋ និងកាំភ្លើង​AK.47 មួយ​ដើម ដែល​លោក កោ ស៊ុន​កាំ​ង អះអាង​ថា ជា​កាំភ្លើង​ដែល​ពលរដ្ឋ​រើស​បាន​នោះ អាច​ជាប់​ពាក់ព័ន្ធ​នឹង​គ្នា​ដែរ​ឬ​យ៉ាង ណា​នោះ​ទេ​។ ប៉ុន្តែ​អ្វី​ដែល​មហាជន​កំពុង​ជ្រួញ​ច​ញ្ចើ​ម​ងឿងឆ្ងល់ ហើយ​ចោទ​ជា​សំនួរ​នោះ ត្រង់​ថា «​ចុះបើ​ពលរដ្ឋ​រើស​បាន​កាំភ្លើង​AK​មួយ​ដើម​នោះ ដូច​ការ​អះអាង​របស់​លោក​កោ ស៊ុន​កាំ​ង មែន ហេតុ​អ្វី​ចាំបាច់​រត់​ចោល​រោង​.. ចោល​ទាំង​កាំភ្លើង​បែប​នេះ ? ម្ដេច​បុរស​នោះ​មិន​នៅ​ទ​ទួល​​ខុស​ត្រូវ ?​»​។

មហាជន​ នៅ​តែ​មាន​មន្ទិល​សង្ស័យ​ថា សំណុំរឿង​កាំភ្លើង​នេះ អាច​មាន​ភាព​មិន​ប្រក្រតី​។ ដូច្នេះ ​ថ្នាក់ដឹកនាំ​គួរតែ​ធ្វើការ​ស៊ើបអង្កេត​លើ​ករណី​នេះ​ឲ្យ​បាន​ហ្មត់ចត់ ចៀសវាង​កុំ​ឲ្យ​មហាជន​រិះគន់​ថា ធ្វើការ​សន្និដ្ឋាន​បែប​​ព្រាវ​ៗ ដើម្បី​ជួយ​បិត​បាំង​កំហុស​មន្ត្រី​ខិលខូច ៕

អត្ថបទសរសេរ ដោយ