ក្រសួងផែនការ តាមរយៈការអនុវត្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រ តាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩ បានរកឃើញពលរដ្ឋក្រីក្រនៅទីជនបទ ទូទាំងប្រទេសមានចំនួន ប្រមាណ៥៦ ០០០ គ្រួសារ ដែលគិតជាចំនួន មនុស្សមានប្រមាណ ២៥ម៉ឺននាក់។
ក្រសួងកំពុងបន្តធ្វើការកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រនៅទីប្រជុំជនបន្តទៀត ដែលកិច្ចការនេះក្រសួងនឹងបញ្ចប់នៅដំណាច់ខែមិថុនានេះ ។
រដ្ឋាភិបាលបានសម្រេចបង្កើតគោលការណ៍ជួយឧបត្ថម្ភប្រាក់ដល់ពលរដ្ឋដែលរងផលប៉ះពាល់ជំងឺកូវីដ១៩ ប៉ុន្តែមុនចេញសាច់ប្រាក់អន្តរាគមន៍ ត្រូវកំណត់អត្តសញ្ញាណ ពលរដ្ឋក្រីក្រជាមុន។
លោក ឆាយ ថន រដ្ឋមន្ត្រីក្រសួងផែនការ បានឲ្យដឹងថា រដ្ឋាភិបាលកម្ពុជានឹងផ្តល់ប្រាក់ ឧបត្ថម្ភដល់គ្រួសារក្រីក្រ និងរងផលប៉ះពាល់ធ្លាក់ខ្លួនក្រដោយសារកូវីដ១៩ ដែលមាន បណ្ណសមធម៌ ដើម្បីជួយសម្រាលទុក្ខលំបាក នៅពេលកូវីដ១៩នេះ។
លោករដ្ឋមន្ត្រី បានបញ្ជាក់ថា ការចុះធ្វើបច្ចុប្បន្នភាពទិន្នន័យគ្រួសារក្រីក្រ តាមរយៈនីតិវិធីកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ ១៩ នឹងចប់សព្វគ្រប់នៅដំណាច់ខែមិថុនានេះ។
ក្នុងកិច្ចប្រជុំមួយជាមួយមន្ត្រីក្រោមឱកវាទ តាមប្រព័ន្ធវីដេអូ លោករដ្ឋមន្ត្រីបានជំរុញ មន្ត្រីឲ្យធ្វើការងារនេះឲ្យបានត្រឹមត្រូវចៀសវាងការចោទប្រកាន់ពីពលរដ្ឋថា មានការរើសអើង នៅពេលមានជំនួយពីរដ្ឋាភិបាលនោះ។
សម្តេចក្រឡាហោម ស ខេង ក៏បានជំរុញមន្ត្រីដែលចុះជួយតាមខេត្ត រាជធានី សហការជាមួយមន្ត្រីក្រសួងផែនការ ដើម្បីកំណត់អត្តសញ្ញាណពលរដ្ឋក្រីក្រនេះ ឲ្យបានត្រឹមត្រូវដែរ ដើម្បីចៀសវាងការរិះគន់ពីពលរដ្ឋថា មានការរើសអើង នៅពេលផ្តល់ប្រាក់ឧបត្ថម្ភ ដែលនឹងឡើងនៅក្នុងពេលឆាប់ៗនេះ។
សម្តេចឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលបានសម្រេច ជាគោលការណ៍ ឧបត្ថម្ភជាសាច់ប្រាក់ជូនពលរដ្ឋក្រីក្រដែលមានបណ្ណ សមធម៌រួចហើយ និងគ្រួសារខ្លះទៀតត្រូវធ្វើបច្ចុប្បន្នភាព តាមរយៈការអនុវត្តការកំណត់អត្តសញ្ញាណកម្មគ្រួសារក្រីក្រតាមការស្នើសុំក្នុងអំឡុងពេលកូវីដ១៩នេះ។
ក្នុងលិខិតផ្ញើទៅក្រុមការងារកាលពីថ្ងៃទី២៥ ឧសភា កន្លងទៅដើម្បីជំរុញការងារនេះ ឲ្យចប់សព្វគ្រប់តាមផែនការ សម្តេច ស ខេង បានលើកឡើងថា «រាជរដ្ឋាភិបាល ដែលមានក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ជាសេនាធិការ បានដាក់ចេញសេចក្តី សម្រេចស្តីពីការបង្កើតក្រុមការងារចំពោះកិច្ចរៀបចំ និងគ្រប់គ្រងយន្តការជំនួយសង្គមក្នុងកំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលក្នុងចំណោមភារកិច្ចទាំងនោះ មានភារកិច្ចដ៏សំខាន់មួយគឺការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រី ក្រុមជនរងគ្រោះ និងក្រុមជនដែលត្រូវការការគាំពារជាចាំបាច់ផ្សេងទៀត នៅក្នុងពេលអំឡុងពេល ប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ដែលការងារនេះដឹកនាំដោយក្រសួងផែនការ»។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលថាការជួយអន្តរាគមន៍ របស់រាជរដ្ឋាភិបាល នៅពេលវិបត្តកូវីដ១៩នេះ បានឈានដល់ជុំទី៤។ លោកថា រដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការបន្តបន្ទាប់សំដៅជួយដល់វិស័យឯកជន កម្មករនិយោជិត និងជនងាយរងគ្រោះ ដែលទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរពីការរីករាលដាលជំងឺកូវីដ១៩ ក្នុងអំឡុងពេលជំងឺនេះ ក៍ដូចជាពេលអនាគត គឺការស្តារសេដ្ឋកិច្ចកម្ពុជាឡើងវិញនោះ។
មន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល មិនអាចបញ្ជាក់ពីចំនួនទឹកប្រាក់ដែលត្រូវចែកជូនពលរដ្ឋក្រីក្រ នោះទេ ប៉ុន្តែលោកឡើងថា ក្រសួងផែនការនឹងកំណត់ប្រភេទ ពលរដ្ឋក្រីក្រជា ប្រភេទក្រ១ ក្រ២ ហើយកិច្ចអន្តរាគមន៍នឹងធ្វើតាមការកំណត់នោះ។ លោកបានលើកឡើងថា អ្នកពលរដ្ឋដែលជួបការលំបាកខ្លាំងដូចជាខ្វះស្បៀងនោះ អាជ្ញាធរនឹងផ្តល់ជូនស្បៀងសង្គ្រោះបន្ទាន់ដល់ពួកគាត់។
លោកផៃ ស៊ីផាន អះអាងថា «ការជួយសង្គ្រោះនឹងផ្តល់ជូនតាមប្រភេទផ្សេងៗ គ្នានៃបញ្ហា»៕ (ដោយ ៖ អ.សួស្តី)
ចែករំលែកព័តមាននេះ