ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មិន​នឹក​ស្មាន ហែម​ថុ​ន វិ​ទិ​នី ជា​គ្រូបង្វឹក​របស់​​ឱ​ក សុគន្ធ​កញ្ញា

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​មិន​ធ្លាប់​ទទួល​បាន​មេដាយមាស​ពី​ការ​ប្រកួត​នៅ​ក្រៅប្រទេស ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា កីឡាការិនី​លំដាប់​ជាតិ កញ្ញា ហែម​ថុ​ន វិ​ទិ​នី នៅ​តែ​ឈរ​ជា​អត្ត​ព​លិ​ក​ល្បី​ល្បាញ​នៅ​កម្ពុជា​ដដែល ។…

រាជធានី​ភ្នំពេញ ៖ បើ​ទោះ​មិន​ធ្លាប់​ទទួល​បាន​មេដាយមាស​ពី​ការ​ប្រកួត​នៅ​ក្រៅប្រទេស ប៉ុន្តែ​គេ​នៅ​តែ​មើលឃើញ​ថា កីឡាការិនី​លំដាប់​ជាតិ កញ្ញា ហែម​ថុ​ន វិ​ទិ​នី នៅ​តែ​ឈរ​ជា​អត្ត​ព​លិ​ក​ល្បី​ល្បាញ​នៅ​កម្ពុជា​ដដែល ។ អ្វី​ដែល​គួរ​សរសើរ​ទៅ​ទៀត គឺ​នាង​ត្រូវ​គេ​ដឹង​ថា​ជា​គ្រូបង្វឹក​របស់​តារាចម្រៀង​ល្បីល្បាញ អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា ផង​ដែរ ក្នុង​ចំណោម​កូនសិស្ស​បង្ហាត់​ហែល​ទឹក ដែល​មាន​តារា​ជា​ច្រើន​នាក់​ផង​ដែរ​។

កីឡាការិនី​ដែល​បាន​ចាប់ផ្ដើម​ហ្វឹកហាត់​ហែល​ទឹក​តាំងពី​អាយុ​៤​ឆ្នាំ​រូប​នេះ បញ្ជាក់​ថា មុន​ដំណាក់​កាល​កូ​វី​ដ​-១៩ នាង​ទទួល​បង្វឹក​កូនសិស្ស​បាន​ច្រើន​គួរសម​ដោយ​មាន​ទាំង​អ្នក​ហ្វឹក​ហាត់​គិត​ម៉ោង និង​ហ្វឹកហាត់​មួយ​ចេះ​។ ប៉ុន្តែ​តាំងពី​មាន​កូ​វី​ដ មក​ទល់​នឹង​ពេល​នេះ នាង​អត់​បាន​ទទួល​បង្វឹក​សិស្ស​នោះ​ទេ ដោយសារ​ទី​១​នៅ​ក្នុង​សហព័ន្ធ​មានការ​បិទ​អាង​ហែល​ទឹក មិន​ឱ្យ​មានការ​ជួបជុំ​ផង ហើយ​បើ​ទោះជា​អនុញ្ញាត​ឱ្យ​មានការ​បើក​វិញ ក៏​មិន​ទាន់​មាន​សិស្ស​មក​ហ្វឹកហាត់ ។

យ៉ាងណា​ក៏​ដោយ​មុន​ពេល​អស់​សិស្ស នាង​គឺជា​គ្រូបង្វឹក​របស់​តារា​សិល្បៈ​មួយ​ចំនួន​ផង​ដែរ ដោយ​រួម​មាន កញ្ញា ឌី សូ​នី​តា កញ្ញា ថន ល​ក្ខិ​ណា ខណៈ​ដែល​អ្នក​នាង ឱ​ក សុគន្ធ​កញ្ញា គឺជា​កូនសិស្ស​សំណព្វចិត្ត​របស់​នាង ដែល​នាង​មានឱកាស​បាន​ចំណាយពេល​បង្វឹក​រហូត​ចេះ​ហែល​ទឹក​ស្ទាត់ ។ នាង​ហាក់​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដែល​មានឱកាស​បាន​បង្ហាត់​​ហែល​ទឹក​តារា​ល្បី​រូប​នេះ ខណៈ​ដែល​នាង​បញ្ជាក់​ថា គឺ​មោទនភាព​មិន​តិច​ទេ​ដែល​នាង​បាន​ក្លាយជា​គ្រូបង្វឹក​របស់​តារា​ល្បី​ៗ​។

នាង​សម្ដែង​ការ​សោកស្ដាយ​ដែល​បញ្ហា​កូ​វី​ដ មិន​អាច​ឱ្យ​នាង​ទទួល​បង្ហាត់​សិស្ស​បាន​ដូច​ដើម​នៅឡើយ ប៉ុន្តែ​នាង​ថា ការ​បង្វឹក​នឹង​ចាប់ផ្ដើម​ឡើង​វិញ​ឆាប់​ៗ​ក្នុង​ពេល​ខាង​មុខ ។ នាង​ក៏​មាន​មោទនភាព​ផង​ដែរ ដែល​នាង​នៅ​តែ​ទទួល​បានការ​សរសើរ​ថា គឺជា​កីឡាការិនី​ផ្នែក​ហែល​ទឹក​នាំមុខ​នៅឡើយ​។

លោក ហែម គី​រី ដែល​ជា​អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​កម្ពុជា​ធ្លាប់​បាន​លើក​ឡើង​ថា​៖«​កីឡាការិនី ហែម​ថុ​ន វិ​ទិ​នី នៅ​តែ​ជា​កីឡាការិនី​ខ្លាំង​របស់​កម្ពុជា​ព្រោះ​មក​ដល់​ពេល​នេះ​មិន​ទាន់​មាន​កីឡាការិនី​រូប​ណា​អាច​មាន​សមត្ថភាព​លើស​នាង​នៅឡើយ​នោះ​ទេ បើ​ទោះបី​រាល់​ការ​ប្រកួត​ធំ​ៗ​កន្លង​មក នាង​មិន​អាច​ដណ្ដើម​មេដាយ​បាន​ក៏​ដោយ តែ​យើង​ទទួល​បាន​នូវ​បច្ចេកទេស​ថ្មី​ៗ ដើម្បី​អភិវឌ្ឍ​សមត្ថភាព​របស់​កីឡាការិនី​រូប​នេះ​ឱ្យ​កាន់តែ​ខ្លាំង​បន្ថែម​ទៀត ។

ជាក់ស្ដែង កាលពី​ប្រកួត​កីឡា​អូ​ឡាំ​ពិ​ក​នៅ​ទីក្រុង RIO ក្នុង​ប្រទេស​ប្រេ​ស៊ី​ល វិ​ទិ​នី បាន​ប្រកួត​ឈ្នះ​ជាង​៣០​ប្រទេស​នៅ​លើ​ពិភពលោក ។

គួរ​រំលឹក​ថា កាលពី​ឆ្នាំ​មុន វិ​ទី​នី ធ្លាប់​បាន​ចេញ​ទៅ​ហ្វឹកហាត់​នៅ​ប្រទេស​ថៃ​រយៈពេល​១​ឆ្នាំ ហើយ​បន្ទាប់​ពី​ការ​ហ្វឹកហាត់​នោះ​មក អ្វី​ៗ​មានការ​ប្រែប្រួល​កាន់តែ​ល្អ ខណៈ​ពេល​នេះ​ដែរ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក​មាន​គ្រូ​ជន​ជាតិ​ជប៉ុន​មក​ជួយ​បង្វឹក​ទៀត​ផង​នោះ​ធ្វើ​ឲ្យ​គុណ​ផល (Perfomance) របស់​វិ​ទិ​នី​កាន់តែ​ល្អ​ដែរ ។

កញ្ញា Saki Ikuyama ដែល​ជា​គ្រូបង្វឹក​ហែល​ទឹក​ជម្រើសជាតិ​កម្ពុជា​បានឱ្យ​ដឹង​ដែរ​ថា មក​ដល់​ពេល​នេះ​គឺ​មិន​ទាន់​មាន​កីឡាការិនី​ជំនាញ​ហែល​ទឹក​រូប​ណា​ល្អ​ជាង​វិ​ទិ​នី​នៅឡើយ​ទេ ។ គ្រូបង្វឹក​រូប​នេះ​បន្ត​ថា មាន​អ្នក​ស្រករ​ក្រោយ​ម្នាក់​-​ពីរ​នាក់​ដែរ​តែ​នៅ​ខ្ចី​បន្តិច ដូច្នេះ​អាច​ប្រើ​ពេល​២​ឬ​៣​ឆ្នាំ​ទៀត​ទើប​ពួក​គេ​អាច​មក​ជំនួស​តំណែង​របស់​វិ​ទិ​នី​បាន ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ