ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

FFC​ គ្រោង​បង្កើត​ក្លិប​បណ្ដុះបណ្ដាល​ក្រុម​ជម្រើសជាតិ​សម្រាប់​ត្រៀម​សុ​ី​ហ្គេម​​

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​បង្ហាញ​ពី​គម្រោង​រៀបចំ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ…

រាជធានី​ភ្នំពេញ ៖ លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទាត់​កម្ពុជា (FFC) បាន​បង្ហាញ​ពី​គម្រោង​រៀបចំ​ក្រុម​កីឡាករ​ជម្រើសជាតិ​កម្ពុជា សម្រាប់​ត្រៀម​ប្រកួត​ក្នុង​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ។ គម្រោង​របស់​សហព័ន្ធ គឺ​ការ​បង្កើត​ក្លិប​បាល់ទាត់​ស្នូល​ដាច់​ដោយឡែក​មួយ ដែល​ប្រមូលផ្តុំ​ដោយ​កីឡាករ​យុវជន​ប្រកបដោយ​សក្តានុពល​។

លោក​ប្រមុខ​បាល់ទាត់​កម្ពុជា សៅ សុខា បាន​បង្ហាញ​គម្រោង​បែប​នេះ​នៅ​ក្នុង​មហា​ស​ន្និ​បាត​បូក​សរុប​ការងារ​ប្រចាំឆ្នាំ​២០១៩​និង​លើក​ទិស​ដៅ​អនុវត្ត​សម្រាប់​ឆ្នាំ​២០២០​របស់​សហព័ន្ធ​​កីឡា​បាល់ទាត់​កម្ពុជា នៅ​សណ្ឋាគារ​ហ្គា​ឌែ​ន​ស៊ី​ធី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ដោយ​មាន​ការ​ចូលរួម​ពី​សមាជិក​ប្រតិបត្តិ​សហព័ន្ធ ក្លិប និង​សមាគម​បាល់ទាត់​មក​ពី​២៥​រាជធានី​-​ខេត្ត ។

លោក​បញ្ជាក់​យ៉ាង​ដូច្នេះ​ថា​៖«​សហព័ន្ធ​កីឡា​បាល់ទាត់​កម្ពុជា​មាន​គម្រោង និង​ផែនការ​មួយ គឺ​ការ​ត្រៀម​រៀបចំ​ក្រុម​ជម្រើសជាតិ​កម្ពុជា​តាំងពី​ពេល​ឥឡូវ​ទៅ​សម្រាប់​លេង​នៅ​ឆ្នាំ​២០២៣(​ស៊ី​ហ្គេ​ម​លើក​ទី​៣២) គឺ​ការ​បង្កើត​ក្លិប​បាល់ទាត់​ស្នូល​មួយ​»​។ បើ​តាម​លោក សៅ សុខា កីឡាករ​ទាំងអស់​ក្នុង​ក្លិប​ដែល​គ្រោង​បង្កើត​នេះ នឹង​ចម្រាញ់​ចេញពី​ក្លិប​នីមួយ​ៗ ដែល​ជា​សមាជិក​របស់​សហព័ន្ធ ។ លោក​បន្ថែម​ថា ក្លិប​ថ្មី​នេះ​នឹង​ដាក់​ឲ្យ​ប្រកួត​ក្នុង​ពានរង្វាន់​លី​គ​កំពូល ជំនួស​ក្រុម​យុវជន​អាយុ​ក្រោម​១៨​ឆ្នាំ​បាទី​។

ទោះបី​យ៉ាងណា លោក​ថា សហព័ន្ធ​ក៏​ត្រូវ​ស្វែងរក​ការ​គាំទ្រ​ពី​បណ្ដា​ក្លិប​ជា​សមាជិក​ផង​ដែរ ។ បើ​មានការ​គាំទ្រ សហព័ន្ធ​នឹង​ចាប់ផ្ដើម​បេសកកម្ម​នេះ ដើម្បី​រៀបចំ​ក្រុម​ជម្រើសជាតិ​ខ្លាំង​មួយ សម្រាប់​ត្រៀម​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ។ លោក​សង្កត់ធ្ងន់​ថា បើ​មានការ​គាំទ្រ​ពី​អង្គ​មហាសន្និបាត​នេះ គឺ​យើង​មាន​ពេលវេលា​៦​ខែ​ដើម្បី​រៀបចំ​ក្រុម​ថ្មី​សម្រាប់​ចូល​លេង​ក្នុង​ការ​ប្រកួត​លី​គ​នៅ​​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ ជំនួស​ក្រុម​មក​ពីសា​លា​បាល់ទាត់​ជាតិ​បាទី ដែល​កំពុង​លេង​សព្វថ្ងៃ ។

គួរ​បញ្ជាក់​ថា ការ​បង្ហើប​ផែនការ​ថ្មី​នេះ ស្រប​ពេល​លោក សៅ សុខា មើលឃើញ​ពី​ភាព​ក្មេងខ្ចី នៃ​វិស័យ​កីឡាបាល់ទាត់​កម្ពុជា និង​មាន​បញ្ហា​ប្រឈម​មួយ គឺ​បញ្ហា​គុណភាព​កីឡាករ ដែល​ជា​ក្ដី​កង្វល់​របស់​កម្ពុជា​ក្នុង​ដំណើរ​ឆ្ពោះទៅ​ប្រជែង​មេដាយ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣ ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ