នារី​វ័យក្មេង​រត់​ចូល​ការដ្ឋាន​ស្រែក​ឱ្យ​គេ​ជួយ ក្រោយ​បុរស​ម្នាក់​ដឹក​ចូល​ផ្ទះ​សំណាក់


រាជធានី​ភ្នំពេញ ៖ បើ​តាម​សេចក្តីរាយការណ៍​បានឱ្យ​ដឹង​ថា នារី​វ័យក្មេង​ម្នាក់​ក្នុង​ស្ថានភាព​ស្រវឹង​ជោកជាំ​បាន​រត់​ចូល​ការដ្ឋាន​សំណង់​មួយ​កន្លែង​រួច​ប្រាប់​ថា មាន​គេ​ដឹក​នាង​ទៅ​ដេក​ផ្ទះសំណាក់ តែ​ត្រូវ​នាង​រត់​ចុះ​ពីលើ​ម៉ូតូ​ស្រែក​ឆោឡោ​ឲ្យ​គេឯង​ជួយ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​11​និង​40​នាទី​យប់ ថ្ងៃ​ទី​6 ខែមិថុនា ឆ្នាំ​2020 នៅ​ត្រង់​ចំណុច​ការដ្ឋាន​សំណង់​មួយ​កន្លែង តាម​បណ្ដោយ​ផ្លូវ​បេតុង ស្ថិត​ក្នុងភូមិ​ព្រៃ​ទា​2 សង្កាត់​ចោម​ចៅ 3 ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

សេចក្តីរាយការណ៍​បន្ត​ថា នារី​រូប​ស្រស់​វ័យក្មេង​ខាងលើ​នេះ​មាន​អាយុ​23​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តបាត់ដំបង ។

តាម​ប្រភព​ពី​នារី​រូប​នេះ​បាន​ឲ្យ​ដឹង​ថា រូប​នាង​បាន​ស្គាល់​នារី​ម្នាក់​តាម​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក​រយៈពេល​២​ខែ​មក​ហើយ ដោយ​ឆាត​ឱ្យ​រូប​នាង​មក​ស្នាក់​នៅ​ជាមួយ​នៅ​កន្លែង​កើតហេតុ​ដើម្បី​ជួយ​​រក​ការងារ​ឲ្យ​ធ្វើ ខណៈ​ពេល​រូប​នាង​មក​ដល់​បាន​ពីរ​ថ្ងៃ ស្ត្រី​ដែល​នាង​ស្គាល់​នោះ​បាន​បបួល​នាង​ទៅ​ផឹកស៊ី​នៅ​ក្នុង​បន្ទប់​ជួល​របស់​បុរស​ម្នាក់ ដែល​នៅ​ក្នុងភូមិ​កើត​ហេតុ​ខាងលើ​។

ប្រភព​ដដែល​បន្ត​ទៀត​ថា ខណៈ​ពេល​ទៅ​ដល់​បន្ទប់​ជួល បុរស​រូប​នោះ​ក៏​បាន​ទិញ​ស្រា​បៀរ​មក​ផឹកស៊ី​ជុំ​គ្នា​៣​នាក់ រហូត​ដល់​ស្រវឹង​ជោកជាំ​រៀង​ៗ​ខ្លួន ហើយ​ស្ត្រី​នោះ​ក៏​បាន​គេចខ្លួន​បាត់ ដោយ​បន្សល់​នៅ​តែ​រូប​នាង​ជាមួយនឹង​បុរស​ដែល​ជា​ម្ចាស់​បន្ទប់ ។

ប្រភព​ដដែល​បន្ត​ថា ក្រោយមក​បុរស​រូប​នោះ​បាន​ដឹក​នាង​តាម​ម៉ូតូ​មួយ​គ្រឿង​មិន​ចាំ​ម៉ាក លុះ​មក​ដល់​កន្លែង​កើតហេតុ​ដោយ​ប្រាប់​នាង​ថា «​ទៅ​ដេក​នៅផ្ទះ​សំណាក់​យក​ថ្លៃ​ប៉ុន្មាន​» ពេល​នាង​ឮ​បែប​នេះ រូប​នាង​បាន​ឲ្យ​បុរស​ខាងលើ​នោះ​ឈប់​ម៉ូតូ បើ​មិន​ឈប់​ម៉ូតូ​ទេ រូប​នាង​នឹង​លោត​ពីលើ​ម៉ូតូ ។

ភ្លាម​ៗ​នោះ​បុរស​ខាងលើ​បាន​ឈប់​ម៉ូតូ​តាម​ការ​សំណូមព​របស់​នារី​រង​គ្រោះ បន្ទាប់​ពី​ឈប់​ម៉ូតូ​នារី​រង​គ្រោះ​បាន​កាច់​សោ​ពន្លត់ ហើយ​ដក​សោ​ម៉ូតូ រួច​រត់​ចូល​ក្នុង​ការដ្ឋាន​សំណង់​មួយ​កន្លែង​ក្នុង​ស្ថាន​ភាព​ស្រវឹង​វង្វេងស្មារតី ហើយ​ស្រែក​ឲ្យ​គេឯង​ជួយ ទើប​បង្ក​ឲ្យ​មាន​ការណ៍​ភ្ញាក់ផ្អើល​ចោម​រោម​មើល និង​សួរនាំ ហើយ​រាយការណ៍​ទៅ​ប្រាប់​នគរបាល​រដ្ឋបាល​ប៉ុស្តិ៍​ចោម​ចៅ​៣ ឲ្យ​ចុះ​មក​កន្លែង​កើតហេតុ ដើម្បី​យក​ទៅ​សួរនាំ​តែ​ម្តង​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ