ជាទូទៅមហាសេដ្ឋី ឬមនុស្សដែលសម្រេចបានការជោគជ័យច្រើនជាមនុស្សដែលក្លាហានក្នុងការបង្ហាញពីសមត្ថភាពខ្លួន និងបង្ហាញអ្នកដទៃពីតម្លៃខ្លួនរបស់ពួកគេ ។ ប៉ុន្តែមិនមែនមនុស្សគ្រប់គ្នាទទួលបានឱកាសក្នុងការធ្វើដូច្នេះទេ ។ យោងទៅតាមអ្នកស្រី ឡូរ៉ា ហ័ង (Laura Luang) ដែលបានសិក្សាស្រាវជ្រាវពីមហាសេដ្ឋី និងអ្នកជោគជ័យជាច្រើនបានឲ្យដឹងថា សមត្ថភាពក្នុងការនាំយកភាពសប្បាយជាកត្តាដែលបង្កើតឱកាសទាំងនោះ ។
ប៉ុន្មានឆ្នាំមុន អ្នកស្រី និងមិត្តជិតស្និទ្ធម្នាក់បានចាប់ផ្តើមការស្រាវជ្រាវពីបញ្ហាដែលក្រុមហ៊ុនបង្កើតថ្មីកំពុងជួបប្រទះក្នុងវិស័យអាវកាសឯកជន ហើយអ្នកទាំងពីរបានសម្រេចចិត្តទៅសុំលោកមហាសេដ្ឋី អ៊ីឡុន ម៉ាស (Elon Musk) សម្ភាសន៍ ។
អ្នកទាំងពីរបានសិក្សាពីប្រវត្តិរូបរបស់លោក ម៉ាស ព្រមទាំងហេតុការណ៍ថ្មីៗដែលលោកអាចនឹងលើកឡើង ព្រមទាំងគិតពីទស្សនៈគួរឲ្យចាប់អារម្មណ៍ផ្សេងៗលើអាជីវកម្មរបស់លោកថែមទៀត ខណៈដែលបានត្រៀមកាដូបង្ហាញអំណរគុណមួយផងដែរ ។
ប៉ុន្តែការខិតខំប្រឹងប្រែងរបស់អ្នកទាំងពីរបានរលាយទាំងស្រុងពេលដែលលោក ម៉ាស បដិសេធ និងដេញអ្នកទាំងពីរចេញពីការិយាល័យរបស់លោក ខណៈដែលលោកសំឡឹងមើលកាដូដែលនៅក្នុងដៃរបស់មិត្តអ្នកស្រីជាប់ ។ ពេលនោះលោកម៉ាសមិនបានដឹងថាអ្នកទាំងពីរជាអ្នកស្រាវជ្រាវទេ និងគិតថាអ្នកទាំងពីរជាសហគ្រិនដែលចង់បានលុយរបស់លោក ។
ពេលនោះស្រាប់តែអ្នកស្រីនិយាយថា លោកគិតថាពួកយើងកំពុងចង់លក់អ្វីឲ្យលោកត្រូវទេ? ពួកយើងមិនចង់បានលុយរបស់លោកទេ ។ ការឆ្លើយតបនេះបានធ្វើឲ្យលោក ម៉ាស ភ្ញាក់ផ្អើលយ៉ាងខ្លាំង មុននឹងលោកសើចឡើង ។
ជាលទ្ធផល អ្នកទាំងបីបានជជែក និងវែកញែកដោយរលូន ។ ពេលដែលការសម្ភាសន៍បានបញ្ចប់ លោក ម៉ាស បានឲ្យលេខទំនាក់ទំនងទៅកាន់ប្រធានម្នាក់នៅ SpaceX ថែមទៀតដើម្បីជួយអ្នកទាំងពីរក្នុងការសិក្សាស្រាវជ្រាវ ។ ដូច្នេះសម្រាប់មនុស្សដែលអាចនឹងធ្លាក់ខ្លួនក្នុងស្ថានការខាងលើ អ្នកស្រី ហ័ង បានផ្តល់ដំបូន្មានដូចខាងក្រោម៖
១. ធ្វើអ្វីដែលមនុស្សមិនរំពឹងទុកមុន ។ វិធីល្អជាងគេក្នុងការឆ្លើយតបនឹងការបដិសេធគឺការឆ្លើយតបដែលគួរឲ្យចងចាំ ។
២. កុំត្រៀមខ្លាំងពេក ។ ការត្រៀមខ្លួនមុនពេលជួបបុគ្គលណាម្នាក់គឺសំខាន់ណាស់ ប៉ុន្តែអ្នកមិនគួរត្រៀមខ្លាំងពេកទេព្រោះវាធ្វើឲ្យការសន្ទនារបស់អ្នកដូចមានការចាប់បង្ខំ និងមិនធម្មជាតិ ។
៣. កុំប្រាកដប្រជាពេក ។ មនុស្សដែលចេះនិយាយកំប្លែងពេលធ្វើការត្រូវបានចាត់ទុកជាមនុស្សរួសរាយរាក់ទាក់ និងមានសមត្ថភាពខ្ពស់ជាងអ្នកដែលប្រាកដប្រជាគ្រប់ពេលវេលា ។
៤. យល់ដឹងពីភាគីម្ខាងទៀត ។ អ្នកត្រូវយល់ដឹងពីស្ថានការជុំវិញខ្លួន និងបុគ្គលដែលអ្នកត្រូវសន្ទនាជាមួយ។ អ្នកនឹងត្រូវការពេលវេលាយូរដើម្បីអាចធ្វើដូច្នេះបាន ប៉ុន្តែអ្នកអាចចាប់ផ្តើមដោយយកចិត្តទុកដាក់ស្តាប់ និងមើលការឆ្លើយតបរបស់ភាគីម្ខាងទៀត ៕
ចែករំលែកព័តមាននេះ