ជនខិលខូចរំលោភឈូសឆាយម្ល៉ឹងៗ ហេតុអីទើបដឹង?
- ពោធិ៍សាត់
ខេត្តពោធិ៍សាត់ ៖ បន្ទាប់ពីទទួលបានសេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភ្លាម នាថ្ងៃទី០៤ ខែមិថុនា ឆ្នាំ២០២០ ក្រុមការងារមន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តពោធិ៍សាត់ ដឹកនាំដោយលោក ភុំ វិមល នាយខណ្ឌរដ្ឋបាលជលផល ដោយមានការចូលរួមពីសំណាក់លោក ភុន សុវណ្ណា នាយផ្នែករដ្ឋបាលជលផលក្រគរ លោក ហុក ម៉េងអាន នាយសង្កាត់រដ្ឋបាលជលផលកំពង់លួង នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលឃុំអន្សារចំបក់ មន្ត្រីយោធាខេត្ត ក្រុមប្រឹក្សាឃុំអន្សារចំបក់ និងប្រជាការពារភូមិកំពង់ថ្គោល បានចុះទៅបង្ក្រាបការលួចលើកទំនប់ ជីកប្រឡាយ និងឈួសឆាយទន្ទ្រានដីព្រៃលិចទឹកដីតំបន់២ របស់ជនខិលខូចមួយចំនួន នៅចំណុចបឹងឃ្នៀប ស្ថិតក្នុងភូមិក្បាលដំរី ឃុំអន្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំង។

ក្រោយការពិនិត្យជាក់ស្ដែងឃើញថា ជនខិលខូចបានលួចឈួសឆាយ កាប់ទន្ទ្រានដីព្រៃលិចទឹកដែលជាជម្រកត្រីពងកូន ចាប់ពីតំបន់២ទៅទល់នឹងតំបន់៣រាប់សិបហិកតា ជាតំបន់ទ្រនាប់បឹងទន្លេសាបដែលច្បាប់ជលផលបានហាមឃាត់។

មិនតែប៉ុណ្ណោះ ក្រុមជនខិលខូចទាំងនោះ បានជីកប្រឡាយចំនួន៣ខ្សែថែមទៀត ក្នុងនោះមាត់ប្រឡាយដែលមានទំហំ៤ម៉ែត្រទៅ៥ម៉ែត្រ ជម្រៅ២ម៉ែត្រ ប្រវែង៦៨៣ម៉ែត្រ ចំនួនមួយខ្សែ, មាត់ប្រឡាយទំហំ២ម៉ែត្រ ជម្រៅ២ម៉ែត្រ ប្រវែង៦៨៣ម៉ែត្រ ចំនួនមួយខ្សែ និងមាត់ប្រឡាយទំហំ២ម៉ែត្រ ជម្រៅ១ម៉ែត្រ ប្រវែង៦៨៣ម៉ែត្រ ចំនួនមួយខ្សែផងដែរ។

ជាមួយគ្នានេះ សមត្ថកិច្ចក៏បានចាប់ឃាត់ត្រាក់ទ័រមួយគ្រឿង ដែលកំពុងធ្វើសកម្មភាពជាក់ស្ដែងឈូសឆាយដីព្រៃលិចទឹកនៅតំបន់២នោះ ហើយបានយកទៅរក្សាទុកនៅប៉ុស្ដិ៍រដ្ឋបាលឃុំអន្សារចំបក់ និងកសាងសំណុំរឿងបញ្ជូនទៅតុលាការផងដែរ ខណៈអ្នកបើកបររត់គេចខ្លួនបាត់។ (កែសម្រួលដោយ ៖ បុប្ផា)











ចែករំលែកព័តមាននេះ