ប្រញាប់​ម្ល៉េះ​! រថយន្តក្រុង​ចូល​ប្រឡាយ​អូរ ក្មេង​ចាស់​ប្រុស​ស្រី​២៤​នាក់​ជួប​គ្រោះ


ខេត្តឧត្តរមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ក្មេង​ប្រុស​២​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត និង​មនុស្ស​ប្រុស​-​ស្រី​២២​នាក់​ទៀត​រង​របួសធ្ងន់​-​ស្រាយ ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង ខណៈ​រថយន្តក្រុង​២៤​កៅអី​ចេញពី​ភ្នំពេញ លុះ​មក​ដល់​គល់​ស្ពាន​ព្រៃ​ស្អា​ក់​ក៏​បោះពួយ​ធ្លាក់​ពីលើ​ផ្លូវជាតិ​រួច​ចូល​ទៅ​ក្នុង​ប្រឡាយ​អូរ​តែ​ម្តង បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៥​និង​៥០​នាទី​ព្រឹក ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០២០ នៅ​ចំណុច​ស្ពាន​ព្រៃ​ស្អា​ក តាម​បណ្តោយ​ផ្លូវជាតិ​លេខ ៦៧B ស្ថិត​ក្នុងភូមិ​អូរ​តា​មេ​ង ឃុំ​អន្លង់​វែង ស្រុក​អន្លង់​វែង ។

បើ​តាម​លោក ហាស់ ហេង អធិការរង​ស្រុក​អន្លង់​វែង​ទទួល​ផ្នែក​ចរាចរ ណ៍​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ មាន​រថយន្តក្រុង​២៤​កៅអី​មួយ​គ្រឿង ពាក់​ស្លាក​លេខ​ភ្នំពេញ ៣D.២៤.២០ ពណ៌​បៃតង បាន​ដឹក​អ្នកដំណើរ​ចេញពី​ភ្នំពេញ លុះ​ធ្វើ​ដំណើរ​មក​ដល់​ចំណុច​គល់​ស្ពាន​ព្រៃ​ស្អា​ក់ ស្រាប់តែ​បោះពួយ​ធ្លាក់​ពីលើ​ផ្លូវជាតិ ក៏​ចូល​ទៅ​ក្នុង​ប្រឡាយ​អូរ បណ្តាល​ឱ្យ​មនុស្ស​បាត់បង់​ជីវិត និង​រង​របួសធ្ងន់​-​ស្រាល​ជា​ច្រើន​នាក់​តែ​ម្តង ។ ហើយ​ករណី​គ្រោះថ្នាក់​ចរាចរណ៍ ត្រូវ​បាន​គេ​សង្ស័យ​ថា ប្រហែល​មក​អ្នក​បើករថយន្ត​ក្រុង​ងងុយដេក​។

លោក​អធិការរង បាន​បន្ត​ថា បន្ទាប់​ពី​ទទួល​ព័ត៌មាន​ភ្លាម​ៗ​នោះ លោក​ស៊ី​ម វណ្ណៈ អធិការ​ស្រុក​អន្លង់​វែង បាន​ដឹកនាំ​កម្លាំង​ប៉ូលិស​ចុះ​ធ្វើ​អន្តរាគមន៍ និង​ចុះ​ជួយ​សង្គ្រោះ​ដល់​អ្នក​រង របួស រួច​នាំ​យក​មក​ធ្វើការ​សង្គ្រោះ​នៅ​ក្នុង​មន្ទីរពេទ្យ​បង្អែក​ស្រុក​អន្លង់​វែង​តែ​ម្តង ។

ហើយ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ខាងលើ​នេះ លោក​បាន​បញ្ជាក់​ថា ក្មេង​ប្រុស​២​នាក់​ត្រូវ​បាន​បាត់បង់​ជីវិត​ភ្លាម​ៗ​នៅ​និង​កន្លែង​កើត​ហេតុតែ​ម្តង ចំណែក​អ្នក​រង​របួស​ក្មេង​ចាស់ ប្រុស​-​ស្រី​ចំនួន​២២​នាក់​ទៀត​កំពុង​តែ​ធ្វើការ​សង្គ្រោះ​នៅឡើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ