ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សត្វព្រៃ​3​ប្រភេទ​ត្រូវ​​​​លែង​​ឱ្យ​មាន​សេរី​ភាព​ចូល​ព្រៃ​ធម្មជាតិ​វិញ​(វីដេអូ)

3 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​សត្វព្រៃ​៣​ប្រភេទ​ត្រូវ​បាន​មន្ត្រី​ជំនាញ​លែង​ឲ្យ​មាន​សេរី​ភាព​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ក្រោយ​ពី​ចាប់​រឹបអូស​ពី​ជនល្មើស ដែល​រួម​មាន​ទោច ឈ្លូស និង​ពង្រូល ។ មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា…

ខេត្តមណ្ឌលគិរី ៖ ក្នុង​រយៈពេល​៣​ថ្ងៃ​សត្វព្រៃ​៣​ប្រភេទ​ត្រូវ​បាន​មន្ត្រី​ជំនាញ​លែង​ឲ្យ​មាន​សេរី​ភាព​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ ក្រោយ​ពី​ចាប់​រឹបអូស​ពី​ជនល្មើស ដែល​រួម​មាន​ទោច ឈ្លូស និង​ពង្រូល ។

មន្ត្រី​មន្ទីរ​បរិស្ថាន​ខេត្ត បាន​ឲ្យ​ដឹង​ថា នៅ​ថ្ងៃ​ទី​៧ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែន​ជម្រក​សត្វព្រៃ​ស្រែ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត សហការ​ជាមួយ​អង្គការ​WWF បាន​លែង​ឈ្លូស​ឈ្មោល​ជំទង់​១​ក្បាល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ បន្ទាប់​ពី​ទទួល​បានការ​ថែទាំ និង​ព្យាបាល​អស់​រយៈពេល​២​ថ្ងៃ​ដោយ​មន្ត្រី​ពេទ្យសត្វ ខណៈ​ឈ្លូស​១​ក្បាល​នេះ​ចុះ​ខ្សោយកម្លាំង​ខ្លាំង និង​ការ​រង​សម្ពាធ​ដែល​បណ្តាល​​ឲ្យ​មាន​កម្រិត​ស្ត្រេ​ស​ខ្ពស់ (myopathy) ។

គួរ​បញ្ជាក់​ថា ឈ្លូស​១​ក្បាល​នេះ ត្រូវ​បាន​ប្រជា​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​តំបន់ការពារធម្មជាតិ​ក្នុងភូមិ​សាស្ត្រ​ឃុំ​ពូ​ជ្រៃ ស្រុក​ពេ​ជ្រា​ដាប្រទះ​ឃើញ​មាន​សភាព​ខ្សោះ​កម្លាំង​គួរ​ឲ្យ​អាណិ​ត ក៏​បាន​ទាក់ទង​ទៅ​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដើម្បី​សង្គ្រោះ និង​ថែទាំ​សុខភាព ។

ផ្អែក​តាម​លទ្ធផល​ពិនិត្យ​និង​វិភាគ​រោគ​វិ​និច្ឆ័​យ​ពី​សំណាក់​មន្ត្រី​ពេទ្យសត្វ​បង្ហាញ​ថា ឈ្លូស​១​ក្បាល​នេះ​ខ្សោះ​ជាតិ​ទឹក​ខ្លាំង និង​មាន​កម្រិត​ស្ត្រេ​ស​ខ្ពស់ តែ​មិន​មាន​រង​របួស​អ្វី​ទេ ។ ដូច្នេះ​អ្នកជំនាញ​បាន​ផ្តល់​អាហារ​និង​ទឹក ព្រមទាំង​ផ្តល់​ការ​ព្យាបាល​ចាំបាច់​នានា ដោយ​ការ​តាមដាន​សុខភាព និង​ថែទាំ​ជាប់​ជា​ប្រចាំ​ក្នុង​រយៈពេល​២​ថ្ងៃ រហូត​ដល់​អ្នកជំនាញ​បញ្ជាក់​ថា ឈ្លូស១​ក្បាល​នេះ​មាន​សុខភាព​ប្រសើរ​ឡើង​វិញ និង​មាន​លទ្ធភាព​អាច​វិល​ត្រឡប់​ទៅ​ក្នុង​ព្រៃ​វិញ​បាន ទើប​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​និង​អ្នកជំនាញ​របស់​អង្គការ WWF យក​វា​ទៅ​លែង​ចូល​ទៅ​ទីជម្រក​របស់​វា​វិញ​។

ដោយឡែក នៅ​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​រដ្ឋបាល​ការពារ​និង​អភិរក្ស​ធម្មជាតិ​នៃ​មន្ទីរ​បរិស្ថាន​ខេត្ត បាន​លែង​ទោច​ថ្ពាល់​លឿង​១​ក្បាល ចូល​ទៅ​ក្នុង​ជម្រក​ព្រៃ​ធម្មជាតិ​វិញ បន្ទាប់​ពី​ទទួល​ការ​សង្គ្រោះ​បឋម និង​ថែទាំ​សុខភាព​អស់​រយៈពេល​២​ថ្ងៃ ។ ករណី​នេះកាលពី​ថ្ងៃ​ទី​៣ ខែមិថុនា ឆ្នាំ​២០២០ មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា បាន​អប់រំ​ណែនាំ​ប្រជាពលរដ្ឋ​កុំ​ឲ្យ​ចិញ្ចឹម​សត្វព្រៃ ហើយ​បាន​ទទួលយក​ទោច​ថ្ពាល់​លឿង​១​ក្បាល​ពី​ប្រជា​ពលរដ្ឋ​រស់នៅ​ភូមិ​ថ្មី ឃុំ​ស្រែ​ព្រះ ស្រុក​កែវ​សីមា ដើម្បី​ថែទាំ​សុខភាព និង​លែង​ចូល​ទៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ​។

ទោច​ថ្ពាល់​លឿង ជា​ថនិកសត្វ​ស្ថិត​ក្នុង​ក្រុម​ប្រភេទ​មាន​ដោយ​កម្រ មានឈ្មោះ​ជា​ភាសា​អង់
គ្លេ​ស Yellow-cheeked Gibbon ត្រូវ​បានកំណត់​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១​នៃ​អនុសញ្ញា CITES ហើយ​ក៏​ត្រូវ​បាន​ចាត់​ចូល​ក្នុង​បញ្ជី​ក្រហម​នៃ អង្គការ​សហភាព​អន្តរជាតិ​អភិរក្ស​ធនធានធម្មជាតិ (IUCN) ព្រោះ​ពួក​វា​ជា​ពពួកសត្វ​កំពុង​រង គ្រោះថ្នាក់ ហើយ​ក៏​កំពុង​ប្រឈម​នឹង​ការ​លួច​ប្រមាញ់​ពី​សំណាក់​មនុស្ស និង​ការ​បាត់បង់ ទីជម្រក ។ ហេតុនេះ សូម​រួម​គ្នា​ថែរក្សា​និង​ការពារ​សម្បត្តិ​ធម្មជាតិ​និង​សត្វព្រៃ ឲ្យ​បាន​ឋិតថេរ​គង់វង្ស​និង​យូរអង្វែង ។

ចំណែក​ពង្រូល​១​ក្បាល ត្រូវ​បាន​មន្ត្រី​ឧ​ទ្យា​នុ​រក្ស​ដែនជម្រកសត្វព្រៃ​កែវ​សីមា សង្គ្រោះ​ពី​ការ​តាម​ប្រមាញ់ ហើយ​យក​មក​ពិនិត្យ​និង​ថែទាំ​សុខភាព​បឋម រួច​លែង​វា​ចូល​ទៅ​រស់នៅ​ក្នុង​ព្រៃ​ធម្មជាតិ​វិញ កាលពី​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ព្រៃស្រោង ក្នុងភូមិ​សាស្ត្រ​ដែន​ជម្រក​សត្វព្រៃ​កែវ​សីមា ។ ជា​សត្វ​រាត្រីចរ ពង្រូល គឺជា​ថនិកសត្វ​ស្ថិត​ក្នុង​ក្រុម​មាន​ដោយកម្រ និង​មានឈ្មោះ​ជា​ភាសា​អង់គ្លេស Sunda Pangolin ត្រូវ​បាន​កំណត់​ក្នុង​ឧ​ប​សម្ព័ន្ធ​ទី​១ នៃ​អនុ​សញ្ញា CITES ហើយ​ក៏​ត្រូវ​បាន​ចាត់ចូល​ក្នុង​បញ្ជី​ក្រហម​នៃ​អង្គការ​សហភាព​អន្តរជាតិ​អភិរក្ស​ធនធានធម្មជាតិ​(IUCN) ថា​ជា​ប្រភេទ​សត្វ​ដែល​ទទួល​ការ​គំរាមកំហែង​និង​ជិត​ផុត​ពូជ ។

មន្ត្រី​បរិស្ថាន បាន​អំពាវនាវ​ឲ្យ​មានការ​ចូល រួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​យាយី​ទីជម្រក ការ​ប្រមាញ់ និង​ការ​ដាក់​អន្ទាក់ ព្រមទាំង​ទប់ស្កាត់​ការ​ធ្វើ​ជំនួញ​សត្វព្រៃ​គ្រប់​ប្រភេទ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ