ខេត្តស្ទឹងត្រែង ៖ ក្រុមកម្មករប្រមាណជាជាង៣០០នាក់បានប្រមូលផ្តុំធ្វើការតវ៉ាចំពោះក្រុមហ៊ុនអង្គរបាណាណា ដែលមិនបានបើកប្រាក់ខែទៀងទាត់ ព្រមទាំងបញ្ឈប់ការងារកម្មករដោយគ្មានហេតុផល។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីថ្ងៃទី៩ មិថុនា ឆ្នាំ២០២០ ស្ថិតនៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង ។
ក្រុមកម្មករទាំងនោះបានប្រមូលផ្តុំលើកគ្នាមកតវ៉ានៅមុខស្នាក់ការក្រុមហ៊ុនអង្គរបាណាណា ក្នុងគោលបំណងស្នើឲ្យមន្ទីរជំនាញពាក់ព័ន្ធជួយអន្តរាគមន៍ដើម្បីរកវិធីដោះស្រាយបញ្ហាជូនដល់ពួកគាត់ ដោយសារអ្នកគ្រប់គ្រងដែលជាមេការទើបមកថ្មីបានប្រើកម្មករដោយមិនអនុវត្តន៍តាមកិច្ចសន្យា។
តំណាងកម្មករម្នាក់គឺលោកឈាន សំណាង បានស្នើរទៅប្រធានមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈខេត្ត អញ្ជើញចុះពិនិត្យអំពីសកម្មភាពការងារកម្មករផង ពីព្រោះក្រុមកម្មករបានរងការគាបសង្កត់ពីសំណាក់មេការជនជាតិវៀតណាមដែលទើបមកថ្មី ដោយប្រើកម្មករក្នុងអកប្បកិរិយាមើលងាយ ប្រើពាក្យអសុរោះ ហើយមិនគោរពតាមកិច្ចសន្យារបស់ក្រុមហ៊ុនទៀតផង ។
តំណាងកម្មកររូបនេះបានបន្តថា មេការថ្មីទើបតែចូលមកបំពេញការងារមិនទាន់បាន២ខែផង ហ៊ានប្រមាថមើលងាយ ហើយដកការងារមិនឲ្យកម្មករធ្វើ ឯប្រាក់ខែក៏បើកមិនបានទៀងទាត់ និងហ៊ានជ្រើសរើសកម្មករថ្មីដែលជាខ្សែរយ:របស់ខ្លួនឲ្យចូលមកធ្វើការជំនួសទៀតផង ធ្វើឲ្យពួកគាត់បាត់បង់ប្រាក់ចំណូលសម្រាប់ដោះស្រាយជីវភាពប្រចាំថ្ងៃផងដែរ ។
ទាក់ទិននឹងករណីខាងលើនេះ លោក ប៊ួរ វិរុន ប្រធានមន្ទីរបណ្តុះបណ្តាលការងារ និងវិជ្ជាជីវៈខេត្តស្ទឹងត្រែងបានសំណូមពរឲ្យកម្មករទាំងអស់ធ្វើការអត់ធ្មត់ និងបំបែកគ្នាចេញពីមុខទីស្នាក់ការរបស់ក្រុមហ៊ុនសិន ដើម្បីទុកឱកាសឲ្យមន្ត្រីស្ថាប័នមានសមត្ថកិច្ចធ្វើការដោះស្រាយជូននៅថ្ងៃទី១០ មិថុនានេះ ។
ដោយឡែកលោក ហ៊័រ ហ្វាងយុង ជនជាតិវៀតណាមជាមេការគ្រប់គ្រងក្នុងចំការចេកអំបូងលឿងរបស់ក្រុមហ៊ុនអង្គរបាណាណា ក៏បានធ្វើការសម្របសម្រួលជាមួយកម្មករផងដែរ តែហាក់មិនមានការដោះ ស្រាយតាមការទាមទាររបស់កម្មករឡើយ ។
ជាមួយការតវ៉ាខាងលើនេះ កម្មករដែលកំពុងធ្វើការនៅក្នុងក្រុមហ៊ុនចំការចេកអំបូងលឿងខាងលើនេះ ពួកគាត់ចង់បានការងារធ្វើគ្រប់គ្រាន់ហើយ ពេលបើកប្រាក់ខែក៏ត្រូវគ្រប់ចំនួន និងទៀងទាត់ ដោយមិនត្រូវបញ្ឈប់ពួកគាត់ជាកម្មករចាស់ចោលនោះទេ ព្រោះពួកគាត់ជាអ្នកមកពីខេត្តឆ្ងាយៗ គឺមកធ្វើការលក់កម្លាំងពលកម្មនៅទីនេះ សម្រាប់ដូរយកប្រាក់កម្រៃដើម្បីដោះស្រាយជីវភាពតែប៉ុណ្ណោះ៕
ចែករំលែកព័តមាននេះ