រូបសំណាក «ដំរីជាន់ខ្លា» ខេត្តកំពង់ធំ បើតាមឯកសាររបស់លោកអ៊ុម សុខ អតីតប្រធានមន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្ត បានកសាងនៅឆ្នាំ១៩៦៥ ។ រូបនេះសាងដោយលោកពូ តុងហាវ អភិបាលខេត្ត ។
១.រូបសំណាកដំរីជាន់ខ្លា និងទីតាំង
រូបសំណាកដំរីជាន់ខ្លា ធើ្វអំពីស៊ីម៉ង់ត៍លាបពណ៌ខ្មៅ មានកម្ពស់ និងមាឌប្រហាក់ប្រហែល ដំរីពិត ខ្លា ពិតដែរ ។ រូបនេះដាក់តាំងនៅ ដោយមានជើងមុខខាងស្តាំរបស់ដំរីជាន់លើពោះខ្លាដែលដេកផ្ងារ ហើយជើងខ្លាទាំងបួននោះស្រវាចាប់ជើងដំរីជាប់ស្អិតជារបៀបកំពុងប្រយុទ្ធគ្នា ។ សត្វខ្លាមួយទៀត នៅពីលើខ្នងដំរីនៅផ្នែកខាងក្រោយ ហើយជើងទាំងបួនរបស់វាខ្ញាំខ្នងដំរី ធើ្វឲ្យដំរីភិតភ័យបាត់បង់ ម្ចាស់ការក្នុងការប្រយុទ្ធជាមួយសត្វខ្លាមួយគូនេះ ។ ដំរីបែរមុខឆ្ពោះទៅទិសនិរតីក្នុងអាការស្លន់ស្លោ ពន់ប្រមាណ ។
រូបសំណាកប្រកបដោយសិល្បៈកម្រិតខ្ពស់នេះ គឺស្ថិតនៅក្នុងភូមិដំរីជាន់ខ្លា សង្កាត់ដំរីជាន់ខ្លា ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ។
សូមបញ្ជាក់ថា ឈ្មោះភូមិ សង្កាត់នេះទើបតែកើតមានក្រោយ ដែលមានរូបសំណាកដំរីជាន់ខ្លាហើយទេ គឺគេយកឈ្មោះរូបសំណាកដំរីជាន់ខ្លានេះមកដាក់ជានិមិត្តរូបនៃភូមិ សង្កាត់នេះ ។ ថ្វីបើរូបសំណាកនេះកើតមានពីឆ្នាំ ១៩៦៥ តែឈ្មោះភូមិ សង្កាត់នេះ ទើបមាន ឈ្មោះដូច្នេះក្រោយថ្ងៃ៧ មករា ឆ្នាំ ១៩៧៩ ប៉ុណ្ណោះ ។
មុនថ្ងៃ៧ មករា ភូមិនេះ ឈ្មោះថា ភូមិត្បូងចាម ដូចឈ្មោះស្ពានត្បូងចាមដែរ។ ទីតាំងតម្កល់រូបសំណាកនេះនៅត្រង់កន្លែងសួនច្បារមួយ ដែលមានសណ្ឋានរាងច្រមុះជ្រូកជាប់ថ្នល់ជាតិលេខ៦ គឺជាកនែ្លងកម្សាន្តលំហែកាយ ។
២.កាលបរិច្ឆេទ និងស្នាដៃ
តាមការស្រាវជ្រាវឲ្យដឹងថា រូបសំណាកដំរីជាន់ខ្លានេះកសាងឡើងក្នុងអំឡុងឆ្នាំ១៩៦៥ ដោយសិល្បករដ៏ចំណាននៃសាលារចនាខ្មែរ បច្ចុប្បន្ននេះឈ្មោះថា សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោមការណែនាំ និងឧបត្ថម្ភរបស់លោកពូ តុងហាវ ដែលជាពុទ្ធសាសនិកជនមួយរូបនិយមការកសាងវិស័យសិល្បៈ និងវប្បធម៌របស់ជាតិ ។
៣. ទស្សនៈ ផ្សេងៗ
ដំរីជាន់ខ្លា មិនគ្រាន់តែសម្រាប់លម្អកែវភ្នែកមនុស្សទូទៅ ឬធើ្វឡើងដើម្បីធើ្វប៉ុណ្ណោះទេ ប្រាកដជាលោករំឭកដល់បុព្វកាលនៃទឹកដីរបស់ខេត្តលើវិស័យសេដ្ឋកិច្ច និងវប្បធម៌ បរិស្ថានកន្លងមក ដោយជាក់ស្តែងបន្ទាប់ពីការបរាជ័យគ្រប់សមរភូមិរបស់ក្រុងរាពណ៍នៅក្រុងលង្កា និងសេនាពល ក្នុងនោះក៏មានស្តេចហនុមានផងដែរ ។
ក្រុងរាពណ៍ បានចាត់តាំងកូនប្រុសរបស់ខ្លួនឈ្មោះឥន្ទ្រជិត ឲ្យដឹកនាំពួកយក្សដ៏ច្រើនមហិមាទៅតយុទ្ធជាមួយព្រះរាម និងព្រះល័ក្ស្មណ៍ ។ ក្នុងការប្រយុទ្ធគ្នាលើកនេះ ឥន្ទ្រជិត ក៏ត្រូវបរាជ័យទៀត ។ ឯពួកយោធាក៏ស្លាប់វិនាសអន្តរាយស្ទើរតែអស់ ឃើញដូច្នេះឥន្ទ្រជិតក៏ប្រើឧបាយកលក្លែងខ្លួនជាដំរីព្ធរាវណៈ ដ៏ធំមហិមាហាក់ដូចជាចុះពីឋានព្រះព្រហ្ម ដោយមានដងែ្ហយ៉ាងគគ្រឹកគគ្រេងដើម្បីបង្ហាញឲ្យគូសត្រូវរបស់ខ្លួនកោតស្ញប់ស្ញែង បាក់បបខ្លបខ្លាចឫទ្ធិបារមីរបស់ខ្លួន ។
ប៉ុន្តែហនុមាន បានដឹងពីឧបាយកលនេះ ក៏តំណែងខ្លួនជាសត្វខ្លាដ៏ធំមួយ និងឲ្យស្វាឈ្មោះអង្គទ ក្លែងខ្លួនជាសត្វខ្លាដ៏ធំមួយដែរ ដើម្បីចូលតតាំងជាមួយដំរីឥន្ទ្រជិតនេះ ។ ហនុមានក៏បានទូលព្រះរាមថាពេលណាគេទាំងពីរជាប់ដៃប្រយុទ្ធជាមួយដំរីនេះ សូមឲ្យព្រះអង្គថ្លែងសរឲ្យចំដងខ្លួនរបស់វាកុំខាន ។ ដំរីឃើញខ្លាតែមិនស្គាល់ជាខ្លាហនុមាន ក៏លើកជើង បម្រុងជាន់កម្ទេចឲ្យសូន្យជីវិតតែម្តង ក៏ប៉ុន្តែហនុមានស្រវាចាប់ជើងទាំងពីរបស់ដំរីឥន្ទ្រជិតជាប់ ធើ្វឲ្យវាបាត់បង់ជំហរប្រយុទ្ធទាំងស្រុង ។
ពេលនោះសត្វស្វាអង្គទ ដែលក្លែងខ្លួនជាសត្វខ្លាដែរបានលោត ជិះលើខ្នងដំរីរួចខាំកកេរដាច់សាច់ ទាំងដុំៗ ធើ្វឲ្យវាមានការឈឺចាប់ស្រែករោទ៍រំពងព្រៃ ប្រឹងរើបម្រះ ក៏ពុំរួចឡើយ ។ ឆ្លៀតឱកាសនោះព្រះរាមលើកធ្នូសរបាញ់ដូចរន្ទះ ត្រូវដំរីឥន្ទ្រជិតស្លាប់ពេលនោះទៅ ។
សូមបញ្ជាក់ថា នៅចម្ងាយប្រហែល១00 ម៉ែត្រពីទិសឧត្តរក្នុងអំឡុងសង្គ្រាមរហូតបច្ចុប្បន្ននេះ បាត់បង់រូបព្រះរាមពីទីនោះទៅហើយ យើងគួរតែធើ្វឡើងវិញ ដើម្បីឲ្យត្រូវតាមសាច់រឿង និងគោលបំណងរបស់លោកអ្នកកសាងពីខាងដើម ។ ក្នុងន័យនេះបញ្ជាក់ពីសភាវៈល្អតែងបានទទួលជ័យជម្នះលើសភាវៈអាក្រក់ ។ ដូច្នេះការកសាងរូបសំណាកនេះមិនមែនគ្រាន់តែសម្រាប់ជាគ្រឿងលម្អដល់ទីនេះទេ ប៉ុន្តែជាគតិចំពោះបច្ឆាជនគ្រប់ជំនាន់ឲ្យមើលឃើញថា តំបន់នេះជាប្រភពនៃធនធានធម្មជាតិ ដែលយើងត្រូវតែថែរក្សាការពារឲ្យបាន ទុកជាសម្បត្តិជាតិតទៅ ។
ហើយម្យ៉ាងទៀតឲ្យមើលឃើញថាសភាវៈអាក្រក់ជួរជាតិទទួលបរាជ័យយ៉ាងធ្ងន់ពីសំណាក់សភាវៈល្អសុចរិត និងយុត្តិធម៌ ។ ដំរីជាន់ខ្លាជាសម្បត្តិវប្បធម៌មួយនៃសម្បត្តិវប្បធម៌ទាំងទ្បាយរបស់ខេត្តកំពង់ធំ ដែលត្រូវតែថែរក្សាការពារទុកជាកេរដំណែល កុំឲ្យបាត់បង់ដោយប្រការណាមួយឡើយ ៕ (ដោយ ៖ ស.ភ.រ)
ចែករំលែកព័តមាននេះ