ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើសត្វត្មាតនៅកម្ពុជា​ មាន​ប៉ុន្មានប្រភេទ​ហើយ​មាន​​ចំនួន​ប៉ុន្មាន​ដែរ​?

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១០ ​មិថុនា​ បាន​ចូលរួម​បើក​ការជំរឿន​​សត្វ​ត្មាត​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​ដង​ផ្លិត​-​អាហារ​ដ្ឋា​ន​ត្មាត ក្នុងភូមិ​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ឆែប…

​រាជធានីភ្នំពេញ ៖ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន នៅ​ថ្ងៃ​ទី​១០ ​មិថុនា​ បាន​ចូលរួម​បើក​ការជំរឿន​​សត្វ​ត្មាត​ប្រចាំឆ្នាំ​នៅ​កម្ពុជា​ ដែល​ធ្វើ​ឡើង​នៅ​ក្នុង​សហគមន៍​ដង​ផ្លិត​-​អាហារ​ដ្ឋា​ន​ត្មាត ក្នុងភូមិ​សាស្ត្រ​នៃ​ដែនជម្រកសត្វព្រៃ​ឆែប ក្នុងស្រុក​ឆែប ខេត្តព្រះវិហារ​ ដោយ​មានការ​ចូលរួម​ពី​អាជ្ញាធរ​ខេត្ត មន្ត្រី​គម្រោង​ព្រៃ​ឡង់​បៃតង និង​មន្ត្រី​ជំនាញ​ក្រសួងបរិស្ថាន ​។

ការ​ជំរឿន​របាយណ៍​​សត្វ​ត្មាត​នេះ ​សហការ​រៀបចំ​ឡើង​ដោយ​អង្គការ​សមាគម​អភិរក្ស​សត្វព្រៃ​ប្រចាំ​កម្ពុជា (WCS) និង​ក្រសួងបរិស្ថាន​ត្រូវ​បាន​ធ្វើ​នៅ​ក្នុង​តំបន់​ចំនួន៥កន្លែង​ដែល​មាន​វត្តមាន​សត្វ​ត្មាត​រស់នៅ​។ លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បាន​មាន​ប្រសាសន៍​ថា ការ​ជំរឿន​សត្វ​ត្មាត​បាន​ធ្វើ​ឡើង នៅ​ចំនួន៥ ទីតាំង​ផ្សេង​គ្នា​រួម​មាន នៅ​សៀម​ប៉ា​ង ក្នុង​ដែនជម្រកសត្វព្រៃ​សៀម​ប៉ា​ង​ក្នុង​ខេត្ត​ស្ទឹងត្រែង នៅ​អាហារ​ដ្ឋា​ន​ត្មាត​ចំណុច​វាល​បឹង​ទាល់ ស្ថិត​នៅ​សហគមន៍​ព្រៃ​អណ្តូង​ដង​ផ្លិត ក្នុង​ដែន​ជម្រក​សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ នៅ​ដែនជម្រកសត្វព្រៃ​ស្រែ​ពក ខេត្តមណ្ឌលគិរី នៅ​ស្រែ​អង្ក្រង​ក្នុង​តំបន់​សេ​សាន​នៅ​ស្ទឹង​ត្រែង និង​ដែនជម្រកសត្វព្រៃ​លំ​ផាត់​នៅ​ក្នុងភូមិ​សាស្ត្រ​ខេត្តរតនគិរី​ ។

តាម​ការ​ឱ្យ​ដឹង​របស់លោក នេត្រ ភក្ត្រា ដែល​បាន​ចូលរួម​សង្កេត​ដោយ​ផ្ទាល់​នៅ​នៅ​អាហារ​ដ្ឋា​ន​ត្មាត​ចំណុច​វាល​បឹង​ទាល់ ស្ថិត​នៅ​សហគមន៍​ព្រៃ​អណ្តូង​ដង​ផ្លិត ក្នុង​ដែនជម្រកសត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃ​ទី​១០ ​មិថុនា បាន​ថ្លែង​ថា​សត្វ​ត្មាត​ចំនួន៣៤ក្បាល​បាន​ចុះ​មក​ស៊ី​សត្វ​គោ​ងាប់​ដែល​ជា​ចំណី​រៀបចំ​បន្ថែម​ដោយ​អង្គការ WCS ក្រោម​ការ​ឧបត្ថម្ភ​គាំទ្រ​របស់​គម្រោង​ព្រៃ​ឡង់​បៃតង ក្នុង​នោះ​សត្វ​ត្មាតផេះ​ចំនួន ៩ ក្បាល ត្មាតភ្លើង​ចំនួន ៣ ក្បាល​និង​ត្មាត​ត្មោ​ត​ចំនួន ២២​ក្បាល​។

ចំនួន​នេះ​មិន​ទាន់​រាប់​បញ្ចូល​ពី​លទ្ធផល​ជ​ម្រើ​ន​នៅ​តំបន់​ផ្សេង​ទៀត​នៅឡើយ​ទេ​។ ការ​ជំរឿនកាល​ខែធ្នូ​ឆ្នាំ ២០១៩ កន្លង​ទៅ នៅ​ទីតាំង​ដដែល​នេះ មាន​សត្វ​ត្មាត​ចំនួន៤៤ក្បាល​។ ឯកឧត្តម​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថានបាន​ថ្លែង​ថា ការ​ធ្វើ​ជម្រឿន​រាប់​ចំនួន​សត្វ​ត្មាត​ពេល​នេះ​ គឺ​មាន​សារសំខាន់​ណាស់ ​ដើម្បី​ឱ្យ​បានដឹង​ចំនួន​ពិត​នៃ​សត្វ​ត្មាត​នៅ​កម្ពុជា និង​ស្ថានភាព​នៃ​កា​រវិ​វត្ត​ជុំវិញ​ចំនួន​សត្វ​ត្មាត​នៅ​កម្ពុជា​ ។ បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោកនេត្រ ភក្ត្រា លទ្ធផលជំរឿន​សត្វ​ត្មាត​នៅ​ឆ្នាំ ២០១៩ កន្លង​ទៅ​​បង្ហាញ​ថា​ កម្ពុជា​មាន​សត្វ​ត្មាត​ទាំង៣ប្រភេទ មាន​ចំនួន១៣៧ក្បាល​ ហើយ​តំបន់​ដែល​មាន​សត្វ​ត្មាត​ច្រើន​ជាងគេ​គឺ​នៅ​ដែន​ជម្រក​សត្វ​ព្រៃ​​សៀម​ប៉ា​ង​ក្នុង​ខេត្តស្ទឹងត្រែង និង​ដែន​ជម្រក សត្វព្រៃ​ឆែប​ក្នុង​ខេត្តព្រះវិហារ​។

សត្វ​ត្មាត​ជា​ប្រភេទ​សត្វ​កម្រ​និង​កំពុង​ស្ថិត​ក្នុង​ហានិភ័យ​ខ្ពស់​ក្នុង​ការ​បាត់​ពូជ​នៅ​លើ​សកលលោក ខណៈ​ចំនួន សត្វ​ត្មាត​នៅ​តែ​បន្ត​មានការ​ធ្លាក់​ចុះ​ជា​រៀង​រាល់​ឆ្នាំ និង​ក្នុង​កម្រិត​មួយ​គួរ​ព្រួយបារម្ភ ទោះបីជា​រាជរដ្ឋាភិបាល​តាម​រយៈ​ក្រសួងបរិស្ថាន​ដោយ សហការ​ជាមួយ​អង្គការ​ដៃគូ​នានា​ខិតខំ​ប្រឹងប្រែង​ការពារ​និង​​អភិរក្ស​ក៏​ដោយ​។ ​

លោកនេត្រ ភក្ត្រា រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន​បានឱ្យ​ដឹង​ថា មូលហេតុ​ដែល​នាំ​ឱ្យ​សត្វ​ត្មាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​ធ្លាក់​ចុះ​ខ្លាំង ដោយសារ​ការ​គំរាមកំហែង​ខ្លាំង​បំផុត​ពី​ការ​បំពុល​របស់​មនុស្ស ការ​បាត់បង់​ជម្រក ការ​ខ្វះខាត​ចំណីអាហារ ការ​បរបាញ់​តាម​រយៈ​ការ​ដាក់​អន្ទាក់ និង​ការ​បំពុល​។ ឯកឧត្តម នេត្រ ភក្ត្រា បាន​ថ្លែង​ថា ប្រជា​សហគមន៍​នៅ​តាម​តំបន់​មួយ​ចំនួន​បាន ប្រើប្រាស់​ថ្នាំពុល​ដាក់​ទៅ​ក្នុង ឬ​ជុំវិញ​ត្រពាំង​ដើម្បី ចាប់​សត្វ​ស្លាប និង​ថនិកសត្វ​ផ្សេង​ៗ ហើយ​ការ​បំពុល នេះ​ក៏​ជា​មូលហេតុ​ចម្បង​ដែល​បណ្ដាល​ឱ្យ​សត្វ​ត្មាត​ស្លាប់​ដែរ​ដោយសារ​តែ​សត្វ​ត្មាត​ទាំងនោះ​ស៊ី​សាល​សព​សត្វ​ស្លាប់​ដោយសារ​តែ​ថ្នាំពុល​។

អត្ថបទសរសេរ ដោយ