ខេត្តបន្ទាយមានជ័យ ៖ មានករណីក្មេងស្រីអាយុ១ខួបបានលង់ទឹកក្នុងធុងស្ពេត្រូ បណ្តាលឱ្យបាត់បង់ជីវិត ខណៈស្ត្រីជាម្តាយលេបថ្នាំបំបាត់ជម្ងឺផ្តាសាយ ហើយដេកលក់មួយភាំង ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២០ នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលស្រុកថ្មពួក បានឲ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះវីន ស្រីនុត អាយុមួយខួប រស់នៅភូមិត្រពាំងសំរោង ឃុំគោករមៀត ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ។ ចំណែកម្តាយឈ្មោះពន ស្រីអូន អាយុ២០ឆ្នាំ ។
លោកអធិការបានបញ្ជាក់ថា តាមការរៀបរាប់ពីស្ត្រីជាម្តាយបានប្រាប់សមត្ថកិច្ចថា នៅមុនពេលកើតហេតុគាត់បានឲ្យកូនស្រីលេងទឹកដាក់ក្នុងធុងស្ពេត្រូ ចំណែកគាត់ក្រោយពីលេបថ្នាំបំបាត់ជម្ងឺផ្តាសាយរួចក៏ងងុយដេក ហើយបានដេកលក់មួយភាំង លុះនៅពេលឈ្មោះរ៉ន រ៉ែម ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិជាមួយត្រូវជាជីដូនរបស់ក្មេងស្រីរងគ្រោះ បានត្រឡប់មកពីផ្សារវិញ ក៏ស្រាប់តែឃើញចៅស្រីនៅក្នុងធុងស្ពេត្រូដែលមានទឹក បាត់បង់ជីវិតបាត់ទៅហើយ ។
លោកអធិការបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម លោកបានចាត់កម្លាំងនគរបាលជំនាញ និងកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសហការជាមួយគ្រួរពេទ្យ មេភូមិធ្វើការពិនិត្យនិងធ្វើកោសល្យវិច្ច័យ ពុំឃើញមានស្លាកស្នាមអ្វីពាក់ព័ន្ធក្នុងបទល្មើសទេ ហើយគ្រួពេទ្យបានសន្និដ្ឋានថា ក្មេងស្រីរងគ្រោះបាត់បង់ជីវិតដោយសារលង់ទឹកប្រាកដមែន ពុំមានទាក់ទិននឹងករណីអ្វីផ្សេងឡើយ ។ ក្រោយពីពិនិត្យរួចក៏បានប្រគល់សពជូនម្តាយឪពុកនិងក្រុមគ្រួសារដើម្បីចាត់ចែធ្វើបុណ្យតាមប្រពៃណី៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ