នៅក្នុងគម្ពីរទក្ខិណានុប្បទានបានបរិយាថា កាយយើងនេះបើពិចារណាឱ្យមែនទែនទៅគ្មានអ្វីដែលជារបស់មានសារប្រយោជន៍សោះ គឺផ្ទុកទៅដោយរបស់បដិកូល របស់គួរខ្ពើមរអើម លាមក ខ្ទុះ ស្លេស្ម ហើយពេលស្លាប់ទៅកាយនេះក៏ដេកស្តូកស្តឹងភ្លឹងឥតកម្រើកដូចជាអង្កត់អុសរកប្រយោជន៍គ្មានបើគេយកទៅកប់ រូបកាយនេះនឹងពុកផុតរលេះរលួយរលាយទៅជាចំណីដីអស់ឥតមានសល់អ្វីទេ បើគេយកទៅដុតក៏នឹងឆេះខ្ទេចខ្ទីអស់នៅសល់តែឆ្អឹងកម្ទេចកម្ទីបន្តិចបន្តួចជាប់នឹងផេះផង់ ។
បើយ៉ាងនេះ តើអ្នកស្លាប់នោះទទួលភាគផលនៃទក្ខិណាទានដែលញាតិឧទ្ទិសទៅដូចម្តេចកើត ? ឬមួយក៏មាននៅសេសសល់ធម្មជាតិអ្វីសម្រាប់ទទួលដែរឬទេ ?
ប្រាកដណាស់យើងទាំងអស់គ្នាដែលស្លាប់ទៅ បើគេយកទៅកប់ ឬដុតពិតជាបែបហ្នឹងមែន ប៉ុន្តែមិនមែនសូន្យទទេ គឺមិនកើតក្នុងភពខាងមុខនោះឡើយ នៅតែកើតក្នុងភពខាងមុខជានិច្ច ព្រោះវិញ្ញាណគឺចិត្តនៅចងចាំជាក់ច្បាស់តាមទ្វារទាំង៦ ខណៈខ្យល់ដង្ហើមហៀបដកចេញចាករូបកាយផុតហើយ វិញ្ញាណនេះស្ទុះចេញផុតចាករូបកាយទៅចាប់បដិសន្ធិក្នុងភពខាងមុខរួចស្រេចហើយដែរ បើធ្លាប់ធ្វើអំពើល្អក៏ទៅកើតក្នុងឋានសួគ៌ តែបើធ្លាប់ធ្វើអំពើអាក្រក់ក៏ទៅកើតក្នុងអបាយភូមិ ។
វិញ្ញាណនេះមិនចេះស្លាប់ វិញ្ញាណហ្នឹងហើយដែលមានអំណាចទទួលភាគផលនៃទក្ខិណាទានដែលបុគ្គលឧទ្ទិសទៅនោះ ។ សាន សារិន
ចែករំលែកព័តមាននេះ