រាជធានីភ្នំពេញ ៖ ក្នុងកិច្ចសម្ភាសន៍មួយជាមួយអ្នកសារព័ត៌មានក្នុងស្រុក លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងទេសចរណ៍ និងជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានធ្វើឱ្យម្នាក់ៗមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងដោយសារតែលោកមិនគ្រាន់តែមានសមត្ថភាពក្នុងការដឹកនាំវិស័យកីឡាឱ្យមានសន្ទុះនាពេលចុងក្រោយប៉ុណ្ណោះទេ តែក៏មានសមត្ថភាពផ្នែកកីឡាគួរឱ្យសរសើរផងដែរ។
យោងតាមកិច្ចសម្ភាសន៍នោះ លោក វ៉ាត់ ចំរើន ចេះស្ទាត់នូវក្បាច់គុនសំខាន់រហូតដល់ទៅ៦ប្រភេទផ្សេងគ្នា ។ អ្វីដែលគួរសរសើរគឺក្បាច់គុនទាំងនោះសុទ្ធតែពិបាកហ្វឹកហាត់ ដែលទាមទារឱ្យមានការព្យាយាមខ្លាំង ហើយក៏មិនមានច្រើននាក់ដែរដែលអាចបានដូចលោកនោះ។
ក្បាច់គុនទាំងនោះរួមមាន៖ ការ៉ាតេ ៧ដាន់, យូដូ ៣ដាន់ , ចំបាប់កម្រិតអូឡាំពិក, ហាប់គីដូ, ប្រដាល់សេរី និងតេក្វាន់ដូ ITF ។ ក្បាច់គុនទាំងនោះ ត្រូវលោក វ៉ាត់ ចំរើន អះអាងថាបានហាត់ដោយគ្មានមហិច្ឆតាធ្វើជាកីឡាករនោះទេ ដោយលោកប្រឹងប្រែងហ្វឹកហាត់ដោយសារតែចង់ការពារខ្លួន និងចង់សងសឹកចំពោះក្មេងៗដែលតែងតែវាយធ្វើបាបលោកក្នុងពេលលោកនៅជាកុមារភាពប៉ុណ្ណោះ ។
លោកថាហេតុផលដែលលោកមានឱកាសហ្វឹកហាត់រហូតចេះស្ទាត់នូវក្បាច់គុនខាងលើ គឺដោយសារតែពេលលោកទៅបំពេញបេសកកម្មនៅប្រទេសណា ក៏សម្ងំហ្វឹកហាត់នៅប្រទេសហ្នឹង ព្រោះតែស្រឡាញ់ និងចង់អភិវឌ្ឍន៍ខ្លួន ។ ក្នុងចំណោមក្បាច់គុនទាំង៦ លោកក៏ទទួលបានសញ្ញាបត្រអនុបណ្ឌិតផ្នែកគ្រប់គ្រងរដ្ឋបាលវិស័យកីឡា ពីសាកលវិទ្យាល័យមួយនៅសហរដ្ឋអាមេរិក និងត្រូវបានទទួលស្គាល់ពីសំណាក់អ្នកឯកទេសផ្នែកកីឡានៅក្នុងកម្រិតអន្តរជាតិនោះផង ។
លោកថា លោកចេះ កីឡាយូដូ ការ៉ាតេ ចំបាប់ហាប់គីដូ ប្រដាល់សេរី និងតេក្វាន់ដូ ITF មិនមែនគ្រាន់តែយល់ដឹងប៉ុណ្ណោះទេ គឺប្រើការបាន ខណៈដែលកីឡាខ្លះ គឺលោកចេះដល់កម្រិតមានការទទួលស្គាល់ មុនពេលលោកបានក្លាយជាអគ្គលេខាធិការនៃគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជានៅក្នុងពេលនេះ ។ ជាក់ស្ដែង កម្រិតកីឡាចំបាប់របស់លោក គឺលោកចេះក្នុងកម្រិតកីឡាករអូឡាំពិក ។
រីឯកីឡាការ៉ាតេស្ថិតក្នុងកម្រិត៧ដាន់ ហើយហេតុផលដែលលោកនៅតែបន្តហ្វឹកហាត់កីឡាផ្សេងទៀត រហូតចេះស្ទាត់ដល់៦កីឡា គឺដោយសារតែលោកចង់ស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយរបស់កីឡាទាំងនោះ។
លោក វ៉ាត់ ចំរើន បន្តថា មកទល់បច្ចុប្បន្នលោកនៅតែអាចបន្តប្រើជំនាញកីឡានោះបាន បើទោះជាលោកមមាញឹកនឹងការងារផ្សេង ហើយមិនសូវមានពេលហ្វឹកហាត់ ។ នោះគឺដោយសារតែលោកបំពេញការងារជាមួយកីឡាករជាប្រចាំ ដែលត្រូវទាមទារឱ្យលោកមានភាពរហ័សរហួន និងហ្វឹកហាត់ផ្ទាល់ខ្លួនខ្លះៗ មិនបានបោះបង់ចោលទាំងស្រុងនោះទេ ។ ម្យ៉ាងមកពីលោកស្រឡាញ់នៅក្នុងវិស័យនេះផង ទើបលោកនៅតែបន្តស្វែងយល់ ហើយបន្តអភិវឌ្ឍន៍ខ្លួនដើម្បីបោះជំហានទៅមុខ ។
លោកថា ក្នុងនាមជាអ្នកគ្រប់គ្រងកីឡាករ ឬដឹកនាំ បើសិនជាលោកមិនយល់ដឹងពីក្បាច់គុននីមួយៗទេ គឺពិតជាពិបាកក្នុងការកែកំហុសឆ្គងរបស់កីឡាករនៅពេលដឹកនាំការប្រកួតម្ដងៗ ទើបលោកយល់ថា ការខ្នះខ្នែងរបស់ខ្លួននាពេលកន្លងមក គឺជារឿងដែលមានប្រយោជន៍ ។ ជំហររបស់លោក ក៏ធ្វើឱ្យមានការសរសើរ និងស្ញប់ស្ញែងមិនតិចនោះដែរ ជាពិសេសនៅពេលលោកបានទម្លាយឱ្យដឹងពីចំណេះជំនាញនេះ ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ