រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានឲ្យដឹងថា ជំងឺកូវីដ១៩ ដែលមានវត្តមាននៅកម្ពុជារយៈពេលប្រមាណជា៤ខែមកហើយនោះបានធ្វើឲ្យវិស័យទេសចរណ៍បាត់ចំណូលប្រមាណជាង៣ពាន់លានដុល្លារ ។
ការបាត់បង់ចំណូលជាមួយសកម្មភាពទេសចរណ៍សឹងមិនកម្រើក ពោលសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន រមណីយដ្ឋានមួយចំនួនបានបិទអាជីវកម្ម ។ នៅក្នុងកម្មវិធីវិផ្សព្វផ្សាយ វិធានសុវត្ថិភាពសម្រាប់ដំណើរការឡើងចំពោះអាជីវកម្មទេសចរណ៍មួយចំនួន៤ កាលពីថ្ងៃទី៥ មិថុនា លោកថោង ខុន ឲ្យដឹងថា រយៈពេល៤ខែដើម ឆ្នាំ២០២០នេះ ភ្ញៀវទេសចរបរទេសមកកម្ពុជាបានធ្លាក់ចុះ៥២% បើធៀបនឹងឆ្នាំ២០១៩ ។ ប៉ុន្តែលោកបានព្យាការណ៍ថា អ្នកទេសចរបរទេសអាចនឹងបន្តធ្លាក់ចុះរហូតដល់៧០% ខណៈភ្ញៀវទេសចរក្នុងស្រុកនឹងធ្លាក់ចុះរង្វង់៥០% ក្នុងឆ្នាំ២០២០នេះ ។
បើតាមលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ វិបត្តិជំងឺកូវីដ១៩ បានធ្វើឲ្យអាជីវកម្ម ទេសចរណ៍ ចំនួន២៩៥៦ទីតាំងបានបិទទ្វារ ដែលធ្វើឲ្យកម្មករនិយោជិតជាង៤ម៉ឺន បានបញ្ឈប់ពីការងារ ក្នុងនោះមានសណ្ឋាគារចំនួន៣២៤កន្លែង ផ្ទះសំណាក់៣០៤ទីតាំង ភោជនីយដ្ឋាន៣៨៥ទីតាំង បានផ្អាកសកម្មភាពជីវកម្ម ។
លោកស្រី ខៃ ចិន្តា ដែលមានមណ្ឌលកម្សាន្ត និងសណ្ឋាគារនៅខេត្តរតនគិរី ក្រចេះ និងកំពត បានត្អូញត្អែរពីការលំបាកខាងសេដ្ឋកិច្ចនាពេលនេះ ។ លោកស្រីបានឲ្យដឹងថា បុគ្គលិកលោកស្រី ៦០% បានផ្អាកពីការងារ ។ «វិបត្តិនេះធ្វើឲ្យប៉ះពាល់ធ្ងន់ធ្ងរណាស់ ហើយប៉ះពាល់ទាំងអស់គ្នា ខ្ញុំគ្មានប្រាក់ចំណូល បុគ្គលិករបស់ខ្ញុំអត់ការងារធ្វើ ហើយប្រជាពលរដ្ឋក្នុងសហគមន៍ដែលយើងធ្លាប់ទិញកសិផលដែលយើងធ្លាប់ប្រើសេវាកម្មរបស់គាត់ពួកគាត់ក៏គ្មានប្រាក់ចំណូល» ។
លោកស្រី ខៃ ចិន្តា ដែលជាប្រធានសមាគមអភិរក្សដំរី នៅមណ្ឌលគិរីផងនោះថា បុគ្គលិករបស់គាត់នៅខេត្តកំពត ដែលស្ថិតនៅតំបន់ដែលរដ្ឋាភិបាលកំណត់ថា បាន ទទួលប្រាក់ឧបត្ថម្ភ គឺទទួលបានប្រាក់ឧបត្ថម្ភ ពីរដ្ឋាភិបាល៤០ដុល្លារ ក្នុងមួយខែ ។
បើអ្នករកទទួលទានខាងវិស័យទេសចរណ៍បែបធម្មជាតិខាងលើនេះថា អាជីវកម្ម សណ្ឋាគារ ផ្ទះសំណាក់ នៅខេត្តសៀមរាប ភ្នំពេញ ខេត្តព្រះសីហនុ កំពត កែប ក្រុងបាវិត ទទួលបានប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាល ។
នៅខេត្តរតនគិរី ដែលលោកស្រី មានបុគ្គលិកច្រើនមិនមិនជាប់ក្នុងតំបន់ដែលរដ្ឋាភិបាលត្រូវជួយនោះទេ ដូច្នេះបញ្ហាជួយបុគ្គលិក ជាបន្ទុករបស់លោកស្រី ។ លោកថោង ខុន មិនប្រាកដថា វិស័យទេសចរណ៍នឹងអាចមានសកម្មភាពជាធម្មតាវិញនៅពេលនោះទេ ពីព្រោះនេះជាបញ្ហាសកល ។ លោកថា នៅក្នុងតំបន់អាស៊ាន ដែលប្រទេសខ្លះ អះអាងថានឹងបើកឲ្យដំណើរជើងហោះហើរអន្តរជាតិឡើងវិញ នៅខែកក្កដាខាងមុខនេះក៏រហូតមកដល់ពេលនេះ ហាក់នៅមិនទាន់ប្រាកដដែរ ។
ជំនួសសកម្មភាពទេសចរណ៍របស់ភ្ញៀវបរទេសមិនមានបែបនេះ ក្រសួងបានកំពុងជំរុញ សកម្មភាពទេសចរណ៍ក្នុងស្រុក ។ លោករដ្ឋមន្ត្រីបានឲ្យដឹងសកម្មភាពទេសចរណ៍ក្នុងស្រុកហាក់ បានមានសកម្មភាពឡើងវិញបន្តិចនៅក្នុងខែឧសភា ។ នៅក្នុងខែឧសភាពលរដ្ឋប្រមាណ៦៥ម៉ឺននាក់បានដើរកម្សាន្ត ប៉ុន្តែនេះជាចំនួនតិចនៅឡើយ ។ លោកថោងខុនថា កន្លងមកជាមធ្យមពលរដ្ឋដើរលេង១លាននាក់ក្នុង១ខែ ។
វិស័យទេសចរណ៍ជាសរសរស្តម្ភសំខាន់ដែលបានទ្រទ្រង់សេដ្ឋកិច្ចកម្ពុជា ។ ធនាគារពិភពលោក កាលពីថ្ងៃទី២៩ ឧសភា ឆ្នាំ២០២០ បានព្យាករណ៍ថា កូវីដ១៩ អាចធ្វើឲ្យសេដ្ឋកិច្ចកម្ពុជាថមថយក្នុងស្ថានភាពអាក្រក់បំផុតដែលមិនធ្លាប់មាន ចាប់ពីឆ្នាំ១៩៩៤មក ដោយសារវិស័យសំខាន់ទ្រទ្រង់សេដ្ឋកិច្ចជាតិប្រមាណ៧០% នោះមានវិស័យទេសចរណ៍ សំណង់ និងឧស្សាហកម្មនាំចេញកំពុងរងផលប៉ះពាល់ពីបញ្ហាកូវីដ១៩៕
ចែករំលែកព័តមាននេះ