រាជធានីភ្នំពេញ ៖ ជាមួយនឹងការរកឃើញករណីជំងឺកូវីដ១៩ ថ្មីមួយទៀតនៅថ្ងៃទី៧ មិថុនានេះ ក្រសួងសុខាភិបាកបានដាស់តឿនដល់ពលរដ្ឋកម្ពុជាជាថ្មី ឲ្យប្រុងប្រយ័ត្នខ្ពស់ដើម្បីឲ្យឆ្លងជំងឺកូវីដ១៩ និងបន្តតាមដានសុខភាពផ្ទាល់ខ្លួនជាប់ជានិច្ច និងថា «រលកទី២ នឹងអាចមាន ប្រសិនបើពលរដ្ឋមិននាំគ្នាការពារខ្លួននោះ»។
នៅព្រឹកថ្ងៃទី៧ ខែមិថុនានេះ ក្រសួងសុខាភិបាលបានប្រកាសថា បានរកឃើញករណីវិជ្ជមាន កូវីដ១៩ថ្មីមួយករណីទៀត លើបុរសជនជាតិខ្មែរ-បារាំង អាយុ៣០ឆ្នាំម្នាក់។ ក្រសួងថា បុរសផ្ទុកជំងឺផ្លូវដង្ហើមនេះ បានធ្វើដំណើរពីបារាំងមកកម្ពុជា តាមជើងយន្តសាធាររណរដ្ឋកូរ៉េ។ បច្ចុប្បន្នគាត់ត្រូវបានបញ្ជួនទៅសម្រាកព្យាបាលនៅមន្ទីរក្នុងរាជធានីភ្នំពេញ។
កម្ពុជា មានវត្តមានអ្នកជំងឺកូវីដ១៩ សរុបពេលនេះចំនួន១២៦នាក់ តែអ្នកកំពុងសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យមានតែ៣នាក់ប៉ុណ្ណោះ ខណៈអ្នកជំងឺ១២៣នាក់បានជាសះស្បើយ ហើយកម្ពុជា គ្មានករណីស្លាប់ដោយកូវីដ ១៩ នោះទេ។
ការឆ្លងថ្មីមិនសូវមាន អ្នកជំងឺបានព្យាបាលអស់ ជាប្រការមួយ ហាក់បានធ្វើឲ្យពលរដ្ឋជាច្រើន ធ្វេសប្រហែស និងបានវិលទៅរកសកម្មភាពជីវភាពប្រចាំថ្ងៃដូចទម្លាប់ចាស់ ដោយមិនសូវបានពាក់ម៉ាស រក្សាគម្លាត ហើយបានជួបជុំគ្នា ដើរកម្សាន្ត និងចល័តពីកន្លែងមួយទៅកន្លែងមួយ។ សកម្មភាពទាំងនេះ ត្រូវបានក្រសួងសុខាភិបាលព្រមានជាញឹកញាប់ពីការចម្លងរលកទី២។
នៅថ្ងៃទៀតក្រសួងបានបញ្ជាក់ថា «ការរកឃើញករណីឆ្លងថ្មីរប៉េះរប៉ោះៗនេះ បង្ហាញពីស្ថានភាពចម្លងវីរុសកូវីដ១៩ នៅកម្ពុជា មានការពិបាកប៉ាន់ស្មានពីលទ្ធនៃការចម្លហឲងវីរុសនេះ នៅក្នុងប្រទេស និងនៅតែជាហានិភ័យសុខភាពសាធារណៈ ដែលតម្រូវឲ្យបុគ្គលគ្រប់រូបមានការប្រុងប្រយ័ត្នខ្ពស់ និងបន្តការពារសុខភាពផ្ទាល់ជាប់ជានិច្ច»។
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាអ្នកនាំពាក្យបាន សង្កេតឃើញថា បច្ចុប្បន្ននេះ មានពលរដ្ឋបានកំពុងធ្វើសកម្មភាពចល័តពីកន្លែងមួយទៅកន្លែងមួយ។ ពលរដ្ឋបានបង្កើតកម្មវិជីជូបជុំ កម្សាន្ត ដែលឥរិយាបទធ្វេសប្រហែស និងសន្តិភាពនិយមបែបនេះ អាចមានករណីឆ្លងរលកទី២នៅកម្ពុជា។
ជាមួយការសង្កេតឃើញសកម្មភាពធ្វេសប្រហែសរបស់មនុស្ស ភ្លេចថា មានជំងឺកូវីដ១៩ ចាំឆ្លងជានិច្ចនោះ ក្រសូងសុខាភិបាលបានព្រមានថា «ហានិភ័យសុខភាពដែលអាចនឹងអាចកើតមានឡើង នូវការចម្លេងរោគក្នុងចំណោមក្រុមមនុស្ស នៅកន្លែងណាមួយ នៅពេលណាមួយ និងនៅកាលៈទេសៈណាមួយ ហើយដែលអាចឈានទៅដល់ ស្ថានភាពនឹងអាចកើតមាននូវរលកទី២ នៃការចម្លងវីរុសកូវីដ១៩នៅក្នុងប្រទេសកម្ពុជា» ។
តាមលិខិតដដែលនោះ លោកម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានក្រើនរំលឹកពលរដ្ឋឲ្យបន្តកិច្ចការសុខភាពរបស់ខ្លួន ដោយបុគ្គលគ្រប់រូបត្រូវអនុវត្តវិធានសាមញ្ញៗ ដូចជាឧស្សាហ៍លាងសម្អាតដៃ ពាក់ម៉ាស រក្សាគម្លាតពីគ្នា ពេលក្អក កណ្តាសខ្ទប់មាត់ដោយក្រមារ ឬម៉ាស ជាដើម។
មន្ត្រីសុខាភិបាល បានដាស់តឿនពលរដ្ឋថា គេអាចវិលទៅរកសកម្មភាពជាប្រចាំថ្ងៃបាន តែមិនមែនជាមួយទម្លាប់ចាស់នោះទេ គឺត្រូវបង្កើតទម្លាប់ថ្មី ក្នុងការរស់នៅក្នុងការប្រឆាំងជំងឺកូវីដ១៩បើមិនដូច្នេះហានិភ័យនៃការឆ្លងក្នុងសហគមន៍នឹងមាន។
សម្តេចហ៊ុន សែន នៅថ្ងៃនេះ ក៍បានដាស់តឿនពលរដ្ឋឲ្យបន្តការពារជំងឺកូវីដ១៩នេះដែរ។ សម្តេចបានគូសបញ្ជាក់ថា «បងប្អូនប្រជាពលរដ្ឋត្រូវមានម៉ាស ទឹកអាល់កុល ឬជែលដាក់ជាប់តាមខ្លួនជាប្រចាំ។ ព្រោះជំងឺនេះងាយឆ្លងណាស់។ កុំធ្វេសប្រហែសអោយសោះ ឬគិតលេងៗថា មិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះ កំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព» ៕ ដោយ ៖ អ.សួស្តី
ចែករំលែកព័តមាននេះ