ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមប្រឹក្សា​ក្រុង​បោះ​ឆ្នោត​រុះរើ នាយកដ្ឋាន​ប៉ូ​លី​ស Minneapolis ដោះស្រាយ​ការ​រើសអើង​ជាតិ​សាសន៍

3 ឆ្នាំ មុន

សហរដ្ឋអាមេរិក ៖ ក្រុមប្រឹក្សា​ក្រុង​មី​នី​អា​ប៉ូលិស Minneapolis កាលពី​ថ្ងៃអាទិត្យ(ម៉ោងក្នុងតំបន់) បាន​បោះ​ឆ្នោត ដើម្បី​រុះរើ​នាយកដ្ឋាន​ប៉ូ​លី​សក្នុង​ទីក្រុង​នេះ ដែល​ក្នុង​នោះ អតីតមន្ត្រី​ប៉ូលិស ៤​រូប…

សហរដ្ឋអាមេរិក ៖ ក្រុមប្រឹក្សា​ក្រុង​មី​នី​អា​ប៉ូលិស Minneapolis កាលពី​ថ្ងៃអាទិត្យ(ម៉ោងក្នុងតំបន់) បាន​បោះ​ឆ្នោត ដើម្បី​រុះរើ​នាយកដ្ឋាន​ប៉ូ​លី​សក្នុង​ទីក្រុង​នេះ ដែល​ក្នុង​នោះ អតីតមន្ត្រី​ប៉ូលិស ៤​រូប ត្រូវ​បាន​ចោទប្រកាន់​ពាក់ព័ន្ធ​នឹង​ការ​ស្លាប់​របស់​បុរស​ស្បែក​ខ្មៅ​ម្នាក់ ដែល​បង្ក​ឱ្យ​មានការ​តវ៉ា​ទូ​ទាំង​ប្រទេស នេះ​បើ​តាម​សារព័ត៌មាន​ចិន ស៊ី​ន​ហ៊ួ​រ ។

សមាជិក​ចំនួន​០៩​រូប ដែល​ជា​សមាជិក​ជាន់ខ្ពស់ នៃ​សមាជិក​សភា ដែល​មាន​សមាជិក​ចំនួន​១៣​រូប​នោះ បាន​បោះ​ឆ្នោត ដើម្បី​រំសាយ​នាយកដ្ឋាន​ប៉ូ​លី​ស Minneapolis ហៅ​កាត់ MPD ដែល​ត្រូវ​បាន​គេ​ចោទប្រកាន់​ជា​យូរ​មក​ហើយ អំពី​ការ​រើសអើង​ជាតិ​សាសន៍ ។

កាលពី​ថ្ងៃអាទិត្យ នៅ​ក្នុង​ការ​ប្រជុំ​សហគមន៍​ជាមួយ​សកម្មជន នៅ​ឧទ្យាន​ផា​ន​ហន ប្រធាន​ក្រុមប្រឹក្សា​ក្រុង បាន​មាន​ប្រសាសន៍​ថា “​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង គឺ​បញ្ចប់​ការ​រើសអើង​ជាតិ​សាសន៍​នៅ​ក្នុង​ទីក្រុង​នេះ ជាមួយ​នាយកដ្ឋាន​ប៉ូ​លី​ស Minneapolis ដូចដែល​យើង​បានដឹង​ហើយ ការ​បង្កើត​ប្រព័ន្ធ​សុវត្ថិភាព​សាធារណៈ គឺ​ដើម្បី​ការពារ​យើង​ឲ្យ​មាន​សុវត្ថិភាព​” ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​សមាជិក​នៃ​ក្រុមប្រឹក្សា បាន​និយាយ​ថា “​ការ​ខិតខំ​ធ្វើ​កំណែទម្រង់​របស់​ប៉ូ​លី​ស​ជា​ច្រើន​ទស​វត្ស បាន​បង្ហាញ​ថា នាយកដ្ឋាន​ប៉ូ​លី​ស Minneapolis មួយ​នេះ​មិន​អាច​ធ្វើ​កំណែទម្រង់​ហើយ​និង​មិន​ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​របស់​ខ្លួន​ទៀត​” ។

អភិបាលក្រុង​មី​នី​អា​ប៉ូលិស លោក Jacob Frey បាន​និយាយ​នៅ​ក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា លោក​នឹង​ធ្វើការ​ឆ្ពោះទៅ​រក​កំណែទម្រង់ និង​ដោះស្រាយ​ការ​រើសអើង​ជាតិ​សាសន៍​ដែល​មាន​លក្ខណៈ​ជា​ប្រព័ន្ធ​នៅ​ក្នុង​វប្បធម៌​ប៉ូ​លី​ស ។

អភិបាលក្រុង​រូប​នេះ បាន​សង្កត់ធ្ងន់​ថា អាជ្ញាធរ​ក្រុង​នឹង​ចូលរួម​ក្នុង “​យុទ្ធសាស្ត្រ​ដឹកនាំ​ដោយ​សហគមន៍ និង​សុវត្ថិភាព​សាធារណៈ​បន្ថែម​ទៀត​” ។

ការ​សម្រេចចិត្ត​ធ្វើ​កំណែទម្រង់​របស់​ក្រុមប្រឹក្សា​ក្រុង បាន​កើតឡើង ខណៈ​ពេល​មានការ​តវ៉ា និង​អំពាវនាវ​ឱ្យ​បញ្ចប់​អំពើ​ហិង្សា​របស់​ប៉ូ​លី​ស ដែល​បាន​កើតឡើង​បន្ទាប់​ពី​មរណភាព​របស់​លោក ច​ច ផ្ល​យ កាលពី​ថ្ងៃ​ទី ២៥ ខែឧសភា ក្រោម​កណ្តាប់ដៃ​មន្ត្រី​ប៉ូលិស​០៤​រូប នៃ MPD ដោយ​មាន​ម្នាក់​ក្នុង​ចំណោម​ពួក​គេ បាន​លុតជង្គង់​លើ​កញ្ចឹងក​របស់ Floyd អស់​រយៈពេល​ជិត​៩​នាទី ។ មន្ត្រី​ទាំង​៤​រូប ត្រូវ​បាន​បណ្តេញចេញ ដោយ​ប្រឈម​នឹង​ការ​ចោទប្រកាន់​ពី​បទ​ព្រហ្មទណ្ឌ ។

មរណភាព​របស់​បុរស​ស្បែក​ខ្មៅ​រូប​នេះ​ហើយ បាន​បង្ក​ឱ្យ​មានការ​តវ៉ា​ប្រឆាំង​នឹង​ភាព​សាហាវឃោរឃៅ​របស់​ប៉ូ​លី​ស និង​ភាព​អយុត្តិធម៌​ពូជសាសន៍ ដែល​មិន​ត្រឹមតែ​រីក​រាលដាល​ពាសពេញ​សហរដ្ឋអាមេរិក​ប៉ុណ្ណោះ​ទេ ថែម​ទាំង​បាន​រាលដាល​ពាសពេញ​តំបន់​ផ្សេង​ទៀត​នៃ​ពិភពលោក​ផង​ដែរ ពិសេស​តំបន់​អឺរ៉ុប ។

ចំណែកឯ​អភិបាល​រដ្ឋ មី​នី​សូ​តា លោក Tim Walz ក៏​បាន​ប្រកាស​កាលពី​ថ្ងៃ​អង្គា​រស​ប្ដា​ហ៍​មុន ដែល​ក្នុង​នោះ​លោក​បាន​និយាយ​ថា​នាយកដ្ឋាន​សិទ្ធិ​មនុស្ស​របស់​រដ្ឋ​មី​នី​សូ​តា នឹង​បើក​ការ​ស៊ើបអង្កេត​លើ​គោលនយោបាយ​នីតិវិធី និង​ការ​អនុវត្តន៍​របស់​នាយកដ្ឋាន​ប៉ូ​លី​ស Minneapolis ក្នុង​រយៈពេល​១០​ឆ្នាំ​កន្លង​មកនេះ ។ ដើម្បី​កំណត់​ថា តើ​ពួក​គេ​បាន​ចូលរួម​ក្នុង​ការ​អនុវត្ត​ការ​រើសអើង​ជា​ប្រព័ន្ធ​ដែរ​ឬទេ​ ?

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ