លីគជិតចូលវិញ Pep Guardiola តែងតាំងជំនួយការថ្មីភ្លាម
ប្រទេសអង់គ្លេស ៖ គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានសម្រេចតែងតាំងលោក Juan…
ប្រទេសអង់គ្លេស ៖ គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានសម្រេចតែងតាំងលោក Juan…
ប្រទេសអង់គ្លេស ៖ គ្រូបង្វឹកក្រុម Manchester City លោក Pep Guardiola បានសម្រេចតែងតាំងលោក Juan Manuel Lillo ធ្វើជាជំនួយការផ្ទាល់ថ្មី មុនពេលការប្រកួតលីគត្រឡប់មកវិញ។
បុរសជនជាតិអេស្ប៉ាញវ័យ ៥៤ឆ្នាំបានយល់ព្រមទទួលយកតំណែងដែលទំនេរមួយនេះ បន្ទាប់ពីលោក Mikel Arteta បានចាកចេញ និងក្លាយជាអ្នកចាត់ការក្លិបកាំភ្លើងធំ Arsenal ។
មុនពេលក្លាយជាជំនួយការថ្មីរបស់លោក Pep Guardiola ការដឹកនាំចុងក្រោយបង្អស់របស់លោក Juan Manuel Lillo គឺជួយឱ្យក្លិប Qingdao Huanghai នៅលីគលំដាប់ទី២ចិន (League One) ឡើងមកលេងនៅលីគកំពូលចិន (CSL) ។
លោកជាគ្រូបង្វឹក ដែលមានបទពិសោធន៍ជោកជាំ ក្នុងការដឹកនាំក្រុមជាច្រើនក្នុងនោះមានទាំងក្រុម Real Sociedad, Vissel Kobe និង Real Oviedo។ លោកក៏ធ្លាប់ជាជំនួយការគ្រូបង្វឹកក្រុមជម្រើសជាតិឈីលី និងក្រុម Sevilla ផងដែរ។ ហើយថែមទាំងបានធ្វើការជាមួយកីឡាករលំដាប់ពិភពលោកជាច្រើន អំឡុងពេលអាជីពរបស់លោករួមមានទាំង Andres Iniesta, David Villa និង Yaya Toure ។
លោក Juan Manuel Lillo បានថ្លែងប្រាប់គេហទំព័រផ្លូវការរបស់ Man City ថា «ទំនាក់ទំនងរបស់ខ្ញុំជាមួយ Pep បានត្រឡប់មកវិញ ហើយខ្ញុំពិតជារំភើបណាស់ដែលបានចូលរួមជាមួយគេ និងជាផ្នែកមួយនៃក្រុមដ៏អស្ចារ្យនេះ។ ហើយខ្ញុំសង្ឃឹមថានឹងចូលរួមចំណែកយ៉ាងសំខាន់ ដើម្បីភាពជោគជ័យរបស់ក្លិបឆ្ពោះទៅមុខ»។
សូមបញ្ជាក់ថា ក្របខណ្ឌកំពូល Premier League នឹងចាប់ផ្តើមសកម្មភាពប្រកួតប្រជែងឡើងវិញនៅថ្ងៃទី១៧ ខែមិថុនា ខាងមុខ បន្ទាប់ពីត្រូវបានផ្អាកទាំងស្រុងកាលពីថ្ងៃទី១៣ ខែមីនា ដោយសារការរាតត្បាតពីកូវីដ-១៩។
បច្ចុប្បន្នក្រុម Man City កំពុងតាមក្រោយពីក្រុមកំពូលតារាង Liverpool រហូតដល់ ២៥ពិន្ទុ ខណៈនៅសល់ការប្រកួត៩ជុំទៀត ដែលត្រូវលេងដើម្បីបញ្ចប់រដូវកាលនេះ ៕ (ដកស្រង់ចេញពី៖ Reuters)
ចែករំលែកព័តមាននេះ