សាងសង់នៅទីតាំងចាស់ អគាររដ្ឋបាលថ្មីរបស់គណបក្សប្រជាជនកម្ពុជា បានកំពុងលេចរូបរាងយ៉ាងធំស្កឹមស្កៃបង្ហាញសាធារណជន នៅលើដងមហាផ្ទៃមមាញឹកក្នុងរាជធានីភ្នំពេញ គឺមហាវិធី ព្រះនរោត្តម ក្នុងសង្កាត់ទន្លេបាសាក់។
អគារដែលសាងសង់បាន៩៥%នេះ មានកម្ពស់៥ជាន់ ទំហំសំណង់អគារ គឺប្រមាណ៥០,០០០ម៉ែត្រក្រឡា រំលេចដោយក្បូរក្បាច់រចនាបថខ្មែរដ៏ល្អវិចិត្រជាមួយសោភ័ណភាពល្អប្រណិត ដោយមានបណ្ដោយ១៥០ម៉ែត្រ , ទទឹង៧៤ ម៉ែត្រ កម្ពស់អគារគិតអំពីទីលានមហាជន ខាងមុខរហូតទៅដល់កំពូលពេជ្រ មានកម្ពស់៤៨ម៉ែត្រ ។
លោក ឈឹម ផលវរុណ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានលើកឡើងថា វត្តមានអគារដ៏ធំស្កឹមស្កៃនេះបង្ហាញពីភាពរឹងមាំ និងជានិមិត្តរូបនៃការរួបរួម សាមគ្គីភាព និងភាពរុងរឿងដ៏អស្ចារ្យរបស់គណបក្សប្រជាជនកម្ពុជា ។ លោកថា ថវិកាសាងសង់អគារជាប្រវត្តិសាស្ត្រនេះ បានមកពីការបរិច្ចាគរបស់សមាជិកគណបក្សប្រជាជនកម្ពុជា ។
អគារគណបក្សប្រជាជនកម្ពុជា មានសាលបដិសណ្ឋារកិច្ច ដែលមានក្រឡាផ្ទៃប្រមាណ ៣ពាន់ម៉ែត្រក្រឡា ដែលអាចដាក់មនុស្សបានប្រមាណជាង៤,០០០នាក់, មានអាហារដ្ឋាននៅផ្នែកខាងត្បូងអគារ ដែលអាចដាក់មនុស្សបានចំនួន១២០នាក់។
អគារមានបន្ទប់សោតទស្សន៍ បន្ទប់កាត់ត បន្ទប់រដ្ឋបាល មានបន្ទប់សម្រាប់ជនពិការ មានបន្ទប់ឃ្លាំង មានបន្ទប់សម្រាប់កងការពារ បន្ទប់ប្រជុំគណៈប្រចាំការ និងបន្ទប់ប្រជុំអន្តរជាតិ មានការិយាល័យសម្រាប់សម្រាក និងការិយាល័យសម្ដេចប្រធានកិត្តិយស ការិយាល័យសម្រាប់ប្រឹក្សាគណៈអចិន្ត្រៃយ៍ ការិយាល័យសមាជិកអចិន្ត្រៃយ៍ និងបន្ទប់ទទួលទានអាហារជាដើម ។
នៅជាន់ផ្ទាល់ដីមានចំណតរថយន្តជាង៥០០ចំណត និងទីធ្លាមុខអគារសម្រាប់មហាជនយើងអាចចតរថយន្តបាន៣០០គ្រឿង ។ នៅជាន់លើ គឺមានសាលសម្រាប់ប្រជុំជាលក្ខណៈមហាជនដែលអាចដាក់មនុស្សបានចំនួនប្រមាណជា១ម៉ឺននាក់ ។ នៅជាន់ទី៥ មានសាលប្រជុំធំ ដែលមានចំនួនកៅអីអាចដាក់បានប្រមាណ ៣,៤៧៤ នាក់ មានទីសម្រាកនៅសងខាងដែលអាចដាក់មនុស្សបាន ៣៤៧០ នាក់ផងដែរ។
អគារទីស្នាក់ការរបស់គណបក្សប្រជាជនកម្ពុជា បានរចនារួមបញ្ចូលគ្នានូវរចនាបថ ប្រាសាទអង្គរវត្ត រចនាបថបន្ទាយស្រី និងរចនាបថកណ្ដាល ។ គណបក្សប្រជាជនកម្ពុជា ប្រជាជនកម្ពុជាបានបង្កើតនៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ១៩៥១ ជាគណបក្សនយោបាយមួយ ដែលបានរំដោះពលរដ្ឋចេញពីរបបខ្មែរក្រហមនៅឆ្នាំ១៩៧៩ ។
សម្តេចតេជោ ហ៊ុន សែន ប្រធានគបក្សដែលបានអញ្ជើញទៅពិនិត្យការសាងសង់ អគារថ្មីរបស់គណបក្ស កាលពីថ្ងៃទី៥មិថុនានេះ ។ សម្រាបសម្តេចគណបក្សកម្ពុជាប្រជាជនកម្ពុជាបានបំពេញបេសកកម្មយ៉ាងសកម្មជាទីបំផុត ដើម្បីនាំមកនូវឧត្តមប្រយោជន៍សម្រាប់ជាតិកម្ពុជា ។
គណបក្សប្រជាជនកម្ពុជា បានប្រកាន់ខ្ជាប់ជានិច្ចនូវគោលបំណង និងឧត្តមគតិរបស់ខ្លួន ដោយឈរនៅខាងប្រជាជនផ្សារភ្ជាប់រួមសុខទុក្ខជាមួយប្រជាជន ពុះពារជម្នះគ្រប់ឧបសគ្គ ហ៊ានធ្វើពលិកម្មឥតរុញរា ដើម្បីកម្ពុជាឯករាជ្យសន្ដិភាព សេរីភាព ប្រជាធិបតេយ្យ អព្យាក្រឹត្យ និងវឌ្ឍនភាពសង្គម ។ ទោះបីមកដល់ពេលនេះការសាងសង់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា សម្រេចបាន៩៥%យ៉ាងណាក្តី ការសម្ពោធជាផ្លូវការ លោក ឈឹម ផលវរុណ ថា មិនទាន់កំណត់នោះឡើយ៕
ចែករំលែកព័តមាននេះ