ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទើបតែ​ទិញ​រួច​មិន​ទាន់​បាន​អី​ផង ក៏ត្រូវ​​​សមត្ថកិច្ច​ឃើញ​ទាន់​ផ្អើល​អស់​​៤​ខណ្ឌ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ទិញ​គ្រឿងញៀន ដើម្បី​យក​ទៅ​ជក់ ក៏​ស្រាប់តែ​បាន​ជួបនឹង​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ កំពុង​​ជិះ​ល្បាត​ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ…

រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា ជនសង្ស័យ​២​នាក់​​ជិះ​ម៉ូតូឌុប​គ្នា​មក​ពី​ទិញ​គ្រឿងញៀន ដើម្បី​យក​ទៅ​ជក់ ក៏​ស្រាប់តែ​បាន​ជួបនឹង​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​សែន​សុខ កំពុង​​ជិះ​ល្បាត​ត្រង់​ចំណុច​មុខ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ តាម​បណ្ដោយ​ផ្លូវ​២៧១ ស្ថិត​ក្នុង​សង្កាត់​​ទឹកថ្លា ខណ្ឌ​សែន​សុខ ធ្វើ​ឲ្យ​ជនសង្ស័យ​ទាំង​២​នាក់​ភ័យ​ស្លន់ស្លោ​ក៏​ជិះ​រត់គេច តែ​ត្រូវ​សមត្ថកិច្ច​ជិះ​ដេញ​តាម​ពីក្រោយ ដោយ​ឆ្លងកាត់​ខណ្ឌទួលគោក ដល់​ខណ្ឌ​ឬ​ស្សី​កែវ រហូត​ជនសង្ស័យ​ជិះ​ទៅ​បុក​ម៉ូតូ​២​គ្រឿង​ទៀត ទើប​អាច​ឃាត់ខ្លួន​បាន​នៅ​ត្រង់​ចំណុច​ខាងក្រោយ​វត្ត​ឧណ្ណាលោម តាម​បណ្ដោយ​ផ្លូវ​លេខ​១៣ ស្ថិត​ក្នុង​សង្កាត់​ជ័យ​ជំនះ ខណ្ឌដូនពេញ បង្ក​ឲ្យ​មាន​ការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​១​រំលង​អធ្រាត្រ​ឈាន​ចូល​ថ្ងៃ​ទី​៨ ខែមិថុនា ឆ្នាំ​២០២០​។

សេចក្តីរាយការណ៍​បន្ត​ថា ៖ ជនសង្ស័យ​ខាងលើ ១-​ឈ្មោះ ខែ​ម ខៃ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​ភូមិ​ព្រៃ​សង្គម ឃុំ​ច្រេះ ស្រុក​មេ​សាង ខេត្តព្រៃវែង ២-​ឈ្មោះ ប៊ែ​ត សំបូរ ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ជា​កសិករ ស្នាក់​នៅ​ភូមិ​សំ​ពណ៌ ឃុំ​ព្រៃ​ទទឹង ស្រុក​មេ​សាង ខេត្តព្រៃវែង​។

តាម​ប្រភព​ពី​កម្លាំង​សមត្ថកិច្ច​អន្តរាគមន៍​ខណ្ឌ​សែន​សុខ បាន​ប្រាប់​ឲ្យ​ដឹង​ថា នៅ​មុន​ពេល​កើត​ហេតុ កម្លាំង​សមត្ថកិច្ច​បាន​ជិះ​ម៉ូតូ​ល្បាត​ក្នុង​មូលដ្ឋាន ដើម្បី​ទប់ស្កាត់​បទល្មើស​ផ្សេង​ៗ​ដែល​អាច​កើតឡើង​ដោយ​ប្រការ​ណាមួយ​។ លុះ​មក​ដល់​ចំណុច​ខាងលើ ក៏​ប្រទះ​ឃើញ​ជនសង្ស័យ​ទាំង​២​នាក់​ជិះ​ម៉ូតូ​មួយ​គ្រឿង ម៉ាក​ស៊ុ​យ​ស័​រ​គី​លែ​ត ពណ៌​ក្រហម ពាក់​ស្លាក​លេខ ព្រៃវែង 1O-6107 គួរ​ឲ្យ​សង្ស័យ សមត្ថកិច្ច​ក៏​ហៅ​ឲ្យ​ឈប់ ដើម្បី​ធ្វើការ​ឆែកឆេរ​ត្រួតពិនិត្យ​។

សមត្ថកិច្ច​បន្ត​ថា ខណៈ​ពេល​នោះ ជនសង្ស័យ​ក៏​ធាក់​ម៉ូតូ​របស់​សមត្ថកិច្ច រួច​ព្យាយាម​ជិះ​រត់គេច​ខ្លួន តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ជិះ​ដេញ​តាម​ពីក្រោយ​។ ដោយ​ជនសង្ស័យ​ជិះ​ម៉ូតូ​រត់គេច​ឆ្លង​ចូល​ទៅ​ខណ្ឌទួលគោក និង​ខណ្ឌ​ឬ​ស្សី​កែវ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ខណ្ឌ​ចេញ​មក​ជួយ​ចាំ​ស្ទាក់​ចាប់​ផង​ដែរ​។ បន្ទាប់​មក​ជនសង្ស័យ​ក៏​ជិះ​រត់​បន្ត​ឆ្លង​ចូល​ទៅ​ខណ្ឌដូនពេញ​ទៀត តាម​​បណ្ដោយ​ផ្លូវ​លេខ​១៣​ពី​ជើង​ទៅ​ត្បូង និង​ក្នុង​ល្បឿ​ង​យ៉ាង​លឿន​។

សមត្ថកិច្ច​បន្ត​ទៀត​ថា លុះ​មក​ដល់​ចំណុច​កើតហេតុ ដោយ​ជនសង្ស័យ​ភ័យ​ស្លន់ស្លោរ​ក៏​ជ្រុល​ទៅ​បុក​ពីក្រោយ​ម៉ូតូ​ចំនួន​២​គ្រឿង ដោយ​មួយ​គ្រឿង​ម៉ាក ZOOMER-X ពណ៌​សលាយ​ទឹកក្រូច ពាក់​ស្លាក​លេខ ភ្នំពេញ​1GW-8281 ដែល​បើក​ដោយ​បុរស​ម្នាក់​បណ្តាល​ឲ្យ​រង​របួសស្រាល រីឯ​ម៉ូតូ​រង​ការ​ខូចខាត​ផ្នែក​ខាងក្រោយ​។ ចំណែក​មួយ​គ្រឿង​ទៀត ម៉ាក​សង់​ប៉ិច ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ ភ្នំពេញ​1BF-5219 បើក​ដោយ​បុរស​ម្នាក់​របួសស្រាល ឯ​ម៉ូតូ​ខូចខាត​បន្តិចបន្តួច​។ ដោយឡែក​ម៉ូតូ​របស់​ជនសង្ស័យ​វិញ​ខូចខាត​យ៉ាងដំណំ ចំណែក​ជនសង្ស័យ​ទាំង​ពីរ ក៏​ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ក្របួច​ភ្លាម​ៗ​តែ​ម្ដង​។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច​ជនសង្ស័យ​ទាំង​ពីរ​នាក់​ឆ្លើយ​សារភាព​ថា ពួក​គេ​ទើបតែ​មក​ពី​លេង​ផ្ទះ​ម្តាយ​​នៅ​ឯ​ភ្នំពេញ ហើយ​ក៏​ចង់​ត្រឡប់​ទៅ​ផ្ទះ​នៅ​ឯ​ខេត្តព្រៃវែង​វិញ​នៅ​ព្រឹកស្អែក ប៉ុន្តែ​មុន​ពេល​ទៅ​​ផ្ទះវិញ ខ្លួន​ក៏​ឆ្លៀត​នាំ​គ្នា​មក​ទិញ​គ្រឿងញៀន​នៅ​ម្តុំ​បឹង​ឈូក ចំនួន​៤​ម៉ឺន​រៀល ប៉ុន្តែ​ទិញ​យក​ទៅ​មិន​ទាន់​នឹង​បាន​ជក់​ផង ក៏​ជិះ​មក​ជួប​ជាមួយនឹង​សមត្ថកិច្ច​ល្បាត ហើយដោយ​សារ​តែ​ពួក​គេ​ភ័យ​ស្លន់ស្លោ​ពេក ក៏​បោះចោល​ថ្នាំ​ញៀន រួច​ជិះ​រត់​ពី​សមត្ថកិច្ច​តែ​ម្ដង​។

បច្ចុប្បន្ន​ជនសង្ស័យ​ទាំង​ពីរ​នាក់ រួម​ទាំង​វត្ថុ​តាំង និង​ម៉ូតូ​របស់​ជន​រង​គ្រោះ​ចំនួន​២​គ្រឿង​ត្រូវ​កម្លាំង​​សមត្ថកិច្ច​ដឹក​បញ្ជូន​ទៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​សែន​សុខ ដើម្បី​សាកសួរ និង​កសាង​សំណុំរឿង រង់ចាំ​ធ្វើការ​ចាត់ការ​ទៅ​តាម​នីតិវិធី​ជា​បន្ត​ទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ