ក្នុងកំឡុងពេលដែលផលប៉ះពាល់សេដ្ឋកិច្ចបង្កដោយការផ្ទុះជំងឺកូវីដ ១៩ បន្តធ្ងន់ធ្ងរឡើងជារៀងរាល់ថ្ងៃ មហាសេដ្ឋីជុំវិញពិភពលោកក៏បានចេញមុខចេញមាត់ក្នុងការបរិច្ចាគទៅសប្បុរសធម៌ដែរមិនថាសម្រាប់ការចែកអាហារមិនគិតថ្លៃ ឬការស្រាវជ្រាវដើម្បីរកវ៉ាក់សាំងទេ ។ ប៉ុន្តែនិន្នាការនេះមិនមែនទើបតែកើតមានឡើងក្នុងពេលថ្មីៗឡើយ ។
តាំងពីវិបត្តិហិរញ្ញវត្ថុឆ្នាំ ២០០៨ មក លោកមហាសេដ្ឋី ប៊ីល ហ្គេតស៍ (Bill Gates) និងភរិយាបានសហការជាមួយនឹងលោកមហាសេដ្ឋី វ៉ារេន បាហ្វេត (Warren Buffett) រួមជាមួយនឹងមិត្តជិតស្និទ្ធដែលជាមហាសេដ្ឋីដទៃរបស់ពួកគេក្នុងការបង្កើនការបរិច្ចាគទៅសប្បុរសធម៌តាមរយៈ The Giving Pledge។
យោងទៅតាម Forbes បានឲ្យដឹងថា ថវិកាដែលត្រូវបានបរិច្ចាគឲ្យមហាសេដ្ឋីតាមរយៈ The Giving Pledge សរុបស្មើប្រមាណ ១.១៤ទ្រីលានដុល្លារឯណោះនៅចុងឆ្នាំ ២០១៩នេះ ។ ដើម្បីចូលរួមការផ្តួចផ្តើមនេះបាន បុគ្គល ឬគូស្វាមីភរិយាត្រូវមានទ្រព្យសម្បត្តិរួមប្រមាណ ១ប៊ីលានដុល្លារ ហើយពួកគេត្រូវសរសេរសំបុត្រផ្ញើជូនលោក បាហ្វេត ឬលោក ហ្គេតស៍ ដើម្បីបកស្រាយពីមូលហេតុដែលពួកគេចង់ចូលរួម ។
The Conversation បានអានសំបុត្រទាំងនោះ និងប្រទះឃើញមូលហេតុធំៗដែលមហាសេដ្ឋីលើកឡើងថាជាកត្តាជំរុញឲ្យពួកគេបរិច្ចាគលុយរាប់លានដុល្លាររបស់ពួកគេ ។
មូលហេតុធំជាងគេ គឺការចង់បង្ហាញពីរូបភាពជាមនុស្សដែលគិតដល់អ្នកដទៃ ។ លោក ដុង ហ្វាងជុន (Dong Fangjun) ដែលជាវិនិយោគិនជនជាតិចិន និងសប្បុរសជនចូលរួមដល់ការសម្អាតតំបន់ជនបទនៅក្នុងប្រទេសចិនបាននិយាយថា ការជួយដល់ក្រុមមនុស្សក្រីក្រឲ្យរស់នៅជីវភាពសមរម្យខណៈដែលលោកកសាងទ្រព្យសម្បត្តិ គឺជាគោលការណ៍ផ្ទាល់ខ្លួនរបស់លោក ។
មូលហេតុធំជាងគេទីពីរ គឺការប្តេជ្ញាចង់ចូលរួមដល់ការអភិវឌ្ឍន៍សហគមន៍ខ្លួនវិញ។ អ្នកស្រី សារ៉ា ប្លេកឃ្លី (Sara Blakely) ដែលជាស្ថាបនិកក្រុមហ៊ុន Spanx និងអ្នកគាំទ្រចលនាគាំទ្រស្ត្រីជាច្រើនបាននិយាយថា ខ្ញុំមិនដែលភ្លេចថាខ្ញុំបានចាប់កំណើតក្នុងប្រទេស និងពេលវេលាដែលត្រឹមត្រូវទេ ។
មូលហេតុធំជាងគេទីបី គឺអារម្មណ៍សប្បាយចិត្តក្នុងការជួយអ្នកដទៃ ។ លោកមហាសេដ្ឋី ប៊ីល អាក់មេន (Bill Ackman) ដែលជាវិនិយោគិន និងអ្នកជួយដល់អង្គការមិនគិតប្រាក់ចំណូលជាច្រើនបាននិយាយថា ខ្ញុំទទួលបានអារម្មណ៍សប្បាយចិត្តពីការជួយអ្នកដទៃ ។ វាធ្វើឲ្យជីវិតរបស់ខ្ញុំកាន់តែមានតម្លៃ ។
ជាក់ស្តែងយើងមិនអាចសន្មត់បានថា អ្វីដែលមហាសេដ្ឋីខាងលើសរសេរក្នុងសំបុត្រទាំងនេះពិតជាគោលបំណងពិតប្រាកដរបស់ពួកគេទេ តែវានៅតែអាចជួយឲ្យយើងយល់បន្ថែមពីផ្នត់គំនិតរបស់មហាសេដ្ឋី ៕
ចែករំលែកព័តមាននេះ