ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អតីត​តារា​សម្តែង​ទសវត្សរ៍​80 លោក​ចាន់ សា​រុន សន្សំ​ចិត្ត​ចង់​វិល​ចូល​សិល្បៈ​វិញ​

3 ឆ្នាំ មុន

អតីតតារាសម្តែងនាទស្សវត្សន៍ឆ្នាំ៨០​និង៩០ លោក ចាន់ សារុន​ បានសន្សំចិត្តចង់​ចូល​រួម​បម្រើ​សិល្បៈ​ខ្មែរ​ជាថ្មីឡើងវិញ ។ បើទោះបីជាពេលនេះ លោកបាននឹង​កំពុងកសាង​​ជីវភាព​ថ្មីលើ​ទឹក​ដីប្រទេស​បារាំង និង​បាន​ឆ្លៀតឆ្ងាយពីសិល្បៈនេះអស់ជាច្រើនឆ្នាំក៏ដោយ​ ។…

អតីតតារាសម្តែងនាទស្សវត្សន៍ឆ្នាំ៨០​និង៩០ លោក ចាន់ សារុន​ បានសន្សំចិត្តចង់​ចូល​រួម​បម្រើ​សិល្បៈ​ខ្មែរ​ជាថ្មីឡើងវិញ ។ បើទោះបីជាពេលនេះ លោកបាននឹង​កំពុងកសាង​​ជីវភាព​ថ្មីលើ​ទឹក​ដីប្រទេស​បារាំង និង​បាន​ឆ្លៀតឆ្ងាយពីសិល្បៈនេះអស់ជាច្រើនឆ្នាំក៏ដោយ​ ។ ទស្សនិកជន​ខ្មែរ ដែលនិយម​ទស្សនារឿងខ្មែរ​នាទស្សវត្សន៍​ឆ្នាំ៩០នោះ ប្រហែលជាមិនទាន់អាចមុខតារាសម្តែងលោក ចាន់ សារុន ឡើយ​តាមរយៈ​ការ​សម្តែង​ជាតួឯកជាមួយអ្នកនាង សុខ ស្រូមុំ តាមរយៈរឿង រឿងខ្ញុំខុសហើយ​កាលពី​អំឡុងឆ្នាំ១៩៩៤ ក្រោយ​ពេលលោកបានវិលមកស្រុកខ្មែវិញ។

យ៉ាងណា បើទោះបីជាលោកចាន់ សារុន កំពុងផ្ញើវាសនានៅប្រទេសទី៣ក៏ដោយ ប៉ុន្តែលោកមិនដែល បោះបង់ចោលអាជីពជាតារាសម្តែងនោះឡើយពោលនៅប្រទេសបារាំងលោកក៏ជាអ្នកសិល្បៈមួយរូបដែលបានបង្កើតជាក្រុមសិល្បៈ សម្តែងជូនបងប្អូនខ្មែរយើងបានទស្សនៅទីនោះផងដែរ។ លោក ចាន់ សារុន បានអះអាងប្រាប់កោះសន្តិភាពតាមសារអេឡិចត្រូនិចពីទឹកដីប្រទេសបារាំងកាលពីពេលថ្មីៗនេះថា លោក​ពិតជាមានការនឹករលឹកយ៉ាងខ្លាំងមកដល់ប្រទេសកម្ពុជា ជាពិសេសមិត្តភក្តិចាស់ៗដែល ជាអ្នក​សិល្បៈរួម​ជំនាន់ជាមួយលោកដែលខ្លះរស់នៅស្រុកខ្មែរ និងខ្លះកំពុងរស់នៅតាមបណ្តាប្រទេសផ្សេងៗ។

លោកថា បើទោះបីជាលោកបាននឹងកំពុងរស់នៅប្រទេសក្រៅក៏ដោយ ​ប៉ុន្តែបេះដូងរបស់លោក​មិន​ដែល​ចេញ​ទៅណាឆ្ងាយពីវិស័យសិល្បៈនេះឡើយ ពោលគឺលោកនៅតែប្រកបអាជីពមួយនេះដដែល ហើយ​ក៏មានបំណងចង់ចូលរួមសម្តែងជាថ្មីជាមួយប្អូនៗ ដែលជាអ្នកសិល្បៈជំនាន់ក្រោយផងដែរ។ លោក​បញ្ជាក់ថា រហូតមកទល់ពេលនេះ លោកតែងតែសន្សំចិត្តចង់ចូលសម្តែងជាថ្មី បើទោះបីជាវត្តមាន​របស់លោកជាអ្នកសម្តែងហាក់ត្រូវបានទស្សនិកជនខ្លះប្រហែលភ្លេចមុខក៏ដោយ ព្រោះបេះដូង​របស់​លោក​គឺនៅតែស្រឡាញ់សិល្បះ និងចង់លើកស្ទួយវិស័យសិល្បៈខ្មែរយើងផងដែរ។

បើតាម​លោក ចាន់ សារុន នៅក្នុងប្រទេសបារាំងនេះលោកក៏បានបង្កើតជាក្រុមសិល្បៈមួយក្រុម ក្នុង​នោះ ក៏មានកូនចៅរបស់លោកផងដែរ ដែលមានជាក្រុមសម្តែងរបាំខ្មែរ ល្ខោននិយាយ និងល្ខោនបាសាក់ ដើម្បី​សម្តែងឲ្យបងប្អូនយើងនៅទីនេះបានទស្សនាផងដែរ។ លោកថា នៅទីនេះមានបងប្អូនយើងបានស្គាល់​លោក​​ច្រើន តាមរយៈការហៅងារលោកជានាយ ប៉ាវ ព្រោះលោកបានចេញសម្តែងច្រើននៅទីនេះ ខណៈ​ពេលដែលលោកក៏ធ្លាប់ត្រូវបានគេទទួលស្គាល់ជាហូរហែ​មកដែរតាំងពីស្នាក់នៅជំរុំប្រទេសថៃ​មុនមក​ដល់ប្រទេសបារាំង។

លោក ចាន់ សារុន បានឲ្យដឹងបន្ថែមថា​ ក្រោយបែកសម័យខ្មែរក្រហមលោកត្រូវបានគេជម្លៀស​ទៅនៅ​ជំរុំឈុនបុរី នៃប្រទេសថៃ ហើយនៅទីនោះលោកក៏បានប្រមូលផ្តុំគ្នាជាមួយអ្នកសិល្បៈមួយ​ចំនួននៅទីនោះ ដើម្បីបង្កើតជាការសម្តែងសិល្បៈឲ្យបងប្អូនខ្មែរនៅជំរុំនោះ និងកងទ័ពអាមេរិកបានទស្សនាផងដែរ។ ក្រោយ​មក លោកក៏ត្រូវបានគេឲ្យមករស់នៅក្នុងកោះមួយនៃប្រទេសឥណ្ឌូនេស៊ី ហើយដែលពេលនោះ លោកក៏បានបង្កើតក្រុមល្ខោនបាសាក់មួយក្រុមសម្តែងនៅទីនោះផងដែរ។

បន្ទាប់មក លោកបានជ្រើសរើសប្រទេសបារាំង ដើម្បីជាប្រទេសសម្រាប់ស្នាក់អាស្រ័យ ខណៈ​ពេលដែល​មានមិត្តភក្តិរបស់លោកមួយចំនួនទៀតបានជ្រើសរើសប្រទេសអូស្ត្រាលី កាណាដា អាមេរិក អាល្លឺម៉ង់ ប៊ែល​ហ្ស៊ិច និងប្រទេសមួយចំនួនទៀតសម្រាប់ការរស់នៅ ។ លោកបញ្ជាក់ថា នៅក្នុងឆ្នាំ១៩៩៣ លោកក៏​មានឱកាស​បានត្រឡប់មកកាន់ប្រទេសកម្ពុជាជាថ្មី ដែលពេលនោះហើយលោកក៏បាន​ចាប់ដៃគ្នាជាមួយ​តារារួមជំនាន់មានលោក យស បូវណ្ណះ និងលោក សុវណ្ណមុន្នី សម្តែងរួមគ្នាថតចម្រៀង​កាយ​វិការ​នាជំនាន់​នោះ។

យ៉ាងណា ប្រឡូកក្នុងសិល្បៈ​ស្ទើរពេញមួយជីវិតមែន ប៉ុន្តែលោកបានសម្តែងភាពយន្តបានតែមួយ​រឿង​ប៉ុណ្ណោះគឺរឿង «រឿង​ខ្ញុំខុសហើយ» ដែលលោកបានសម្តែងជាមួយតួឯកស្រីអ្នកនាង សុខ ស្រីមុំប៉ុន្តែ​សម្រាប់​ចម្រៀង​កាយវិកាគឺលោកបានសម្តែងច្រើនបទ ។ ក្រៅពីអាជីពសម្តែង​លោក ចាន់ សារុន ក៏ជា​អ្នកសម្តែងល្ខោនបាសាក់ដ៏ល្បីមួយរូបផងដែរ ក្នុងពេលដែលលោកបានប្រឡងជាប់ផ្នែកដឹកនាំ និង​សម្តែងកុន និងទទួលបានប័ណ្ណសសើរមួយពីប្រទេសថៃផងដែរ​ ក្នុងពេលដែល​លោកបានសម្តែង​នៅ​ជុះរុំ​ភៀសខ្លួននោះ។

លោក ចាន់ សារុន បានរៀបការជាមួយភរិយា ដែលជាការរៀបចំរបស់​ប៉ុលពត កាលពីអំឡុងឆ្នាំ១៩៧៥ ប៉ុន្តែក្នុងអំឡុងពេលនោះ លោកនឹងភរិយាបានសុំគ្នារាប់អានជាបងប្អូនប៉ុណ្ណោះ ​តែក្រោយ​ថ្ងៃរំដោះ​លោក​ទាំងពីរនាក់ក៏សម្រេចចិត្តរស់នៅជាមួយគ្នា ជាប្តីប្រពន្ធរហូតមកតែម្តង។ បច្ចុប្បន្ន លោកមានកូនចំនួន៧​នាក់ ហើយកូនៗរបស់លោក គឺមានគ្រួសារអស់ហើយ និងកំពុងស្នាក់ប្រទេសបារាំងជាមួយនឹងរូបលោក ហើយ​ពួកគេទាំងអស់នោះ ក៏ជាអ្នកសម្តែងសិល្បៈក្នុងក្រុមរបស់លោកផងដែរ៕ ​

អត្ថបទសរសេរ ដោយ