ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រោយ​ការ​រិះគន់​បទ​ «​កណ្តៀវ​អូន​ស្រួយ​» ក្រសួង​វប្បធម៌​ចាត់វិធានការ​ភ្លាម​ៗ​​លើ​អ្នកនិពន្ធ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ បទ​ចម្រៀង​មួយ​បទ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​រយៈ Chanel youtube មាន​ចំណងជើង​ថា «​កណ្តៀវ​អូន​ស្រួយ​» ដែល​បកស្រាយ​ដោយ​កញ្ញា បរ​មី…

រាជធានី​ភ្នំពេញ ៖ ប៉ុន្មាន​ថ្ងៃ​មកនេះ បទ​ចម្រៀង​មួយ​បទ​ដែល​ត្រូវ​បាន​គេ​ផ្សព្វផ្សាយ​តាម​រយៈ Chanel youtube មាន​ចំណងជើង​ថា «​កណ្តៀវ​អូន​ស្រួយ​» ដែល​បកស្រាយ​ដោយ​កញ្ញា បរ​មី នោះ បាន​ទទួល​ការ​រិះគន់​ដូច​ទឹកបាក់​ទំនប់ ក្នុង​ពេល​ដែល​បទ​ចម្រៀង​នេះ​បាន​បង្កប់​នូវ​អត្ថន័យ​អាសអាភាស​យ៉ាង​ខ្លាំង​នោះ​។

យ៉ាងណា បន្ទាប់​ពី​ផ្ទុះ​ការ​រិះគន់​យ៉ាង​កងរំពង​នេះ​រួច​មក អ្នកនិពន្ធ​បទ​ចម្រៀង​មួយ​បទ​នេះ ត្រូវ​បាន​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​កោះហៅ​យក​ទៅ​អប់រំ​ណែនាំ និង​បាន​ធ្វើ​កិច្ចសន្យា​បញ្ចប់​សកម្មភាព​មួយ​នេះ និង​ត្រូវ​លុប​បទ​ចម្រៀង​ខាងលើ​នេះ​ចេញ​ជា​បន្ទាន់​ផង​ដែរ​។

ប្រធាន​នាយកដ្ឋាន​ភាពយន្ត និង​ផ្សព្វផ្សាយ​វប្បធម៌​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​លោក ប៉ុក បូ​រក្ស បាន​អះអាង​ប្រាប់​កោះសន្តិភាព​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០​នេះ​ថា បន្ទាប់​ពី​មានការ​រិះគន់​ពី​មហាជន​ទៅ​លើ​បទ​ចម្រៀង​ខាងលើ​នេះ​រួច​មក ក្រសួង​ក៏​បាន​ចាត់វិធានការ​ភ្លាម​ៗ​ផង​ដែរ ទៅ​លើ​អ្នកនិពន្ធ​បទ​ចម្រៀង​មួយ​នេះ​។

លោក​បញ្ជាក់​ថា ការងារ​នេះ យើង​បាន​រក​ឃើញ​អត្តសញ្ញាណ​អ្នកនិពន្ធ​ហើយ ហើយ​អ្នកនិពន្ធ​ក៏​បាន​លុប​ចម្រៀង​ពី channel YouTube រួច​ហើយ​ដែរ ខណៈ​ពេល​ព្រឹក​នេះ យើង​កំពុង​ជួប​អ្នកនិពន្ធ​រូប​នេះ ដើម្បី​អប់រំ​ណែនាំ និង​ធ្វើ​កិច្ចសន្យា​ជា​ផ្លូវការ​។

ចំណែក​ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​សមាគម​សិល្បៈករ​ខ្មែរ​លោក ហេង ឡុ​ង ក៏​បាន​បង្ហោះ​សារ​ពាក់ព័ន្ធ​បញ្ហា​ខាងលើ​នេះ​ផង​ដែរ​ថា បទ «​កណ្ដៀវ​អូន​ស្រួយ​» ទាល់តែ​ចំណងជើង​បែប​នេះ ទើប​អាច​ធ្វើ​ឱ្យ​បទ​ចម្រៀង​ល្បី​មែន​ទេ? អរគុណ​ដល់​ក្រុមប្រឹក្សា​ពិន័យ និង​លើក​សរសើរ​របស់​ក្រសួង​វប្បធម៌ ដែល​កំពុង​តែ​មាន​ចំណាត់ការ​ដើម្បី​ស្នើ​សុំ​ឲ្យ​លុប​បទ​នេះ​ចេញពី​បណ្ដាញ youtube​។

ទោះជា​យ៉ាងណា គេ​សង្កេត​ឃើញ​ថា ផលិតកម្ម Domrey TV មួយ​នេះ មិនមែន​ជា​លើក​ទី​១ នោះ​ឡើយ ដោយ​ចេញ​បទ​ចម្រៀង​អ​ក្រុម​សីលធម៌​បែប​នេះ ពោល​គឺ​កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ ផលិតកម្ម​ខាងលើ ក៏​បាន​ចេញ​បទ​ចម្រៀង​មួយ​បទ ដែល​មាន​ចំណងជើង​ថា «​ស្រណោះ​អង្រែ​» ក៏​មាន​ន័យ​បង្កប់​ទៅ​ដោយ​ពាក្យ​ពេ​ជន៍​អាសអាភាស​ជា​ច្រើន​ដូច​គ្នា និង​បទ «​កណ្ដៀវ​អូន​ស្រួយ​» នេះ​ផង​ដែរ​។

ជា​ការ​កត់សម្គាល់ ករណី​ខាងលើ​នេះ មិនមែន​ជា​ករណី​ទី​១​ទេ ដែល​បាន​កើតឡើង ដោយ​កន្លង​មក ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ដែល​មាន​អត្ថន័យ​ស្រ​ដៀង​គ្នា​នេះ ក៏​ត្រូវ​បាន​ក្រសួង​វប្បធម៌​កោះហៅ​អ្នកនិពន្ធ​មក​ដុះក្អែល និង​ធ្វើ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​សកម្មភាព​នេះ​ដូច​គ្នា​។

លោក ប៉ុក បូ​រក្ស ធ្លាប់​បាន​លើក​ឡើង​ថា កន្លង​មក ក៏​មាន​បទ​ចម្រៀង​មួយ​ចំនួន​ទៀត​ក៏​បាន​ផលិត​ឡើង ដោយ​រូបភាព និង​ខ្លឹមសារ គ្រោតគ្រាត ប្រាសចាក​ប្រពៃណី​ទំនៀមទម្លាប់ ជា​ពិសេស​តម្លៃ និង​សេចក្តី​ថ្លៃថ្នូរ​របស់​វប្បធម៌​ជាតិ​ផង​ដែរ និង​ថា បទ​ចម្រៀង​នេះ ក៏​ផលិត​ឡើង​ដោយ​មានការ​ការ​អនុញ្ញាត​ពី​នាយកដ្ឋាន​ដែល​ជា​សមត្ថកិច្ច​ជំនាញ​ទៀត​។

លោក​ថា ជា​ទូទៅ​នាយកដ្ឋាន​តែងតែ​ស្រាវជ្រាវ​រក​អ្នក​ផលិត​បទ​ចម្រៀង​ទាំងនោះ ដើម្បី​មក​ទទួលខុសត្រូវ​ចំពោះ​ទ​ង្វើ​របស់​ខ្លួន ហើយ​ក្នុង​ករណី បើ​សាមីជន​ពុំ​ចេញ​មក​ទទួលខុសត្រូវ​នោះ​ទេ នាយកដ្ឋាន​នឹង​មាន​វិធាន​ការណ៍​តាម​ផ្លូវច្បាប់​។

បើ​តាម​លោក ប៉ុក បូ​រក្ស ជា​ទូទៅ​នាយកដ្ឋាន​យើង​នៅ​តែ​រក្សា​គោលការណ៍​ទន់ភ្លន់ គឺ​អប់រំ​ណែនាំ ព្រោះ​ពេល​ខ្លះ ពួក​គាត់​ក៏​មាន​ស្នាដៃ​ជួយ​ធ្វើ​ស្នាដៃ​ដែល​មានការ​អប់រំ​ល្អ​ដែរ មិនមែន​បែប​ហ្នឹង​តែ​រហូត​នោះ​ទេ ហើយ​ជា​គោលការណ៍ គឺ​យើង​ហៅ​គាត់​មក​ជួប ដើម្បី​អប់រំ​ណែនាំ និង​ឲ្យ​បញ្ឈប់​ការ​ធ្វើ​ស្នាដៃ​ដែល​ប៉ះពាល់​ជាតិ​សាសន៍​ខ្លួនឯង​ដូច្នេះ​ទៀត​ប៉ុណ្ណោះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ