ប្រសិនដូច្នោះមែន សង្ស័យថ្លើមពាសមេឃឯណោះ មិនមែនថ្លើមធំទេ! (វីដេអូ)
- កណ្តាល
ខេត្តកណ្តាល បុរសម្នាក់ហ៊ានដាក់គ្រឿងចក្រទៅឈូសឆាយរុញដុតបំផ្លិចបំផ្លាញព្រៃលិចទឹកជម្រកត្រីពងកូន និងជីកកាយយកអាចម៌ដីតំបន់ (ស.ជ.ណ) ដែលក្រុមគណៈកម្មាការចម្រុះខេត្តកណ្តាល ចុះអង្កេតវាស់វែងបាញ់ម៉ាស៊ីន (ជីភីអេស) ដើម្បីរក្សាការពារទុកជាដីសម្បត្តិរបស់រដ្ឋ បែរជារំលោភយកមកធ្វើជាកម្មសិទ្ធិប្រយោជន៍ផ្ទាល់ខ្លួនទៅវិញ។

សកម្មភាពនេះ បានប្រព្រឹត្តឡើងរយៈពេល២ឆ្នាំមកហើយ នៅត្រង់ចំណុចបឹងក្បាលជ្រោយ និងបឹងបបោស អតីតឡូតិ៍នេសាទលេខ១៨ ស្ថិតក្នុងភូមិពាមតាឯក ឃុំពាមឧកញ៉ាអុង ស្រុកល្វាឯម ខេត្តកណ្តាល។ ឈ្មួញឈ្មោះ ស៊ីវ សាវន បានដាក់គ្រឿងចក្រ (អាអ៊ិច) ចំនួន២គ្រឿង, អាប៊ុលរុញព្រៃ និងឡានដឹកជញ្ជូនអាចម៌ដីលក់ជាច្រើនគ្រឿង ចាក់រំលោភយកដីចំណីព្រែកទៀតផង។
បើតាមប្រភពពីមន្ត្រីស្រុកល្វាឯម បានបង្ហើបឱ្យដឹងថា ដីបឹងព្រៃលិចទឹកជម្រកត្រីពងកូន (អតីតឡូតិ៍នេសាទលេខ១៨) នៃដែនគ្រប់គ្រងរដ្ឋបាលចំនួន៤ឃុំ គឺឃុំសារិកាកែវ ឃុំពាមឧកញ៉ាអុង ឃុំព្រែកក្មេង និងឃុំបារ៉ុង ស្រុកល្វាឯម ត្រូវបានក្រុមគណៈកម្មាការចម្រុះខេត្តកណ្តាល ចុះអង្កេតវាស់វែងបាញ់ម៉ាស៊ីន ជីភីអេស និងចេញ (ស.ជ.ណ) ដើម្បីរក្សាដីទំហំប្រមាណ៣០០០ហិកតា ទុកជាសម្បត្តិរដ្ឋ ព្រមទាំងបានបោះបង្គោលទុយោពណ៌ខៀវ ចាក់ដោយបេតុងខ្ពស់ៗ និងមានបង់លេខដី២៥ព័ទ្ធជុំវិញ តាំងពីប្រហែល៣ឆ្នាំមុនរួចរាល់អស់ហើយ ចុះហេតុអ្វីឈ្មោះ ស៊ីវ សាវន នេះ ថ្លែមធំហ៊ានមកបំពានលើ (ស.ជ.ណ) តើមានអ្នកណានៅពីខាងក្រោយខ្នងទៅ?

ប្រភពដដែលបន្តថា ពេលដែលអាជ្ញាធរមន្ត្រីជំនាញស្រុក-ឃុំ និងសហគមន៍ ចុះទៅណែនាំកុំឱ្យជីកបន្ត ព្រោះជាដីមា ន(ស.ជ.ណ) សម្រាប់ទុកជាសម្បត្តិរដ្ឋ បែរជាឈ្មោះ ស៊ីវ សាវន នោះ មិនត្រឹមតែមិនស្តាប់នោះទេ ថែមទាំងស្រែកប្រាប់ដាក់សហគមន៍វិញថា «បើលោកឯងខ្លាំងទៅហៅមេលោកឯងមកចាប់ទៅ ព្រោះគេធ្វើនេះ គឺលោក ភឹម ភារ៉ា អតីតអភិបាលស្រុកល្វាឯមមុន ជាអ្នកឱ្យធ្វើសម្រាប់ដាក់សំរាម»។

ប្រភពខ្លះនិយាយថា នេះគ្រាន់តែជាលេសទេ តាមពិតគេធ្វើនេះ គឺគោលបំណងរំលោភយកដីរដ្ឋធ្វើជាកម្មសិទ្ធិ ទុកលក់បន្តឱ្យឈ្មួញផ្សេង ហើយបច្ចុប្បន្នដីចំណុចនេះ មានសន្ទុះហាងឆេងខ្លាំងណាស់។
ពាក់ព័ន្ធនឹងបញ្ហាខាងលើនេះ លោក ហេង ធារិទ្ធ នាយខណ្ឌរដ្ឋបាលជលផលកណ្តាល បានប្រាប់ឱ្យដឹងតាមទូរស័ព្ទកាលពីរសៀលថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២០ថា ចាំថ្ងៃច័ន្ទ រូបលោកនឹងឱ្យមន្ត្រីក្រោមឱវាទចុះទៅពិនិត្យមើល៕ (កែសម្រួលដោយ ៖ បុប្ផា)



















ចែករំលែកព័តមាននេះ