ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អស្ចារ្យ​ម្ល៉េះ​! រថយន្ត​ធុន​តូច​កែ​ច្នៃ​ពី​ធុង​សាំង​មាន​តែ​មួយ​គត់​ក្នុង​ប្រទេស​កម្ពុជា​(​វី​ដេ​អូ​)

3 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​សរសើរ ខណៈ​មាន​បុរស​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដោយ​បាន​កាត់​ធុងសាំង​មក​បង្កើត​ជា​រថយន្ត​ធុន​តូច​ងាយស្រួល​ជិះ​ជាង​ម៉ូតូ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តែ​មួយ​គ្រឿង​នេះ​តែ​ប៉ុណ្ណោះ​។…

ខេត្តកំពង់ចាម ៖ ពិតជា​គួរ​ឱ្យ​សរសើរ ខណៈ​មាន​បុរស​ចំណាស់​ម្នាក់​រស់នៅ​ភូមិ​ទី​៦ សង្កាត់​វាល​វង់ ក្រុង​កំពង់ចាម មានគំនិត​ច្នៃប្រឌិត​ខ្ពស់ ដោយ​បាន​កាត់​ធុងសាំង​មក​បង្កើត​ជា​រថយន្ត​ធុន​តូច​ងាយស្រួល​ជិះ​ជាង​ម៉ូតូ ហើយ​នៅ​ក្នុង​ប្រទេស​កម្ពុជា មាន​តែ​មួយ​គ្រឿង​នេះ​តែ​ប៉ុណ្ណោះ​។

បើ​តាម​លោក ខៀវ ណា​វី វ័យ​៦៥​ឆ្នាំ មាន​ប្រសាសន៍​ឲ្យ​ដឹង​នៅ​រសៀល​ថ្ងៃ​ទី​៧ មិថុនា​២០២០​ថា រថយន្ត​កែ​ច្នៃ​ធុន​តូច​១​គ្រឿង ត្រូវ​បាន​ផ្សំ​ឡើង​ពី​ធុងសាំង ម៉ាស៊ីន​ម៉ូតូ C100 កូរ៉េ ដោយ​ត្រូវ​បាន​ដំឡើង​ក្នុង​ចុងឆ្នាំ​២០១៩ និង​រួចរាល់​ក្នុង​ឆ្នាំ​២០២០ ហើយ​ចំណាយ​ទឹកប្រាក់​អស់​ជាង​១.០០០​ដុល្លារ គឺ​បាន​បង្កើត​ឡើង​ដោយ​ស្នាដៃ​របស់​គាត់​តែ​ម្នាក់​គត់ សម្រាប់​ជិះ​នៅ​ក្នុង​ក្រុង​កំពង់ចាម និង​​ទៅ​ចំការ​នៅ​ឯ​ទន្លេ​បិទ ស្ថិត​ក្នុងស្រុក​ត្បូងឃ្មុំ ខេត្ត​ត្បូងឃ្មុំ​។

បុរស​ចំណាស់​ខាងលើ មាន​ប្រសាសន៍​បន្ត​ថា ក្នុង​ពេល​ដែល​គាត់​បាន​បង្កើត​ឡើង​រួចរាល់​ដំបូង​គឺ​បាន​ជិះ​សាកល្បង​ផ្លូវ​ជិត​ៗ ប្រសិនណាបើ​មាន​បញ្ហា​អ្វីមួយ​នោះ គាត់​នឹង​ដោះ​ដូរ​កែ​ច្នៃ​មិន​ឲ្យ​ទើស​ចិត្ត​ឡើយ​។ រថយន្ត​ធុន​តូច​នេះ ដែល​បាន​កែ​ច្នៃ​ឡើង​ដោយ​ដៃ​សុទ្ធសាធ​តែ​ម្តង ហើយ​ជិះ​បាន​ចំនួន​២​នាក់ តែបើ​ចង់​ជិះ​៤​នាក់​នោះ​គឺ​អាច​ធ្វើ​បាន​ដោយ​កែប្រែ​ទំហំ​ឲ្យ​ធំ​ជាង​នេះ​បន្តិច​។ កន្លង​​ទៅ​ថ្មី​ៗ ក៏​មាន​ក្រុមហ៊ុន​រថយន្ត​មួយ​នៅ​រាជធានី​ភ្នំពេញ បាន​ចុះ​មក​ពិនិត្យ​មើល​រថយន្ត​ដែល​គាត់​បាន​ដំឡើង និង​សូម​យក​ទៅ​តាំងពិព័រណ៍​នៅ​រាជធានី​ភ្នំពេញ ដែរ តែ​គាត់​មិន​បាន​ឆ្លើយ​តប​នោះ​ទេ​។

ជាមួយ​នោះ គាត់​ក៏​ស្នើ​សុំ​ឲ្យ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន ជួយ​ចេញ​ស្លាក​លេខ​ឱ្យ​រថយន្ត​ដែល​គាត់​បាន​កែ​ច្នៃ​នេះ​ផង​ដែរ ដើម្បី​ងាយស្រួល​ធ្វើ​ចរាចរណ៍​នៅ​ក្នុង​ក្រុង​កំពង់ចាម និង​ជិះ​ទៅ​កាន់​កន្លែង​ផ្សេង​ៗ​ទៀត​។ ហើយដោយ​សារ​តែ​មើលឃើញ​ពី​ស្នាដៃ​ល្អ​របស់​គាត់ ក៏​មាន​ឧកញ៉ា​ម្នាក់​នៅ​រាជធានី​ភ្នំពេញ មាន​គោលបំណង​ចង់ក​ម្មង់​ទិញ​ចំនួន​១០​គ្រឿង​ទៀត​ផង ដោយ​ក្នុង​មួយ​គ្រឿង​តម្លៃ​២.៥០០​ដុល្លារ ដែល​ធ្វើ​ទៅ​ស្អាត​ច្នៃ​ឡើង​ពី​ម៉ាស៊ីន auto ។

បុរស​ចំណាស់ ខៀវ ណា​វី បាន​បញ្ជាក់​ថា ក្នុង​ពេល​អនាគត បើ​មាន​ក្រុមហ៊ុន​ណាមួយ​ចង់​បន្ដាក់​ទុន​ដំឡើងរថយន្ត​ដូចដែល​គាត់​បាន​កែ​ច្នៃ​នេះ គឺ​ស្វាគមន៍​ជា​និច្ច ហើយនឹង​ប្រឹងប្រែង​ឱ្យ​អស់ពី​លទ្ធភាព ដើម្បី​ឱ្យ​ប្រទេស​កម្ពុជា​មានកេរ្តិ៍ឈ្មោះ​បោះ​សំឡេង​នៅ​លើ​ឆាក​អន្តរជាតិ មិន​ចាញ់​បណ្ដាល​ប្រទេស​ផ្សេង​ៗ​នោះ​ទេ​។

គួរ​រំលឹក​ថា កាលពី​ក្នុង​របប​៣​ឆ្នាំ ៨​ខែ និង​២០​ថ្ងៃ ក្នុង​គ្រានោះ​គាត់​ជា​អ្នក​កែ​ច្នៃ​ម៉ាស៊ីន​ទី ប្រើ​ឃ្យូ​ង​មក​ប្រើ​សាំង និង​ពី​ម៉ាស៊ីន​ប្រើ​ម៉ា​ស៊ូ​ត មក​ប្រើ​ចំហាយ​ទឹក ដែល​មានស្រុក កំណើត​នៅ​ស្រុក​ចំការលើ ក្នុង​ខេត្តកំពង់ចាម​។

សូម​បញ្ជាក់​ថា រថយន្ត​ធុន​តូច​ទើបតែ​មាន​មួយ​គ្រឿង​នេះ គឺ​មាន​លក្ខណៈ​ដូច​ទៅ​នឹង​រថយន្ត​ដែរ ដោយ​អាច​បើក​ទៅ​មុខ និង​រ៉ឺ​យ៉ែ​ថយក្រោយ​ក៏​បាន ឬ​បត់បែន​បាន​ដោយ​ងាយ ស្រួល​ទៀត ហើយ​រថយន្ត​ទី​២ ដែល​គ្រោង​ដំឡើង​ក្នុង​ពេល​ខាង​មុខ និង​ដាក់​ម៉ាស៊ីន​ប្រើ​លេខ​អូ​តូ ប្រសិនណាបើ​គាត់​ខំប្រឹង​ដំឡើង​នោះ ប្រើ​ពេល​មិន​ដល់​១​ខែ​ទេ​នឹង​រួចរាល់​ហើយ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ