ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ចង់ដឹងទេ! វិធី​ផលិត​ចំណី​គោ​មានគុណ​ភាពល្អ និង​ប្រូ​តេ​អុី​ន ធ្វើ​ឱ្យធំធាត់លឿន​

3 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ អ្នក​ចិ​ញ្ចឹម​គោ​បំប៉ន​សម្រាប់​លក់​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ បាន​រក​ឃើញ​វិធី​ផលិត​ចំណី​សម្រាប់​ឱ្យ​គោ​ស៊ី មាន​ប្រូតេអុី​ន​ខ្ពស់ គុណភាព​ល្អ​ប្រសើរ និង​ធ្វើ​ឱ្យ​សត្វ​គោ​មាន​ភាព​ធំធាត់…

ខេត្ត​កំពង់ឆ្នាំង ៖ អ្នក​ចិ​ញ្ចឹម​គោ​បំប៉ន​សម្រាប់​លក់​នៅ​ក្នុង​កសិដ្ឋាន​ចិញ្ចឹម​គោ នៅ​ភូមិ​ស្វាយ​ផ្អែម ឃុំ​ស្វាយ​ជុក ស្រុក​សាមគ្គី​មាន​ជ័យ បាន​រក​ឃើញ​វិធី​ផលិត​ចំណី​សម្រាប់​ឱ្យ​គោ​ស៊ី មាន​ប្រូតេអុី​ន​ខ្ពស់ គុណភាព​ល្អ​ប្រសើរ និង​ធ្វើ​ឱ្យ​សត្វ​គោ​មាន​ភាព​ធំធាត់ ល្អ​ជាង​ការ​ឱ្យ​ស៊ី​ស្មៅ​ធម្មតា មិន​ត្រឹមតែ​​ប៉ុណ្ណោះ​ អតិថិជន​ដែល​បាន​ទិញ​គោ​យក​ទៅ​កាប់​នៅ​បាន​សរសើរ​ថា​ សាច់​គោ​មានគុណ​ភាព និង​ក្រហម​ល្អ​ជាង​គោដែល​ស៊ី​ស្មៅ​ធម្មតា ។

ស្ត្រី​ឈ្មោះ ឃា​ម ស្រី​លក្ខណ ដែល​ជា​អ្នក​មើ​ល​ការ​ខុស​ត្រូវ​ក្នុង​ការ​ផលិត​ចំណី​គោ​បានឱ្យ​ដឹង​ថា គាត់​ចេះ​ផលិត​ចំណី​គោ​នេះ តាម​ការ​ណែ​របស់ លោក រស់ វិ​សុ​ទ្ឋ ដែល​ជា​ម្ចាស់​កសិដ្ឋាន​ចិ​ញ្ចឹម​គោ នៅ​ទី​នេះ ។

ស្ត្រី​រូប​នោះ​បាន​បញ្ជាក់​ថា​ ដើម្បី​ផលិត​ចំណី​គោ​ត្រូវ​ប្រើ​វត្ថុធាតុដើម មាន​ដូច​ជា កាក​ដំឡូង​, ​កាក​ពោត ,​កាក​សណ្តែកសៀង, ​មេនំ​ប៉័ង​, កាក​ស្រា​បៀ​, កន្ទក់,​និង​កាក​ដូងប្រេង ដោយ​បាន​កិន​លាយ​បញ្ចូល​គ្នា រួច យក​ទៅ​ផ្អាប់​ទុក​រយៈពេល​២១​ថ្ងៃ ។ បន្ទាប់​មក​ដាក់​ចូល​ម៉ាស៊ីន​កិន​លាយ​មួយ​សារ​ទៀត​ដោយ​បន្ថែម ស្ក​រ​និង​វត្ថុ​ធាតុ​មួយ​ចំនួន​ទៀត ។ លុះ​ពេល​កិន​រួច​ហើយ​ច្រកចូល​កា​រ៉ុ​ង​រក្សា​ទុក​១​ស​ប្តា​ហ៍ ទើប​អាច​យក​ឱ្យ​គោ​ស៊ី​បាន​។

ស្ត្រី​រូប​នោះ​បាន​បន្ត​ថា​៖ គោ​ស៊ី​ចំណី​មាន​ភាព​ធំធាត់​លឿន​ជាង​គោ​ចិ​ញ្ជឹ​ម​ឱ្យ​ស៊ី​ស្មៅ​ធម្មតា ព្រោះ​ការ​ឱ្យ​ចំណី​ត្រឹមតែ​១​ស​ប្តា​ហ៍ គោ​និង​ឡើង​ទម្ងន់​ប្លែក ។​ ដោយហេតុ​នេះ​ហើយ​ទើប​គោ​ដែល​ទិញ​យក​មក​ស្គម ៗ បំប៉ន​ត្រឹម​២​ឬ​៣​ខែ​ធំធាត់​អាច​ចាប់​លក់​ឱ្យ​ម៉ូយ​កាប់​សាច់​បាន​ហើយ ។

ចំណែក​អ្នកទិញ​គោ​យក​ទៅ​កាប់​បានឱ្យ​ដឹង​ថា​៖ សាច់​គោ​ដែល​ស៊ី​ចំណី មានគុណ​ភាព​ឆ្ងាញ់ និង​ពណ៌​ក្រហម ជាង​សាច់​គោ​ស៊ី​ស្មៅ​ធម្មតា ។ ​សព្វ​ថ្ងៃនេះ ចំណី​ដែល​ផលិត​បាន គាត់​បាន​ចែក​ឱ្យ​ប្រជាពលរដ្ឋ ដែល​ចិញ្ចឹម​គោ និង​ក្នុងភូមិ​សាកល្បង ដែរ ដោយ​គិតតែ​ត្រឹម​តម្លៃ​ដើម មិន​ទាន់​លក់​យកចំណេញ​ទេ ។

ស្ត្រី​ជា​អ្នក​ផលិត​ចំណី​គោ​រូប​នោះ​នៅ​បាន​បញ្ជាក់​ថា​៖ គោ​ដែល​មិន​ធ្លាប់​ស៊ី​ចំណី យើង​ត្រូវ​បង្ហាត់​ឱ្យ​វា​ស៊ី ត្រឹម​៣​គីឡូក្រាម ក្នុង​១​ពេល រយៈពេល​២-៣​ថ្ងៃ​វា​ចេះ​ស៊ី​ហើយ យើង​បានឱ្យ​ចំណី​វា​ស៊ី​ចំនួន​៥​គីឡូក្រាម ក្នុង​១​ពេល ក្នុង​១​ថ្ងៃ​យើង​ឱ្យ​វា​ស៊ី​២​ពេល ស្មើ​១០​គីឡូក្រាម​។

សូម​បញ្ជាក់​ថា​ នៅ​កសិដ្ឋាន​ចិញ្ចឹម​គោ​ក្នុងភូមិ​ស្វាយ​ផ្អែម​ខាងលើ​នេះ បច្ចុប្បន្ន​មាន គោ​ចិញ្ចឹម​បំប៉ន​យក​សាច់​ចំណួន​៦០​ក្បាល គោ​មេ​ពូជ ៧​ក្បាល ព្រមទាំង​មានការ​ដាំ​ស្មៅ ដែល​នាំ​ពូជ​មក​ពី​ក្រៅប្រទេស ស្រាប់ ឱ្យ​គោ​ស៊ី​ជា​ចំណី​ផង​ដែរ ៕ (កែសម្រួលដោយ ៖ ធីតា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ