ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រជាប្រិយភាព​កីឡាវាយកូនគោល​នៅ​កម្ពុជា​ហាក់​នៅ​ឆ្ងាយ​ពី​អារម្មណ៍​មហា​ជន

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ កីឡាវាយកូនគោល​នៅ​កម្ពុជា​បច្ចុប្បន្ន គេ​ឃើញ​អ្នក​ដែល​និយម​លេង​ភាគ​ច្រើន​​ជា​ថ្នាក់ដឹកនាំ​ប្រទេស ជា​ឧកញ៉ា ជា​អ្នកជំនួញ​ធំ​ៗ និង​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ មិន​ដែល​ឃើញ​ប្រជាជន​សាមញ្ញ​លេង​កីឡា​ប្រភេទ​នេះ​ឡើយ ។ មូលហេតុ​ដែល​ប្រជាជន​សាមញ្ញ​មិនសូវ​ចាប់អារម្មណ៍​លេង​ដោយសារ​សេវា​ចូល​លេង​កម្សាន្ត​មាន​តម្លៃ​ខ្ពស់…

រាជធានី​ភ្នំពេញ ៖ កីឡាវាយកូនគោល​នៅ​កម្ពុជា​បច្ចុប្បន្ន គេ​ឃើញ​អ្នក​ដែល​និយម​លេង​ភាគ​ច្រើន​​ជា​ថ្នាក់ដឹកនាំ​ប្រទេស ជា​ឧកញ៉ា ជា​អ្នកជំនួញ​ធំ​ៗ និង​ភ្ញៀវ​បរទេស​ប៉ុណ្ណោះ មិន​ដែល​ឃើញ​ប្រជាជន​សាមញ្ញ​លេង​កីឡា​ប្រភេទ​នេះ​ឡើយ ។ មូលហេតុ​ដែល​ប្រជាជន​សាមញ្ញ​មិនសូវ​ចាប់អារម្មណ៍​លេង​ដោយសារ​សេវា​ចូល​លេង​កម្សាន្ត​មាន​តម្លៃ​ខ្ពស់ និង​សម្ភារ​បម្រើ​ឱ្យ​ការ​លេង​ក៏​មាន​តម្លៃ​ថ្លៃ​ដែល​គ្រាន់តែ​ដង​វាយ​មួយ​មាន​តម្លៃ​រាប់រយ​រាប់​ពាន់​ដុល្លារ​ឯណោះ និង​មាន​អ្នក​ខ្លះ​មិន​ទាន់​ចេះ​ពី​របៀប​លេង​ឱ្យ​បាន​ត្រឹមត្រូវ​តាម​លក្ខណៈ​បច្ចេកទេស​នៅឡើយ ទើប​កីឡា​វាយ​កូនគោល​របស់​កម្ពុជា​យើង​ហាក់​នៅ​ឆ្ងាយ​ពី​អារម្មណ៍​មហាជន ។

ផ្ទុយ​ពី​ការ​អះអាង​ខាងលើ លោក ជា បូ​រ៉ា រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ និង​ជា​អគ្គលេខា​ធិការ​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បាន​ប្រាប់​កោះសន្តិភាព​ថា កីឡាវាយកូនគោល​នៅ​កម្ពុជា​បច្ចុប្បន្ន​កំពុង​តែ​មានការ​ពេញ​និយម​បើ​ទោះជា​កីឡា​ប្រភេទ​នេះ​ត្រូវ​បាន​មហាជន​ភាគ​ច្រើន​​លើក​ឡើង​ថា មិនសូវ​ពេញ​និយម​ដោយ​សារ​សម្ភារ​ឧបករណ៍​សម្រាប់​លេង​រាង​ថ្លៃ​ជាង​សម្ភារ​ឧបករណ៍​កីឡា​ដទៃ​ទៀត​ក៏​ដោយ ។

លោក​ពន្យល់​ថា សម្ភារ​ឧបករណ៍​សម្រាប់​លេង​វា​មិនមែន​សុទ្ធតែ​ថ្លៃ​ទាំង​អស់នោះ​ទេ គឺ​មាន
តាម​ប្រភេទ​របស់​វា ប្រភេទ​ថ្លៃ​ក៏​មាន ថោក​ក៏​មាន មិន​ខុស​ពី​សម្ភារ​កីឡា​ដទៃ​ទៀត​នោះ​ទេ ។

លោក​បញ្ជាក់​ថា កីឡាវាយកូនគោល​គឺ​លេង​បាន​គ្រប់​វ័យ​គ្រប់​ភេទ ប៉ុន្តែ​សម្រាប់​ស្រុក​ខ្មែរ​ស្ត្រី​មិន​ទាន់​មាន​ច្រើន​ទេ ភាគច្រើន​គឺ​បុរស​តែ​ម្ដង​ដែល​ជា​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​និង​មន្ត្រី​រាជ​ការ​ដែល​មានយស​សក្តិ និង​ទ្រព្យសម្បត្តិ​ដែល​ពួក​គាត់​លេង​ដើម្បី​សុខភាព​និង​កម្សាន្ត​ប៉ុណ្ណោះ ។

ជាក់ស្ដែង កីឡាវាយកូនគោល​បច្ចុប្បន្ន​នៅ​តែ​មាន​សកម្មភាព​ហ្វឹកហាត់​ឬ​លេង​ដូច​ធម្មតា​ទោះបីជា​មាន​បញ្ហា​ជំងឺឆ្លង​កូ​វី​ដ​-១៩​ក៏​ដោយ​ព្រោះ​លក្ខខណ្ឌ​នៃ​ការ​លេង​កីឡា​នេះ កីឡាករ​ម្ខាង​និង​កីឡាករ​ម្ខាង​ទៀត​មាន​គម្លាត​ដាច់​ពី​គ្នា​ល្អ​ណាស់​មិន​ដូច​កីឡា​ផ្សេង​ទៀត​នោះ​ទេ ធ្វើ​ឱ្យ​កីឡា​ប្រភេទ​នេះ​នៅ​តែ​ពេញ​និយម​ដដែល ។ ជា​ពិសេស​នៅ​រៀងរាល់ថ្ងៃ​សៅរ៍ និង​ថ្ងៃអាទិត្យ នៅ​តាម​ទីលាន​នីមួយ​ៗ​គេ​ឃើញ​កីឡា​នេះ​នៅ​តែ​មាន​សកម្មភាព​ធម្មតា មិន​មានការ​ផ្អាក​សកម្មភាព​ដូច​កីឡា​ដទៃ​ទៀត​ទេ​។

ថ្លែង​នៅ​ក្នុង​ពិធី​បើក​វគ្គ​បំប៉ន​ស្តី​ពី​ទំនាក់ទំនង​ការ​ផ្សព្វផ្សាយ និង​អ្នក​យក​ព័ត៌មាន​ផ្នែក​កីឡា​អាជីព​​ដែល​បាន​ប្រព្រឹត្ត​ទៅ​រយៈពេល​២​ថ្ងៃ នៅ​ឯ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា ​លោក ឯក ស៊ុន​ច័ន្ទ អតីត​អគ្គលេខាធិការ​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា បាន​គូស
បញ្ជាក់​ថា កីឡាវាយកូនគោល​គឺជា​ការ​ប្រើ​ដំបង​វាយ​កូន​បាល់​ពី​ទីតាំង​មួយ​ឱ្យ​ដល់​រន្ធ​តូច​មួយ​ដែល​មាន​ចម្ងាយ​មួយ​ជា​កំណត់​ពី​ទីតាំង​វាយ​ដំបូង ។ អ្នក​ដែល​វាយ​កូន​បាល់​ឱ្យ​ចូល​រន្ធ​ដោយ​ប្រើ​ចំនួន​ដំបង​តិច​ជាងគេ​ជា​អ្នក​ឈ្នះ ។

លក្ខណៈ​ពិសេស​របស់​កីឡាវាយកូនគោល​គឺ​លេង​រៀង​ៗ​ខ្លួន ឬ​លេង​ម្នាក់ឯង​ក៏​បាន មិន​ទាមទារ​លេង​ប្រញាប់ និង​ផ្តល់​ពេល​ឱ្យ​ដើរ​លេង​តាម​សម្រួល​រយៈពេល​៤ ឬ​៥​ម៉ោង ដោយ​លេង​បណ្តើរ​ជជែក​គ្នា​បណ្តើរ ។ តាម​រយៈ​កីឡា​ប្រភេទ​នេះ​គេ​អាច​ស្វែង​យល់​នូវ​អត្ត​ចរិត​របស់​ដៃគូ​បាន​យ៉ាង​ច្បាស់ ជា​ពិសេស​ដៃគូ​ជំនួញ និង​ទាមទារ​ទាំង​កម្លាំងកាយ កម្លាំង​ប្រាជ្ញា ទាំង​ការ​វាយ​ឆ្ងាយ ឬ​ជិត និង​ភាព​ម៉ត់ចត់​ទៀត​ផង ។

លោក​បន្ត​ថា កីឡាវាយកូនគោល​នៅ​កម្ពុជា​ចាប់ផ្តើម​កើត​មាននៅ​ឆ្នាំ​១៩៩៦ ជាមួយនឹង​ការ​បើក​ដំណើរការ​ទីលាន Cambodia Golf & Country Club ។ ទីលាន​នេះ​កាលពី​ដំបូង​ជា​កន្លែង​សម្រាប់​បម្រើ​ដល់​ជនបរទេស ជា​ពិសេស​ជនជាតិ​ជប៉ុន ក្រោយមក​មាន​មន្ត្រីជាន់ខ្ពស់​យើង​តែង​អញ្ជើញ​មក​ចូលរួម​លេង​ជា​ប្រចាំ ។

លុះ​នៅ​ឆ្នាំ​២០០៧ ទើប​យើង​បង្កើត​បានជា​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា ដោយ​មាន​តួនាទី​ជា​អ្នក​ជំរុញ និង​អភិវឌ្ឍ តែ​មិន​មាន​តួនាទី​គ្រប់គ្រង​នៅឡើយ​ទេ ។ ស្ថានភាព​អ្នក​ដែល​អាច​លេង​កីឡា​នេះ​បាន​មាន​ប្រមាណ​៥០០​នាក់ ក្នុង​នោះ​មាន​ជនជាតិ​បរទេស​ប្រហែល​៥០​ភាគរយ ។

សេវា​កីឡាវាយកូនគោល​នេះ​នៅ​ថ្លៃ​នៅឡើយ បើ​ធៀប​ទៅ​នឹង​ជីវភាព​ប្រជាជន​សាមញ្ញ ទើប​មិនសូវ​មាន​អ្នក​ចូល​លេង​កម្សាន្ត​មាន​តែ​មន្ត្រី​ជាន់ខ្ពស់ អ្នកមាន ឬ​អ្នក​រកស៊ី​ធំដុំ​ប៉ុណ្ណោះ​ដែល​ចូល​លេង ធ្វើ​ឱ្យ​កីឡា​មួយ​នេះ​មិន​ទាន់​អាច​ឈាន​ដល់​កម្រិត​ដូច​បរទេស​នៅឡើយ ព្រោះ​ពួក​គេ​មាន​ការ​ជឿនលឿន​មុន​យើង​យូរ​មក​ហើយ ។ កីឡា​នេះ អាច​ថា​ជា​កីឡា​ប្រភេទ​ថ្មី មាន​អ្នក​យល់​ដឹង​តិចតួច ការ​ចំណាយ​សម្រាប់​លេង​ក៏​នៅ​ថ្លៃ និង​ទីលាន​នៅ​មាន​តិចតួច ដោយសារ​ការ​ចំណាយ​លើ​ការ​សាងសង់​ទីលាន​ខ្ពស់ ព្រោះ​ត្រូវ​ប្រើ​ផ្ទៃដី​រាប់​ហិ​កតា ហើយ​ខ្វះ​ការ​ប្រកួតប្រជែង​ទៀត ។ យើង​មិន​ទាន់​មាន​កីឡាករ​អាជីព មិន​ទាន់​មាន​គ្រូបង្វឹក បើសិនជា​ជួល​គ្រូ​មក​ពី​ក្រៅ​គឺ​ត្រូវការ​ចំណាយ​ប្រាក់ខែ​ខ្ពស់​ណាស់ ។

លោក​ឯក ស៊ុន​ច័ន្ទ បាន​បញ្ជាក់​ថា ទោះជា​យើង​មាន​បញ្ហា​លំបាក​ដូច​រៀបរាប់​ខាងលើ​មែន តែ​យើង​នៅ​មិន​ទាន់​ចុះចាញ់​ទេ នៅ​តែ​ខិតខំ​ធ្វើ​យ៉ាងណា​ឱ្យ​រីក​លូតលាស់​ជាង​នេះ ព្រោះ​ខាង​អ្នក​រៀបចំ​មាន​ផែនការ​ចំពោះ​មុខជា​បណ្តើរ​ៗ​ដូច​ជា រៀបចំ​ទីស្នាក់ការ និង​បណ្តុះបណ្តាល​អ្នក​ដែល​អាច​ធ្វើ​ការងារ​នេះ​បានជា​អាជីព ។

រៀបចំ​ចងក្រង និង​ផ្សព្វផ្សាយ​ក្បួនច្បាប់​ជា​ភាសាជាតិ ដោយ​យោង​ទៅ​លើ R&A Golf Rules ។ រៀបចំ​ការ​ប្រកួត​ដើម្បី​លើកទឹកចិត្ត​ដល់​អ្នក​ស្រឡាញ់​កីឡា​នេះ និង​បង្ហាត់​ក្មេង​ៗ​ជំទង់​ឱ្យ​ចាប់​អាជីព​កីឡា​នេះ​ដូច​កីឡា​ដទៃ ។ រួម​គ្នា​អភិវឌ្ឍន៍​វិស័យ​កីឡាវាយកូនគោល​ឱ្យ​បម្រើ​សេដ្ឋកិច្ចជាតិ ដោយ​កសាង​ឱ្យ​បាន​កីឡាករ​អាជីព និង​ក្រុម​ជម្រើសជាតិ​ដែល​អាច​ចូលរួម​លេង​លើ​ឆាក​អន្តរ​ជាតិ​ឱ្យ​បាន​ក្នុង​រយៈពេល​១០​ឆ្នាំ​ទៀត ៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ