កូវីដ-១៩ ៖ ការឆ្លងរោគកូវីដ-១៩ នៅទូទាំងពិភពលោកមានលើសពី ៧លាននាក់ កាលពីថ្ងៃចន្ទ។ កំណើនខ្លាំង បន្ទាប់ពីមួយសប្តាហ៍មុនមានប្រមាណ៦លានករណី។ ការរាតត្បាតជាសកលកំពុងឈានដល់ដំណាក់កាល ដ៏លឿនខ្លាំងគួរឲ្យខ្លាច ដោយប្រេស៊ីល និងឥណ្ឌាជំរុញឱ្យមានការកើនឡើងប្រចាំថ្ងៃជាង ១00,000 ករណីក្នុងមួយថ្ងៃ។
ប្រទេសប្រេស៊ីលមានចំនួនអ្នកស្លាប់ខ្ពស់ជាងគេលំដាប់ទី៣ នៅលើពិភពលោក ដោយមានអ្នកស្លាប់ជាង ៣៦.០០០នាក់ ខណៈដែលប្រទេសនូវែលសេឡង់ហាក់ដូចជាបានលុបបំបាត់វីរុសនេះ យ៉ាងហោចណាស់សម្រាប់ពេលបច្ចុប្បន្ននេះ។ ចំនួនអ្នកស្លាប់ជាង ៤០២,០០០នាក់ ត្រូវបានកត់ត្រានៅទូទាំង ពិភពលោក។
ខណៈដែលចំនួនអ្នកស្លាប់ជិតពាក់កណ្តាលត្រូវបានគេកត់ត្រាទុកនៅអឺរ៉ុបនោះ សហរដ្ឋអាមេរិក នៅតែជាប្រទេសដែលរងគ្រោះខ្លាំងជាងគេ ដោយមានអ្នកស្លាប់ជាង ១១ម៉ឺននាក់ បន្ទាប់មកគឺអង់គ្លេសដែល ចំនួនអ្នកស្លាប់លើសពី ៤០.៥០០នាក់។ នៅថ្ងៃអាទិត្យចុងសប្តាហ៍នេះ ចំនួនអ្នកស្លាប់ប្រចាំថ្ងៃរបស់ សហរដ្ឋអាមេរិក ដែលមានចំនួន ៦៩១នាក់ គឺទាបបំផុតដែលវាមានក្នុងរយៈពេលមួយសប្តាហ៍។
នេះបើយោងតាមទិន្នន័យពីសាកលវិទ្យាល័យ Johns Hopkins។ សហរដ្ឋអាមេរិកបានកត់ត្រាករណីចំនួន ១.៩៤២.៣៦៣ករណីចាប់តាំងពីវីរុសត្រូវបានរកឃើញដំបូងនៅប្រទេសចិនកាលពីចុងឆ្នាំមុន៕ ដោយ ៖ សហការី
ចែករំលែកព័តមាននេះ