ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ដំណាំ​​ត្រាវ​បាន​ថ្លៃ តែ​ទិន្នផល​ខូចខាត​ជាង​ពាក់កណ្តាល​ ដោយ​មិនដឹង​មូលហេតុ

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជា​​អ្នក​ធ្វើ​ចំការ​ដាំ​ដំណាំ​ត្រាវ នៅ​ចុង​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​ថា​ ឆ្នាំ​នេះ​ទិន្នផល​ត្រាវ​របស់​ពួក​គាត់​ខូចខាត​​ជាង​ពាក់កណ្តាល​ ដោយ​មិនដឹង​ពី​មូលហេតុឡើយ​ ទោះបី​ពួក​គាត់​បាន​ទាក់ទង​រក​មន្ត្រី​ជំនាញ​ជួយ​ដាក់​ថ្នាំ​យ៉ាងណា​ក្ត…

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជា​​អ្នក​ធ្វើ​ចំការ​ដាំ​ដំណាំ​ត្រាវ នៅ​ចុង​ភូមិ​កណ្ដាល សង្កាត់​ផ្សារឆ្នាំង ក្រុង​កំពង់ឆ្នាំង បាន​ត្អូញត្អែរ​ថា​ ឆ្នាំ​នេះ​ទិន្នផល​ត្រាវ​របស់​ពួក​គាត់​ខូចខាត​​ជាង​ពាក់កណ្តាល​ ដោយ​មិនដឹង​ពី​មូលហេតុឡើយ​ ទោះបី​ពួក​គាត់​បាន​ទាក់ទង​រក​មន្ត្រី​ជំនាញ​ជួយ​ដាក់​ថ្នាំ​យ៉ាងណា​ក្ត ី​ក៏​មិន​ទទួល​បាន​ផល​ដែរ ធ្វើ​ឲ្យ​ពួក​គាត់​មានការ​ខាតបង់​ធនធាន​យ៉ាងច្រើន ។

ជួប​ជាមួយ​​កោះសន្តិភាព​​នៅ​ព្រឹក​ថ្ងៃ​ទី៨ ខែមិថុនា ឆ្នាំ​២០២០​ នេះ ប្រជាពលរដ្ឋ​ធ្វើ​ចំការ​ដែល​ដាំ​ដំណាំ​ត្រាវ​បាន​លើក​ឡើង​ថា ថ្វីបើ​ដំណាំ​ត្រាវ​ឆ្នាំ​នេះ​បាន​ថ្លៃ​មួយ​គីឡូក្រាម​​២៥០០រៀល គឺ​ថ្លៃ​ជាង​ឆ្នាំ​មុន​ក៏​ពិតមែន ប៉ុន្តែ​ដំណាំ​ត្រាវ​បាន​ខូចខាត​ជាង​ពាក់កណ្ដាល​ដោយ​ពុំ​ដឹង​មូលហេតុ ។

ស្ត្រី​ឈ្មោះ ប៊ុត សុ​ផុ​ន មាន​ទីលំនៅ​ភូមិ​កណ្ដាល​បាន​លើក​ឡើង​ថា​ ថ្ងៃនេះ​គាត់​បាន​មក​ស៊ី​ឈួ​ល​សំអាត​មើមត្រាវ​ឱ្យ​ឈ្មោះ ហំ ដោយ​ក្នុង​១​ថ្ងៃ​បាន​៣​ម៉ឺន​រៀល ។ ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា គាត់​ក៏​ជា​អ្នក​ដាំ​ត្រាវ​ម្នាក់​ដែរ ប៉ុន្តែ​គាត់​ដាំ​តិចតួច ​ហើយ​ទិន្នផល​វិញ​គឺ​ខូចខាត​ស្ទើ​រ​ទាំងស្រុង ព្រោះ​ពេល​ប្រមូល​ផល​បាន​១​តោន យក​មក​សំអាត បាន​តែ​៩០គីឡូក្រាម​ប៉ុណ្ណោះ ព្រោះ​ត្រាវ​១​មើម​បាន​ខូច​រលួយ​ជាង​ពាក់កណ្តាល ហេតុនេះ​ហើយ​យើង​ត្រូវចិត​យក​កន្លែង​ស្អុយរលួយ​ចេញ ទុក​តែ​សាច់​ល្អ ទើប​ឈ្មួញ​ព្រម​ទិញ ។​ ចំពោះ​មូលហេតុ​វិញ​គាត់​មិន​បានដឹង​នោះ​ទេ ។ កាលពី​ឆ្នាំ​កន្លង​ទៅ មើមត្រាវ​ក្នុង​១​គីឡូក្រាម​តម្លៃ​១៤០០​រៀល ប៉ុន្តែ​ឆ្នាំ​នេះ​ឡើងថ្លៃ​បាន​១​គីឡូក្រាម​តម្លៃ​២៥០០​រៀល ប៉ុន្តែ​មើមត្រាវ​ឆ្នាំ​នេះ​ខូច​ជាង​ពាក់កណ្តាល ។

បុរស​ឈ្មោះ គង់ ថា​យ ជា​អ្នក​ជួយ​សំអាត​មើមត្រាវ​ឲ្យ​គេ​បាន​បញ្ជាក់​ថា​ គាត់​សង្ស័យ​ថា​ មូលហេតុ​មើមត្រាវ​ខូច ប្រហែល​មក​ពី​អ្នកចំការ​ប្រើ​ថ្នាំ​បាញ់​សម្លាប់​ស្មៅ​ច្រើន​ពេក ព្រោះ​ឥ​ទ្ឋិ​ពល​វា​ខ្លាំង​ណាស់ ពេល​បាញ់ ហូរ​ចូល​ទឹក​ក៏​ងាប់​ត្រី​ដែរ ។ ម្ចាស់​ចំការ​ដែល​គាត់​កំពុង​ជួយ​សំអាត​មើមត្រាវ​ឱ្យ​នេះ​ឈ្មោះ ហំ ។ ​កាលពី​ម្សិល​មិញ ពេល​គាស់​មើមត្រាវ​សរុប លក់​បាន​តែ​១​តោន​៣០​គីឡូក្រាម​ប៉ុណ្ណោះ លក់​បាន​លុយ​ជាង​៣​លាន​រៀល ថ្ងៃនេះ​ម្ចាស់​ឈឺ​លែង​មក​ចំការ ដោយសារ​បាក់ទឹក​ចិត្ត​ ព្រោះ​ខាតដើមទុន​​ច្រើន​ពេក ។ បើ​តាម​គាត់​បានដឹង ម្ចាស់​ចំការ​បាន​ចំណាយ​ប្រាក់​ជាង​១២​លាន​រៀល ក្នុង​ការ​ដាំ​ដុះ​ដំណាំ​ត្រាវនា​​ឆ្នាំ​នេះ ។

ដោយឡែក​នៅ​ព្រឹក​នោះ​ផង​ដែរ​ មាន​ក្រុម​ឈ្មួញ​៣-៤​នាក់​បាន​ជិះ​​ម៉ូតូ​មក​ទិញ​មើមត្រាវ​ដល់​ចំការ ដោយ​ពួក​គាត់​ប្រាប់​ថា​ ពួក​គាត់​ទិញ​ក្នុង​មួយ​គីឡូ​ក្រាម​២៥០០​រៀល ដោយ​ក្នុង​ម្នាក់​ទិញ១០០គីឡូក្រាម ហើយ​បាន​ដឹក​យក​ទៅ​លក់​នៅ​ខេត្តកំពង់ស្ពឺ ដោយ​បាន​តម្លៃ៣៥០០ រៀល​ក្នុង​មួយ​គីឡូក្រាម ដោយ​ក្នុង​១​ជើង ពួក​គាត់ អាច​រក​ចំណូល​បាន​១០​ម៉ឺន​រៀល​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ