ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លួច​សម្រេច​ពី​យប់ រួច​លាក់​ទុក​ម៉ា​ស្អាត ព្រឹក​ឡើង​ចប់​ត្រឹម​កាមេរ៉ា និង GPS

3 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ជាប់​ចោទ​លើ​ករណី​លួច​កាច់​សោ​យក​ម៉ូតូ​ហើយ​រួច​គេចខ្លួន ក្រោយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ព្រំដែន​គោក​ប៉ុស្តិ៍​ព្រៃ​គប់​នៃ​វរ​សេនា​តូច​លេខ​៩១១ ក្របួច​ចាប់​បាន​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ទាំង​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តបន្ទាយមានជ័យ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​ចំនួន​៣​នាក់​ជាប់​ចោទ​លើ​ករណី​លួច​កាច់​សោ​យក​ម៉ូតូ​ហើយ​រួច​គេចខ្លួន ក្រោយ​ក៏​ត្រូវ​កម្លាំង​នគរបាល​ព្រំដែន​គោក​ប៉ុស្តិ៍​ព្រៃ​គប់​នៃ​វរ​សេនា​តូច​លេខ​៩១១ ក្របួច​ចាប់​បាន​នៅ​ភូមិ​ព្រៃ​គប់ សង្កាត់​ផ្សារ​កណ្តាល ទាំង​ព្រឹក​ព្រលឹម​នា​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០ បន្ទាប់​ពី​ម្ចាស់​ម៉ូតូ​ឆែក​កាមេរ៉ា​សុវត្ថិភាព និង​ឆែក​រក​ម៉ូតូ​តាម​ប្រព័ន្ធ GPS ផង​នោះ ទើប​តាម​រក​ឃើញ​ទីតាំង​ម៉ូតូ ក៏​រាយការណ៍​ប្តឹង​សមត្ថកិច្ច​ផ្ទាល់​មាត់​ភ្លាម​ៗ​តែ​ម្តង​។

សេចក្តីរាយការណ៍​បន្ត​ថា ជនសង្ស័យ​ទាំង​៣​ខាងលើ ១-​ឈ្មោះ សឹង ចំណាន ភេទ​ប្រុស អាយុ​២០​ឆ្នាំ​, ២-​ឈ្មោះ នួន សុ​ផៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ទាំង​២​នាក់​នេះ រស់នៅ​ភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត និង​៣-​ឈ្មោះ ហេង ស៊ី​ណាត ភេទ​ប្រុស អាយុ​២០​ឆ្នាំ រស់នៅ​ភូមិ​ក្បាល​ស្ពាន​០១ សង្កាត់​ប៉ោយ​ប៉ែ​ត​។ ចំណែក​ជន​រង​គ្រោះជា​ម្ចាស់​ម៉ូតូ​ឈ្មោះ ដា សុខ​ណា អាយុ​២៧​ឆ្នាំ ស្នាក់​នៅផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​សាមគ្គី​មាន​ជ័យ សង្កាត់​ប៉ោយ​ប៉ែ​ត​។

បើ​តាម​លោក​អនុសេនីយ៍ត្រី ស៊ា សៅ​ឌី មេ​ប៉ុស្តិ៍​ស្តីទី​ប៉ុស្តិ៍​ព្រៃ​គប់ នៃ​នគរបាល​ការពារ​ព្រំដែន​គោក​​លេខ​៩១១ ប្រាប់​តាម​ទូរស័ព្ទ​ថា មុន​ពេល​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៣​នាក់​ខាងលើ​នេះ លោក​បាន​ទទួល​សេចក្តីរាយការណ៍​ពី​បុរស​ម្នាក់​ផ្ទាល់មាត់​ថា គាត់​បាន​បាត់​ម៉ូតូ​ម៉ាក Zoomer X ពណ៌​ក្រហម​លាយ​.​ស គ្មាន​ស្លាក​លេខ​មួយ​គ្រឿង​។

ម្ចាស់​ម៉ូតូ​ខាងលើ​ប្រាប់​ទៀត​ថា ម៉ូតូ​របស់​គាត់ គឺ​បាត់​នៅ​ម៉ោង​ប្រហែល​៤​ទៀប​ភ្លឺ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​៨ មិថុនា ២០២០ ។ ហើយ​ថា ដោយសារ​តែ​បន្ទប់​ជួល​កន្លែង​គាត់​រស់នៅ​នោះ​មាន​កាមេរ៉ា​សុវត្ថិភាព មាន​ទាំង​វី​ដេ​អូ​ឃ្លី​ប​ឃើញ​ពី​សកម្មភាព​ក្រុម​ជនសង្ស័យ ម្យ៉ាងទៀត​ម៉ូតូ​របស់​គាត់​បាន​ដាក់​ប្រព័ន្ធ GPS ផង​នោះ ទើប​ពេល​ឆែក​រក​ឃើញ​នៅ​ម្តុំ​ភូមិ​-​ឃុំ​កើតហេតុ​ខាងលើ ក៏​រាយការណ៍​ដល់​សមត្ថកិច្ច​ឲ្យ​ជួយ​ស្រាវជ្រាវ​តែ​ម្តង​។

លោក ស៊ា សៅ​ឌី បន្ត​ថា ក្រោយ​ពី​ទទួល​សេចក្តីរាយការណ៍​ពី​បុរស​ម្ចាស់​ម៉ូតូ​ភ្លាម​ៗ ក៏​ទទួល​បញ្ជា​ពី​លោក​មេបញ្ជាការ​ដឹកនាំ​កម្លាំង​ចុះ​ស្រាវជ្រាវ ក៏​រក​ឃើញ​ម៉ូតូ​ដែល​បាត់​នោះ​ភ្លាម​ៗ​ផង​ដែរ​។ ក្នុង​ប្រតិបត្តិការ​ស្រាវជ្រាវ​ភ្លាម​ៗ​នោះ គឺ​ចាប់​បាន​ជនសង្ស័យ​២​នាក់ ខណៈ​ម្នាក់​ទៀត​រត់គេច​ចូល​ចំការ​ដំឡូង​បាត់ ប៉ុន្តែ​ក្រោយមក​ក៏​ត្រូវ​កម្លាំង​របស់​លោក​ឡោម​ព័ទ្ធ និង​តាម​ប្រ​ម៉ា​ញ់​ចាប់​បាន​តាម​ក្រោយ​តែ​ម្តង​។ ចំណែក​ម៉ូតូ​វិញ​ត្រូវ​បាន​ក្រុម​ជនសង្ស័យ​យក​ទៅ​លាក់​ទុក​នៅ​ក្នុងផ្ទះ​មួយ​កន្លែង​ដែល​ម្ចាស់ផ្ទះ​ឈ្មោះ ផែង សំអាង ភេទ​ប្រុស អាយុ​៣៤​ឆ្នាំ ក៏​ត្រូវ​បាន​សមត្ថកិច្ច​នាំ​ខ្លួន​ទៅ​សួរនាំ​ផង​ដែរ ។

ក្រោយ​ពេល​កើតហេតុ ទាំង​ក្រុម​ជនសង្ស័យ និង​ម្ចាស់ផ្ទះ​ដែល​លាក់​ទុក​ម៉ូតូ​ខាងលើ ក៏​ដូច​ជា​ម៉ូតូ​ជា​វត្ថុ​តាង​ផង​នោះ ត្រូវ​បាន​កម្លាំង​នគរបាល​ព្រំដែន​គោក ប្រគល់​ឲ្យ​នគរបាល​ជំនាញ​ផ្នែក​ព្រហ្ម​ទណ្ឌ​នៃ​អធិការ​នគរបាល​ក្រុង​ប៉ោយ​ប៉ែ​ត ដើម្បី​សាកសួរ​បន្ត​។

ជុំវិញ​ករណី​ខាងលើ​នេះ លោក ព្រំ ពិសិដ្ឋ អធិការរង​ទទួល​ផែន​ព្រហ្មទណ្ឌ​នៃ​អធិការដ្ឋាន​នគរ​បាល​ក្រុង​ប៉ោយ​ប៉ែ​ត បាន​ប្រាប់​ថា ករណី​ខាងលើ​ខាងលើ លោក​កំពុង​សាកសួរ​នៅឡើយ ហើយ​ថា មិន​ទាន់​អាច​ប្រាប់​លម្អិត​បាន​នោះ​ទេ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ