ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចិនព្យួរកីឡាករ ៦នាក់ក្នុងឈុត U-19 ៦ខែ ក្រោយល្មើសបទបញ្ជា

3 ឆ្នាំ មុន

ប្រទេស​ចិន ៖ សមាគម​បាល់ទាត់​ចិន (CFA) បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា​កីឡាករ​ចំនួន ៦ នាក់​នៃ​ក្រុម​ជម្រើសជាតិ​បុរស​អាយុ​ក្រោម ១៩​ឆ្នាំ (U-19) ត្រូវ​​ទទួល​រង​ទណ្ឌកម្ម​មិន​ឱ្យ​ពាក់ព័ន្ធ​បាល់ទាត់​រយៈពេល…

ប្រទេស​ចិន ៖ សមាគម​បាល់ទាត់​ចិន (CFA) បាន​ប្រកាស​កាលពី​ថ្ងៃ​សៅរ៍​ថា​កីឡាករ​ចំនួន ៦ នាក់​នៃ​ក្រុម​ជម្រើសជាតិ​បុរស​អាយុ​ក្រោម ១៩​ឆ្នាំ (U-19) ត្រូវ​​ទទួល​រង​ទណ្ឌកម្ម​មិន​ឱ្យ​ពាក់ព័ន្ធ​បាល់ទាត់​រយៈពេល ៦​ខែ ​បន្ទាប់​ពី​ពួក​គេ​បាន​រំលោភ​បទបញ្ជា អំឡុង​ពេល​ស្ថិត​ក្នុង​ជំរំ​ហ្វឹកហាត់ ។

សូម​ជម្រាប​ជូន​ថា ក្រុម U19 បាន​កោះហៅ​កីឡាករ​ចំនួន ៣៥​នាក់​ប្រមូលផ្តុំ​ហ្វឹកហាត់​នៅ​ទីក្រុង​សៀង​ហៃ ដោយ​បិទទ្វារ​ចាប់ពី​ថ្ងៃ​ទី​១៧ ខែឧសភា ដល់​ថ្ងៃ​ទី​៦ ខែមិថុនា ។ អំឡុង​ពេល​នោះ សមាជិក ៦​នាក់​បាន​ចាក​ចេញពី​មូលដ្ឋាន​ហ្វឹកហាត់​របស់​ក្រុម ដោយ​គ្មាន​ការ​អនុញ្ញាត​នៅ​កណ្តាលអធ្រាត្រ​ថ្ងៃ​ទី​៣០ ខែឧសភា ព្រមទាំង​បាន​សេព​គ្រឿង​ស្រវឹង​ផង​ដែរ​។

អង្គភាព​គ្រប់គ្រង​បាល់ទាត់​របស់​ប្រទេស​ចិន បាន​កត់​សម្គាល់ថា «​វា​ជា​ការ​រំលោភ​យ៉ាងធ្ងន់ធ្ងរ​ទៅ​លើ​បទបញ្ជា ដែល​វា​មាន​ផល​ប៉ះពាល់ និង​ជា​គំរូ​មិនល្អ​ដល់​ក្រុម​ទាំងមូល ។ កីឡាករ​ទាំង ៦​នាក់​នឹង​ត្រូវ​បាន​ហាមឃាត់​រាល់​ការ​ប្រកួត ឬ​សកម្មភាព​ពាក់ព័ន្ធ​បាល់ទាត់​ទាំងអស់ ចាប់ពី​ថ្ងៃ​ទី​១ ខែមិថុនា ដល់​ថ្ងៃ​ទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០២០​។

CFA ក៏​បាន​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ទាំងនោះ​នឹង​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ជាមួយ​ក្រុម​ជម្រើសជាតិ ហើយ​ពួក​គេ​នឹង​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ពី​ក្លិប ដែល​ពួក​គេ​កំពុង​ប្រកប​អាជីព​។

គ្រូបង្វឹក​លោក Cheng Yaodong ក៏​បាន​មាន​ប្រសាសន៍​ថា «​វា​គឺជា​ការ​បាត់បង់​សម្រាប់​ក្រុម ហើយ​ពិត​ណាស់​វា​នឹង​ជះ​ឥទ្ធិពល​កាន់តែ​ខ្លាំង ទៅ​លើ​កីឡាករ​ខ្លួនឯង ។ ក្រុម​ជម្រើសជាតិ U-19 និង​ក្លិប​របស់​ពួក​គេ​ទាំងអស់ មាន​ទំនួល​ខុស​ត្រូវ​ចំពោះ​ការ​អប់រំ​ពួក​គេ​។ ហើយ​យើង​គួរតែ​រៀន​ពី​មេរៀន​មួយ​នេះ​»​។

សូម​បញ្ជាក់​ថា ជុំវិញ​បញ្ហា​នេះ CFA ពុំ​បាន​ធ្វើការ​បង្ហាញ​អំពី​អត្តសញ្ញាណ របស់​កីឡាករ​ទាំង ៦​នាក់​ដែល​បាន​សាង​កំហុស​ខ្លាំង​ខាងលើ​នោះ​ទេ​៕ (ដកស្រង់​ចេញពី CGTN)