ខេត្តកំពង់ធំ ៖ បើតាមសេចក្តីរាយការណ៍បានឱ្យដឹងថា មានមហាជនជាច្រើននាក់ណាស់បានខមមិនសួរថា តើវាជាអ្វី? នៅពេលដែលឃើញគេបង្ហោះនៅក្នុង Facebook នូវរូបភាពប្រភេទផ្សិតដ៏ចម្លែកមួយនេះ ដោយអ្នកខ្លះពុំដែលបានឃើញ ឬក៏ជួបប្រទះនោះឡើយ តាំងពីកើតមកតូចក្រូចឆ្មារ រហូតមកដល់វ័យចាស់ជរាទៅហើយនោះ សឹងតែគុំគួរឲ្យជឿថា មានផ្សិតអីក៏ធំដល់ថ្នាក់នឹង គឺធំប៉ុនក្បាលមនុស្សដោយដុះចេញពីគល់ដើមត្រឹម២ថ្ងៃប៉ុណ្ណោះ។
ពាក់ព័ន្ធនឹងករណីផ្សិតដ៏ចម្លែកខាងលើនេះផងដែរ បើតាមម្ចាស់អាក់ខោន facebook ឈ្មោះ Chhay raksa លោកក៏ជាអ្នកសារព័ត៌មានម្នាក់ផងដែរ ហើយលោកក៏បានបង្ហោះនូវរូបភាពផ្សិតដ៏ធំខាងលើ រួចបានរៀបរាប់ប្រាប់កោះសន្តិភាពឲ្យដឹងនៅព្រឹកថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២០ នេះថា បច្ចុប្បន្នលោករស់នៅភូមិកំពង់ក្របៅ សង្កាត់កំពង់ក្របៅ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ បន្ទាប់ពីរូបលោកបានជួលឡានចាក់ដីបំពេញជង្ហុកបឹងនៅខាងក្រោយផ្ទះរបស់លោករួចមក លោកក៏បានដាំដើមទាបបារាំងចំនួនជាង១០ដើម ដែលទាបមានកម្ពស់ត្រឹមក្បាលមនុស្សទៅហើយ។
លោកបន្តថា ស្រាប់តែនៅជិតគល់ទាបបារាំងមួយដើមនោះ ក៏មានដុះផ្សិតដ៏ចម្លែកនេះឡើងបានចំនួន៣ផ្សិត ដោយឃើញដូច្នេះ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២០ លោក chhay raksa ក៏បានដកផ្សិតទាំង៣នោះមកមើល ដែលមានទំហំធំប៉ុនកំភួនដៃមនុស្សចាស់ រួចក៏យកផ្សិតដ៏ចម្លែកនោះមកសួរអ្នកក្នុងភូមិលមើល ក្រែងលោមានអ្នកស្គាល់ឈ្មោះផ្សិតចម្លែកនេះ ។ ហើយមានបំណង់សួរទៀតថា តើផ្សិតនេះគេអាចយកមកទទួលទានបានដែរឬទេ0x017d7 ប៉ុន្តែជាលទ្ធផល គឺមិនមានអ្នកណាស្គាល់ឈ្មោះផ្សិតនេះច្បាស់នោះទេ នឹងមិនដឹងថា តើអាចយកមកធ្វើជាម្ហូបអាហារបាននោះដែរ?
ប្រភពដដែលបន្តថា ដោយសារតែគ្មានអ្នកស្គាល់ លោកក៏បានបង្ហោះរូបភាពផ្សិតចំនួន៣ខាងលើម្តង រួចមកហើយកាលពីថ្ងៃនោះ ក្នុងបំណងសាកសួរក្រែងមានអ្នកណាស្គាល់ច្បាស់ ។ ក្នុងនោះក៏មានអ្នកខមមិនជាច្រើននាក់ថា «មិនស្គាល់នោះទេ» អ្នកខ្លះប្រាប់ថា «រាងដូចជាផ្សិតជើងដំរី» តែសូមកុំបរិភោគប្រយ័ត្នពុល បើយើងមិនស្គាល់ច្បាស់នោះ។
លោក ឆាយ រក្សា បន្តទៀតថា លុះរំលងបានរយៈពេល២ថ្ងៃក្រោយមកទៀត នៅចំណុចគល់ទាបបារាំងរបស់លោកដដែល ក៏ចាប់ផ្តើមដុញចេញផ្សិតនោះ១ទៀតដុះចេញពីដីមក ពេលនោះលោកមិនទាន់ដកវាភ្លាមៗទេ ដោយសារតែលោកទុកចាំមើល។ លុះរយៈពេលពីថ្ងៃក្រោយមកទៀត នៅថ្ងៃទី០៦ ខែមិថុនានេះ ដោយសង្កេតឃើញថា ផ្សិតដ៏ចម្លែកមួយនេះ មានទំហំធំប៉ុនក្បាលមនុស្ស លោកក៏បានដកផ្សិតយក្សដ៏ធំនោះ រួចថតបង្ហោះជាលើកទី២ ក៏បានបង្កការភ្ញាក់ផ្អើលនៅក្នុងបណ្តាញសង្គមកាន់តែខ្លាំងឡើង ។
លោកបនត្ថា ដោយសារតែផ្សិតមួយនេះមានទំហំធំមហាធំ អ្នកខ្លះខមមិនសួរថា វាជារបស់អ្វី? គេមិនដែលជួបប្រទះនោះទេ ហើយលោកប្រាប់ថា បើយោងតាមការខមមិនប្រាប់ពីអ្នកគ្រូពេទ្យម្នាក់ ដែលរូបលោកធ្លាប់ស្គាល់ច្បាស់ថា ឈ្មោះ ហេង ភួងបុប្ផា ដែលមានតួនាទីជាប្រធានសាលសម្ភពនៃមន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ ប្រាប់ថា ផ្សឹតនេះមានឈ្មោះហៅថា «ផ្សឹតក្បាល់ខ្មោច» វាមានរាងដូចលលាក្បាលអញ្ចឹង ញ៉ាំមិនបាននោះទេ ប្រយ័ត្នពុល។
ពាក់ព័ន្ធនឹងដំណឹងខាងលើនេះផងដែរ ក៏ជាការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ថា បើសិនបានជួបប្រទះនៅផ្សិតប្រភេទខាងលើនេះ ហើយខ្លួនមិនស្គាល់ច្បាស់ទេនោះ ហាមដាច់ខាត សូមកុំយកមកទទួលទានឲ្យសោះ ប្រយ័ត្នគ្រោះថ្នាក់ដល់អាយុជីវិត។ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ