ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អភិបាលស្រុក​តាំងគោក​ចុះ​សួរសុខទុក្ខ​ពលករ​មក​ពី​ក្រៅប្រទេស និង​ផ្សព្វផ្សាយ​អំពី​ជំងឺ​កូ​វី​ដ​១៩

3 ឆ្នាំ មុន
  • កំពង់ធំ

ខេត្តកំពង់ធំ ៖ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក ខេត្តកំពង់ធំ នា​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០…

ខេត្តកំពង់ធំ ៖ លោក ហាក់ ម៉ុង​ហួត អភិបាលស្រុក​តាំងគោក ខេត្តកំពង់ធំ នា​រសៀល​ថ្ងៃ​ទី​៤ ខែមិថុនា ឆ្នាំ​២០២០ អមដំណើរ​ដោយ​លោកស្រី​អភិបាលរង​ស្រុក និង​ក្រុមការងារ បាន​ចុះ​សួរសុខទុក្ខ​ពលករ​មក​ពី​ក្រៅប្រទេស និង​ផ្សព្វផ្សាយ​អំពី​ជំងឺ​កូ​វី​ដ​១៩ នៅ​ក្នុង​ឃុំ​ទ្រៀល ឃុំ​ពង្រ ឃុំ​អណ្តូង​ពោធិ៍ ចំនួន​៧​នាក់ ស្រុក​តាំងគោក ខេត្តកំពង់ធំ ព្រមទាំង​បាន​ឧបត្ថម្ភ​ដល់​គ្រួសារ​ទីទ័ល​ក្រ​ផង​ដែរ ។

លោក ហាក់ ម៉ុង​ហួត បាន​ថ្លែងអំណរគុណ​ដល់​អាជ្ញាធរ​មូលដ្ឋាន និង​មន្ត្រី​ដែល​ពាក់ព័ន្ធ​ទាំងអស់​ដែល​បាន​ផ្សព្វផ្សាយ​អំពី​វិធានការ​ការពារ ទប់ស្កាត់​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វី​ដ​១៩ របស់​រាជរដ្ឋាភិបាល និង​គណៈកម្មការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ។ លោក​បន្ត​ថា សុខទុក្ខ​ប្រជាពលរដ្ឋ​ជា​សុខទុក្ខ​របស់​ថ្នាក់ដឹកនាំ​គ្រប់​ជាន់ថ្នាក់ ។

លោក​អភិបាលស្រុក​ក៏​បាន​ផ្តាំផ្ញើ​ដល់​ពលករ​ដែល​មក​ពី​ក្រៅប្រទេស​ត្រូវ​ដាក់ខ្លួន​នៅ​ដោយឡែក​ពី​គេ ហើយ​ត្រូវ​សម្អាត និង​រក្សា​អនាម័យ​ជា​ប្រចាំ​តាម​ការ​ណែនាំ​របស់​ក្រុមការងារ​ថ្នាក់​ភូមិ ឃុំ ស្រុក និង​ក្រសួងសុខាភិបាល ដោយ​លាងដៃ​ជាមួយនឹង​សាប៊ូ​ឱ្យ​បាន​ញឹកញាប់ អាល់កុល និង​ជែ​ល​លាងដៃ មុន​ពេល និង​ក្រោយ​ពេល​ចាប់​កាន់​របស់​ផ្សេង​ៗ ព្រមទាំង​ពាក់​ម៉ាស់ ឬ​ក្រ​ម៉ា​នៅ​ពេល​ធ្វើ​ដំណើរ​ទៅ​ទី​សាធារណៈ ឬ​ទៅ​ផ្សារ ដើម្បី​ទប់ស្កាត់​ការ​ឆ្លង​រោគ​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ។

លោក​ក៏​បាន​អំពាវនាវ និង​សំណូមពរ​ដល់​បងប្អូន​ពលករ​សូម​ចូលរួម​អនុវត្ត​ទាំងអស់​គ្នា ដើម្បី​សេចក្តីសុខ និង​សុវត្ថិភាព​សុខភាព​ផ្ទាល់ខ្លួន​ផង និង​ដើម្បី​សុវត្ថិភាព​សុខភាព សម្រាប់​អ្នក​ដទៃ និង​សហគមន៍​ទាំងមូល​ផង នៅ​ក្នុង​កាលៈទេសៈ​ដែល​ប្រទេស​ជាតិ​កំពុង​ប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូ​វី​ដ​១៩ ប្រសិនបើ​មាន​បញ្ហា ឬ​សង្ស័យ​លើ​សុខភាព​មិន​ប្រក្រតី​សូម​រាយការណ៍​ដល់​អាជ្ញាធរ ឬ​ទៅ​មណ្ឌល​សុខភាព ។

ជាមួយ​ក្នុង​ការ​ចុះ​ផ្សព្វផ្សាយ​ពី​ជំងឺ​កូ​វី​ដ​១៩ ដោយ​រស់នៅ​មិន​មានការ​ប្រមូលផ្ដុំ​គ្នា​នៅឡើយ ក្នុង​នោះ​ផង​ដែរ អភិបាលស្រុក​បាន​ជំរុញ​ឲ្យ​មាតាបិតា​បង្រៀន​កូន​នៅ​តាម​ផ្ទះ​ជា​ពិសេស​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​នូវ​ការ​បង្រៀន​តាម online ចាប់ពី​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​១២ ទៅ​តាម​ដែល​អាច​ធ្វើ​បាន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ