ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ល្បិច​មែន! ជួប​ត្រឹម​១​ថ្ងៃ​ថា​ស្រឡាញ់​អូន លុះ​បាន​៤ថ្ងៃ​​​ធ្វើ​ស៊ីនាង​ម៉ាស្អាត

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​ភេសជ្ជៈ​តាមម៉ូតូ​រ៉ឺ​ម៉ក​ម្នាក់ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​ម្នាក់ដែល​ទើបតែ​ស្គាល់គ្នា​បាន​៤​ថ្ងៃ ហើយ​ក៏​ត្រូវ​បុរស​នោះ​បោក​យក​លុយ​អស់​៤៥០​ដុល្លារ កើតជា​ការ​ឈ្លោះប្រកែក​គ្នា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ…

រាជធានី​ភ្នំពេញ ៖ ស្ត្រី​អ្នកលក់​ភេសជ្ជៈ​តាមម៉ូតូ​រ៉ឺ​ម៉ក​ម្នាក់ បាន​ធ្លាក់​ក្នុង​អន្លង់​ស្នេហ៍​បុរស​ម្នាក់
ដែល​ទើបតែ​ស្គាល់គ្នា​បាន​៤​ថ្ងៃ ហើយ​ក៏​ត្រូវ​បុរស​នោះ​បោក​យក​លុយ​អស់​៤៥០​ដុល្លារ កើតជា​ការ​ឈ្លោះប្រកែក​គ្នា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​បន្ទប់​ជួល​គ្មាន​លេខ ចំណុច​កែង​រវាងផ្លូវ​រថភ្លើង​និង​ផ្លូវ​ហាណូយ ក្នុង​សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ ។

ស្ត្រី​រង​គ្រោះ​ខាងលើ​អាយុ​៤០​ឆ្នាំ ស្នាក់​នៅ​បន្ទប់​ជួល​ខាងលើ និង​មានស្រុក​កំណើត​នៅស្រុក​ពាម​ជរ ខេត្តព្រៃវែង ចំណែកឯ​ប្រុស​ស្នេហ៍​ឆបោក​រូប​នេះ​ឈ្មោះ ប៉ា​ង​សុ​ភ័​ណ អាយុ​៤០​ឆ្នាំ​ដូច​គ្នា មុខរបរ​និង​កន្លែង​ស្នាក់​នៅ​មិន​ពិតប្រាកដ សង្ស័យ​ជា​ជនពាល​មានស្រុក​កំណើត​នៅ​ភូមិ​ឈើ​ទាល ឃុំ​ឈើទាល ស្រុក​កៀនស្វាយ ខេត្តកណ្ដាល ។

តាម​ស្ត្រី​ខាងលើ​រៀបរាប់​ប្រាប់​ថា រូប​គាត់​ជា​ស្ត្រី​មេម៉ាយ​មានកូន​៣​នាក់ និង​បាន​មក​ស្នាក់​នៅ​បន្ទប់​​ជួល​តែ​ម្នាក់ឯង​ជាង​២​ឆ្នាំ​មក​ហើយ ​ដើម្បី​លក់​ភេសជ្ជៈ​តាម​ម៉ូតូ​រ៉ឺ​ម៉ក យក​លុយ​ទៅ​ចិញ្ចឹម​កូន​ទាំង​៣​នាក់ ដែល​ទុក​ឲ្យ​ម្តាយ​មើលថែ​នៅ​ឯ​ស្រុក​កំណើត ។ ជា​រៀងរាល់ថ្ងៃ គាត់​តែងតែ​បើក​ម៉ូតូ​រ៉ឺ​ម៉ក​ទៅ​លក់​ភេសជ្ជៈ​នៅ​ក្បែរ​ផ្សារ​ទំនើ​ប​ឡាក់​គី តាម​ផ្លូវ​លេខ​១៩៨៦ ក្នុង​សង្កាត់​ភ្នំពេញ​ថ្មី ខណ្ឌ​សែន​សុខ ។

ស្ត្រី​រូប​នេះ​រៀបរាប់​ទៀត​ថា កាលពី​ថ្ងៃ​ទី​៥ ខែមិថុនា​កន្លង​ទៅ ពេល​គាត់​កំពុង​អង្គុយ​លក់​ក៏​មាន​បុរស​ម្នាក់​ជិះ​ម៉ូតូ​កង់​បី​មក​ឈប់​ចុះ​ទិញ​ទឹកក្រូច​គាត់​មួយ​កំប៉ុង ។ ដោយ​ឃើញ​ទឹកមុខ​បុរស​នេះ​មិនសូវ​ល្អ គាត់​ក៏​និយាយ​លេង​សួរនាំ​ថា ​«​បង​ឯង​មានរឿង​អី​បានជា​មុខជូរ​ខ្លាំង​ម្ល៉េះ?» ។ បុរស​នេះ ក៏​បាន​និយាយ​ប្រាប់​ពី​រឿងរ៉ាវ​របស់​ខ្លួន និង​ប្រាប់​ថា គាត់​គ្មាន​កន្លែង​ត្រូវ​ទៅ​ទេ ថែម​ទាំង​សួរ​គាត់​ថា មាន​ស្គាល់​ព្រះសង្ឃ​នៅ​វត្ត​ណា​ជួយ​នាំ​គាត់​ទៅ​ស្រោច​ទឹក​ផង ។

ដោយ​មានចិត្ត​អាណិត គាត់​ក៏​នាំ​បុរស​នេះ​ទៅ​បន្ទប់​ជួល​របស់​គាត់​ដើម្បី​ដោះ​ម៉ូតូ​ចេញពី​រ៉ឺ​ម៉ក
រួច​ដឹក​គាត់​ទៅ​ស្រោច​ទឹក​នៅ​វត្ត​ច្បារ​អំពៅ ។ ពេល​មក​ដល់​បន្ទប់​ជួល បុរស​នេះ​បាន​ជួយ​ដោះ​ម៉ូតូ​ចេញពី​រ៉ឺ​ម៉ក និង​និយាយ​ជាមួយ​គាត់​ថា​«​បង​មានចិត្ត​ស្រឡាញ់​អូន​ឯង អ៊ី​ចឹ​ង​អូន​ឯង​ហៅ​បង​ថា​ប្តី​ៗ​ទៅ​» ។

ខណៈ​គាត់​កំពុង​រៀបចំ​ខ្លួន ស្រាប់តែ​បុរស​នេះ​យក​ម៉ូតូ​របស់​គាត់​ដែល​ប្រើ​សម្រាប់​សណ្តោង​រទេះ​លក់​ភេសជ្ជៈ ម៉ាក​ហុងដា​ឌ្រី​ម ស៊េរី​ឆ្នាំ២០១៣ ពណ៌​ខ្មៅ ពាក់​ផ្លា​ក​លេខ ភ្នំពេញ​១AY-៦១៩៣ ជិះ​ចេញ​ទៅ​បាត់​ដោយ​ប្រាប់​ថា បង​ទៅ​ក្រៅ​មួយ​ភ្លែត ។ លុះ​ពេល​ត្រឡប់​មក​វិញ​ក៏​ប្រាប់​ថា គេ​បាន​​បញ្ចាំ​ម៉ូតូ​ហើយ​ក្នុង​តម្លៃ​១៥០​ដុល្លារ និង​សូមកុំ​ឲ្យ​ខឹង​រូបគេ ហើយ​ពេល​នោះ​គាត់​ក៏​មិន​បាន​ខឹង​អ្វី​ទេ រួច​ក៏​នាំ​គ្នា​សម្រាក​នៅ​ក្នុង​បន្ទប់​ជួល​នោះ​ទៅ ។ នេះ​គេ​ហៅ​ថា ស្នេហ៍​ឆក់កណ្តៀត​…​ឃើញ​​ភ្លាម​ស្រឡាញ់​ភ្លែត រួមរស់​យ៉ាង​តក់ក្រហល់ ។

ប្រភព​ដដែល​បន្ត​ថា លុះ​ស្អែក​ឡើង​បុរស​នេះ​ក៏​បាន​និយាយ​លួងលោម​រូប​គាត់​សុំ​ខ្ចី​លុយ​ចំនួន​២៥០​ដុល្លារ ដើម្បី​យក​ទៅ​លោះ​ម៉ូតូ​របស់​ខ្លួន​មួយ​គ្រឿង និង​ម៉ូតូ​របស់​ស្ត្រី​នេះ​ផង​ដែរ ។ ពេល​នោះ​គាត់​បាន​ព្រម​ឲ្យ​ខ្ចី ដើម្បី​បាន​ម៉ូតូ​ជិះ​ទៅ​លក់បន្ត​ទៀត ។

លុះដល់​ថ្ងៃ​ទី​៨ ខែមិថុនា ក្រោយ​ពេល​លោះ​បាន​មក​ហើយ​បុរស​នេះ​បាន​យក​ម៉ូតូ​គាត់​យក​ទៅ​បញ្ចាំ​ម្តងទៀត​ក្នុង​តម្លៃ​២០០​ដុល្លារ គាត់​ក៏​ទូរស័ព្ទ​ទៅ​ម្តាយ​នៅ​ឯ​ស្រុក​ឲ្យ​ផ្ញើ​លុយ​ចំនួន​២០០​ដុល្លារ​មក​លោះ​យក​ម៉ូតូ​មក​វិញ ។ នៅ​ព្រឹក​ថ្ងៃ​ទី​៩ ខែមិថុនា ម្តាយ​គាត់បាន​ផ្ញើ​លុយ​មក​ឲ្យ ហើយ​គាត់​បាន​សុំ​ឲ្យ​បុរស​ជា​ប្តី​នេះ​ទៅ​លោះ​យក​ម៉ូតូ​ត្រឡប់​មក​វិញ​ដោយ​គាត់​ទៅ​ជាមួយ ប៉ុន្តែ​បុរស​គូស្នេហ៍​នេះ​មិន​ព្រម​ឲ្យ​គាត់​ទៅ​ជាមួយ​ទេ គឺ​បាន​លុយ​ហើយ​ក៏​ទៅ​តែ​ម្នាក់ឯង​ប៉ុណ្ណោះ ។

រហូត​មក​ដល់​យប់​ថ្ងៃ​ទី​៩ ខែមិថុនា ដោយ​អស់​ទំនុកចិត្ត​តទៅ​ទៀត គាត់​ក៏​បាន​ប្ដឹង​ទៅ​ម្ចាស់ផ្ទះ ហើយ​ខណៈ​ប្តី​រូប​​នេះ​មក​ដល់​បន្ទប់​ជួល​វិញ គាត់​មិន​ព្រម​ឲ្យ​ចូល​បន្ទប់​ក៏​កើតជា​ការ​ឈ្លោះប្រកែក​គ្នា ។ ពេល​នោះ​ម្ចាស់ផ្ទះ​មក​សួរនាំ​ ស្រាប់តែ​ជន​នេះ​ស្ទុះ​ចូល​ទៅ​ទាញ​យក​កាំបិត​ពីក្នុង​បន្ទប់​ជួល​បម្រុង​កាប់​ម្ចាស់ផ្ទះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​អ្នក​ជិតខាង​មក​ជួយ​ចាប់​ប្រគល់​ឲ្យ​សមត្ថកិច្ច​តែ​ម្តង ។ បុរស​រូប​នេះ ត្រូវ​បាន​គេ​​សង្ស័យថា អាច​​​បុរស​អនាថា​ ឬជា​ជន​អន្ធពាល ​ព្រោះ​តែ​​គ្មាន​អ្នក​ណា​​ស្គាល់​ប្រវត្តិ​ទេ ។

ក្រោយ​កើតហេតុ បុរស​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​សាកសួរ​នៅ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ទឹកថ្លា និង​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ​ទៀត ៕ (​កែ​សម្រួល​​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ