ប្រទេសចិន ៖ អាជ្ញាធរចិនកាលពីថ្ងៃទី៤មិថុនាបានសង្កត់ធ្ងន់ លើភាពចាំបាច់ផ្ដោតការខិតខំប្រឹងប្រែង កែលម្អបណ្ដាវិធានការត្រួតពិនិត្យដោយទៀងទាត់ ដើម្បីបង្ការការឆ្លងរាលដាលនៃវីរុសCOVID-19 ទន្ទឹមគ្នានឹងការពង្រឹងថែមទៀត ការផលិតវ៉ាក់សាំងនិងថ្នាំពេទ្យនានា ព្រមទាំងបណ្ដាឧបករណ៍ធ្វើតេស្ត។
ការណែនាំជាផ្លូវការនោះត្រូវបានប្រកាសក្នុងឱកាសនៃកិច្ចប្រជុំមួយ របស់ក្រុមដឹកនាំ ឆ្លើយតបការឆ្លងរាលដាលនៃវីរុសCOVID-19របស់ចិន ដឹកនាំដោយនាយករដ្ឋមន្ត្រី លោកLI KEQIANG ដែលក៏ជាសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ ការិយាល័យនយោបាយបក្សកុំមុយនីស្តចិនផងដែរ។
បណ្ដាអ្នកចូលរួមក្នុងកិច្ចប្រជុំនេះ បានសង្កត់ធ្ងន់លើការអនុវត្តដោយពេញលេញ បណ្ដាវិធានការ ដែលសំដៅបង្ការរលកថ្មីនៃការឆ្លងនៅក្នុងប្រទេសចិននិងការឆ្លងនាំចូល ព្រមទាំងលើការកែលម្អសមត្ថភាពបង្ការ និងព្យាបាលជំងឹCOVID-19។ កិច្ចប្រជុំនោះឲ្យដឹងទៀតថា ប្រព័ន្ធសុខាភិបាលសាធារណៈត្រូវតែកែលម្អ ដើម្បីពង្រឹងការតស៊ូប្រឆាំងវីរុសហើយការខិតខំប្រឹងប្រែងធំនានា ត្រូវធ្វើដើម្បីជម្រុញឡើងវិញ បណ្ដាសកម្មភាពនិងបើកទ្វារសាលារៀនឡើងវិញ ព្រមទាំងស្ដារឡើងវិញទាំងស្រុងរបៀបរៀបរយនៃសេដ្ឋកិច្ចនិងសង្គមកិច្ច ឲ្យវិលមករកប្រក្រតីភាពឡើងវិញ។
សហភាពអឹរ៉ុបប្រមូលមូលនិធិបន្ទាន់សម្រាប់វ៉ាក់សាំង ៖
បណ្ដាអ្នកទទួលខុសត្រូវអឹរ៉ុបថ្លែងកាលពិថ្ងៃទី៤មិថុនាថា សហភាពអឹរ៉ុបនឹងប្រមូលមូលនិធិបន្ទាន់មានទឹកប្រាក់២,៤ពាន់លានអឺរ៉ូ សម្រាប់ការផលិតវ៉ាក់សាំងប្រឆាំងវីរុស។
ការផ្ដួចផ្ដើមគំនិតនោះត្រូវបានពិភាក្សាគ្នា កាលពីថ្ងៃទី៣មិថុនាក្នុងកម្រិតអឹរ៉ុប បន្ទាប់ពីអាល្លឹម៉ង់ បារាំង អ៊ីតាលីនិងហូឡង់បានទាមទារឲ្យជម្រុញការចរចា ជាមួយបណ្ដាក្រុមហ៊ុនឱសថ ដើម្បីការពារសន្តិសុខការបញ្ចេញអនាគតវ៉ាក់សាំង ដែលកំពុងតែស្ថិតក្នុងដំណាក់កាលផលិតសាកល្បង។ ការប្រើជំនួយបន្ទាន់នោះរបស់សហភាពអឹរ៉ុប ក៏នឹងអាចផងដែរបង្កើនសមត្ថភាពអឺរ៉ុប ក្នុងការផលិតវ៉ាក់សាំង និងស្នើឲ្យមានការធានារ៉ាប់រងខាងទទួលខុសត្រូវ ចំពោះបណ្ដាមន្ទីរពិសោធន៍។
ប្រមុខអ.ស.បសង្ឃឹមថាវ៉ាក់សាំងមួយនឹងជាទ្រព្យសាធារណៈពិភពលោក ៖
អគ្គលេខាធិការអ.ស.បលោកANTONIO GUTERRES កាលពីថ្ងៃទី៤មិថុនាបានសម្ដែងក្ដីសង្ឃឹមថា វ៉ាក់សាំងប្រឆាំងវីរុសCOVID-19 មួយនិងជាទ្រព្យសាធារណៈពិភពលោក ឬជាវ៉ាក់សាំងមួយរបស់បណ្ដាប្រជាជន។
លោកមានប្រសាសន៍ថា COVID-19ជា វិបត្តិសុខាភិបាលសាធារណៈនៃជំនាន់មនុស្សយើងនេះ។ បច្ចុប្បន្ននៅមិនទាន់មានវ៉ាក់សាំងការពារវាណាមួយនៅឡើយ។ យើងត្រូវធ្វើការរួមគ្នា ដើម្បីផលិតវ៉ាក់សាំងមួយ។
វ៉ាក់សាំងមួយតែឯងមិនទាន់គ្រប់គ្រាន់ទេ។ យើងនៅត្រូវការសាមគ្គីភាពពិភពលោក ដើម្បីធានាថា មនុស្សម្នាក់ៗគ្រប់ទីកន្លែងអាចទទួលបានវ៉ាក់សាំងនោះ។ លោកអះអាងបែបនេះក្នុងឱកាសនៃកិច្ចប្រជុំកំពូលពិភពលោកផ្ដោតលើវ៉ាក់សាំងប្រឆាំងវីរុសនោះ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ