ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្រ៊ា​ង សុ​រ៉ា​ឃី​ម កំពុង​ក្លាយជា​ធនធាន​ខ្លាំង​ ជំនួស​រៀមច្បង ​កែ ឡេ​ង​ ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​អ្នកស្រី កែ ឡេ​ង ប្រកាស​លាឈប់​ពី​វិស័យ​ប៉េតង់​មហាជន​មានការ​ចាប់អារម្មណ៍​ថា នៅ​ក្នុង​វិស័យ​មួយ​នេះ អាច​នឹង​ពិបាក​ស្វែងរក​ធនធាន​មក​ជំនួស ខណៈ​ដែល​ធនធាន​ក្នុង​វិស័យ​នេះ រមែង​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​ស្ទើរ​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់…

រាជធានី​ភ្នំពេញ ៖ ក្រោយ​ពី​អ្នកស្រី កែ ឡេ​ង ប្រកាស​លាឈប់​ពី​វិស័យ​ប៉េតង់​មហាជន​មានការ​ចាប់អារម្មណ៍​ថា នៅ​ក្នុង​វិស័យ​មួយ​នេះ អាច​នឹង​ពិបាក​ស្វែងរក​ធនធាន​មក​ជំនួស ខណៈ​ដែល​ធនធាន​ក្នុង​វិស័យ​នេះ រមែង​ដណ្ដើម​បាន​មេដាយ​ជូន​ជាតិ​ស្ទើរ​គ្រប់​កម្មវិធី​ប្រកួត​ទាំងអស់ ។ នៅ​ក្នុង​ពេល​នេះ អ្នកជំនាញ​មើលឃើញ​ថា កីឡាការិនី​វ័យក្មេង​មួយ​រូប គឺ​កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម អាច​នឹង​ក្លាយជា​ជម្រើស​មួយ​នៅ​ក្នុង​វិស័យ​នេះ ស្រប​ពេល​ដែល​នាង​ក៏​មាន​ស្នាដៃ​រាប់​មិន​អស់​ផង ។

ក្រោយ​ចូល​ប្រឡូក​ក្នុង​វិស័យ​កីឡា​ប៉េតង់​ប្រមាណ​ជាង​៦​ឆ្នាំ កីឡាការិនី ស្រ៊ា​ង សុ​រ៉ា​ឃី​ម ដែល​មាន​វ័យ​ទើបតែ​២១​ឆ្នាំ ទទួល​បាន​ផ្លែផ្កា​មិន​អន់​ប៉ុន្មាន​ទេ នៅ​ក្នុង​វិស័យ​កីឡា​ប៉េតង់​។ នាង​បាន​សាង​ស្នាដៃ​ជា​ច្រើន​ទាំង​ក្នុង​ការ​ប្រកួត​លើ​ឆាក​ថ្នាក់​ជាតិ និង​អន្តរជាតិ ខណៈ​ដែល​នាង​ក៏​កំពុង​ត្រូវ​បាន​គេ​មើលឃើញ​ថា អាច​ជំនួស​ការ​បាត់​វត្តមាន​របស់​អ្នកស្រី​កែ ឡេ​ង បាន បើ​មានការ​ជំរុញ និង បណ្ដុះបណ្ដាល​ដោយ​ម៉ត់ចត់​បន្តិច ។

នាង​ធ្លាប់​ដណ្តើម​បាន​មេដាយ​ប្រាក់ និង​សំរឹទ្ធ​ពិភពលោក​នៅ​ប្រទេស​បែ​ល​ហ្ស៊ិ​ក កាលពី​ឆ្នាំ​២០១៧, ធ្លាប់​ដណ្ដើម​បាន​មេដាយមាស Asian Beach Games កាលពី​ឆ្នាំ​២០១៦ នៅ​ប្រទេស​វៀតណាម និង​ធ្លាប់​ដណ្ដើម​បាន​មេដាយមាស​កីឡា​ស៊ី​ហ្គេ​ម​នៅ​ប្រទេសហ្វី​លី​ពី​ន​​កាលពី​ឆ្នាំ​២០១៩ ។ ក្នុង​នោះ​ក៏​មាន​ប្រវត្តិ​ដណ្តើម​បាន​ស្នាដៃ​រាប់​មិន​អស់​ផ្សេង​ទៀត​ផង​ដែរ ។

តាម​រយៈ​សមិទ្ធផល​ទាំងនេះ មិន​ត្រឹមតែ​ជួយ​ឲ្យ​កីឡាការិនី​មក​ពី​ស្រុក​អង្គរ​បូ​រី​ខេត្តតាកែវ​រូប​នេះ មានឈ្មោះ​បោះ​សំឡេង​លើ​ឆាក​ជាតិ​និង​អន្តរជាតិ​ប៉ុណ្ណោះ​ទេ ថែម​ទាំង​ជួយ​ឲ្យ​រូបគេ​ទទួល​អាហា​រូបករណ៍​សិក្សា​ថ្នាក់​សាកលវិទ្យាល័យ​១០០​ភាគរយ និង​បាន​ក្រប​ខណ្ឌ​ការងារ​នៅ​ក្រសួងការ​ពារជាតិ​ទៀត​ផង​។ បច្ចុប្បន្ន សុ​រ៉ា​ឃី​ម មាន​ឋានន្តរសក្តិ​ជា​អនុនាវីត្រី​(​ស័ក្តិ​១)​។

នាង​ជា​កូនច្បង​នៅ​ក្នុង​គ្រួសារ​ដែល​មាន​បងប្អូន​ពីរ​នាក់ ហើយ​កន្លង​មក​នាង​មិន​ធ្លាប់​ស្រមៃ​ថា ខ្លួន​អាច​មាន​សមត្ថភាព និង​សាង​ភាព​ល្បីល្បាញ​ដូច​រៀមច្បង​វីរ​កីឡាការិនី កែ ឡេ​ងម្ចាស់​មេ​ដាយ​មាស​ពិភពលោក​៤​ជំនាន់ និង​កីឡាការិនី អ៊ុ​ក ស្រី​មុំ ម្ចាស់​មេដាយមាស​ពិភពលោក​នៅ​បែ​ល​ហ្ស៊ិ​ក​កាលពី​ឆ្នាំ​២០១៧ បែប​នេះ​ឡើយ ។ សំខាន់​នាង​មាន​សមត្ថភាព និង​មាន​កម្លាំង​ល្អ ទាំង​វ័យក្មេង ដែល​អាច​បណ្ដុះ​ឱ្យ​ក្លាយជា​ធនធាន​ល្អ​សម្រាប់​ជាតិ​មួយ​បាន​។

កីឡាការិនី​រូប​នេះ រមែង​បង្ហាញ​ពី​ការ​តាំង​ចិត្ត​ខ្ពស់​ក្នុង​ការ​អភិវឌ្ឍ​សមត្ថភាព និង​សាង​ស្នា​ដៃ​ជូន​ជាតិ​បន្ត​នៅ​ឆាក​អន្តរជាតិ ដែល​សូ​ម្បី​តែ​មន្ត្រី​សហព័ន្ធ​ក៏​សម្លឹង​មើលឃើញ​ថា នាង​អាច​នឹង​ស្នង​តំណែង​អ្នកស្រី កែ ឡេ​ង បាន ។ នាង​បាន​ផ្ដល់​កិច្ច​សម្ភាសន៍​ដដែល​ជា​ដដែល​ថា នាង​មិន​ទាន់​ដឹង​ថា​នឹង​អាច​ជំនួស​តំណែង​របស់​រៀមច្បង អ្នកស្រី កែ ឡេ​ង និង អ៊ុ​ក ស្រី​មុំ បាន​នោះ​ទេ ប៉ុន្តែ​នាង​នឹង​តាំងចិត្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព ពោល​គឺ​ឲ្យ​បាន​ខ្លាំង​ដើម្បី​យក​ស្នាដៃ ។

នាង​ថា ទោះ​មិន​បាន​១០០​ភាគរយ​ដូច​រៀមច្បង​ទាំង​២ តែ​ក៏​ត្រូវ​តែ​ប្រឹង​ឱ្យ​បាន​១​ភាគរយ​ដូច​អ្នក​ទាំង​ពីរ​នោះ​ដែរ ។ នាង​បន្ត​ថា ទោះបី​មិន​ទាន់​ដឹង​ច្បាស់​សម្រាប់​វត្តមាន​ក្នុង​ការ​ប្រកួតកីឡា​ស៊ី​ហ្គេ​ម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ខាង​មុខ តែ​នាង​ប្តេជ្ញា​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរ ដើម្បី​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ពី​ព្រឹត្តិ​ការណ៍​មួយ​នេះ ប្រសិនបើ​មាន​ការ​ផ្ដល់​ឱកាស ។ នាង​បាន​ទាំង​ចាត់​ទុក​ថា កីឡា​ប៉េតង់​ជា​ប្រភេទ​កីឡា​សក្តានុពល​មួយ​ក្នុង​ចំណោម​កីឡា​១៧​ប្រភេទ​ដែល​រំពឹង​ដណ្តើម​បាន​មេដាយ​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ នៅ​ពេល​ដែល​នាង​ត្រូវ​បាន​គេ​ចាត់​ឱ្យ​ក្លាយជា​សមាសភាព​ប្រកួត​នោះ​ផង ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ