ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ព្រំ រ​ដ្ឋា ៖ ដោយសារ​បេះដូង​សិល្បៈ​ឈឺ​ចាប់ គេ​ថា​កុន​ខ្មែរ​អន់ ទើប​ខំ​រើបំរះ​អភិ​វឌ្ឍន៍

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ព្រំ រ​ដ្ឋា ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា បាន​ងាក​មក​វិវត្តន៍​ខ្លួន​ជា​អ្នក​ដឹក​នាំ​រឿង ជា​ផលិតករ ឱ្យ​ផលិតកម្ម​របស់​អ្នក​នាង​ប្រមាណ​ជាង​៥​ឆ្នាំ​មក​ហើយ​។ បើ​ទោះ…

រាជធានី​ភ្នំពេញ ៖ អ្នក​នាង ព្រំ រ​ដ្ឋា ត្រូវ​បាន​គេ​ចាប់អារម្មណ៍​ថា បាន​ងាក​មក​វិវត្តន៍​ខ្លួន​ជា​អ្នក​ដឹក​នាំ​រឿង ជា​ផលិតករ ឱ្យ​ផលិតកម្ម​របស់​អ្នក​នាង​ប្រមាណ​ជាង​៥​ឆ្នាំ​មក​ហើយ​។ បើ​ទោះ ជា​មាន​ពេល​ខ្លះ អ្នក​នាង​មាន​ផល​លំបាក ក៏​អ្នក​នាង​នៅ​តែ​ព្យាយាម​រហូត​រាល់​ស្នាដៃ​ផ្សាយ​ចេញ​មក​របស់​អ្នក​នាង​ទទួល​បានការ​គាំទ្រ​ពី​ទស្សនិកជន និង​ផលិតករ​ទូរទស្សន៍​។

អ្នក​នាង ព្រំ រ​ដ្ឋា បាន​លះបង់​ពេលវេលា​ច្រើន​ឆ្នាំ​ងាក​មក​ផលិត​ខ្សែភាពយន្ត​ភាគ​ខ្មែរ ស្ទើរតែ​ភ្លេច​ខ្លួន​ថា ជា​តារា​សម្តែង​ម្នាក់ និង​ជា​អតីត​ពិធី​ការិនី​ម្នាក់​ទៅ​ហើយ​។ ការ​ពុះពារ​ជាមួយ ងារ​ជា​អ្នក​ដឹក​រឿង ជា​ផលិតករ មិន​ងាយស្រួល​នោះ​ទេ ដើម្បី​អោយ​រឿង​មួយ​ៗ​បាន​ល្អ​។

អ្នក​នាង​បាន​ប្រើ​ធម៌​ត្រជាក់​គ្រប់គ្រង​ការងារ​ជាមួយ​សហការី​។ ហែល​អាជីព​ដឹក​រឿង​នេះ ធ្វើ​ឱ្យ​អ្នក​នាង ព្រំ រ​ដ្ឋា ដែល​មក​ពី​ខេត្តតាកែវ កសាង​ស្នាដៃ​បាន​ជិត​១០​រឿង​រយៈពេល ជាង​៥​ឆ្នាំ​មក​នេះ​។

អ្នក​នាង ព្រំ រ​ដ្ឋា បាន​ពោល​ឡើង​ថា «​ថត​ភាពយន្ត​ចំណាយ​ដើមទុន​ច្រើន​ណាស់ ។ ក្នុង​មួយ​ឆ្នាំ​ៗ​យ៉ាង​ហោច​ណាស់​ក្បែរ​១០​ម៉ឺន​ដុល្លារ ដើម្បី​រំលេច​ស្នាដៃ​រឿង​២​ទៅ​៣​រឿង​» ហើយ​រយៈពេល​ជាង​៥​ឆ្នាំ​មកនេះ ពាសពេញ​ដោយ​រឿងរ៉ាវ​ជា​ច្រើន​ក្នុង​ងារ​ខុស​ពី​មុន​។ ជា​ពិសេស​គឺ​អារម្មណ៍ ការងារ​គឺ​ស្ត្រេ​ស​ខ្លាំង​ក៏​ឃើញ​ឱ្យ​តែ​ពិបាក​ម្តង​ៗ​។ សួរ​ថា ហេតុ​អ្វី​បាន​ខំ? គឺ​មក​ពី​មាន​បេះដូង​អ្នកសិល្បៈ​ពិតប្រាកដ ស្រឡាញ់​ត្រូវ​លះបង់ ព្យាយាម​យកឈ្នះ គ្មាន​អ្វី​ធ្វើ​មិន​បាន​នោះ​ទេ​។

ម្យ៉ាង​ទោះ​លំបាក​ក៏​ពុះពារ ដោយសារ​ពាក្យ​គេ​ដៀល​ថា «​រឿង​ខ្មែរ​មិនល្អ​នេះ​ហើយ ទើប​រុញ​ឱ្យ​រើបម្រះ​ម្តង​ហើយ​ម្តងទៀត​»​។ រយៈពេល​៥​ឆ្នាំ​ជាង នាង​យក​ការ​រិះគន់ មក​ស្ថាបនា មក​កែ​ពី​មួយ​រឿង​ទៅ​មួយ​រឿង​ទៀត​។ សាច់​រឿង​បែប​ណា មហាជន​មួយ​ចំនួន​ធ្លាប់​តាមដាន​គឺ​ដឹង​ថា កម្រិត​ណា នាង​មិន​ហ៊ាន​ថា​ល្អ​នោះ​ទេ​។ ហើយ​ភាគច្រើន​ស្នាដៃ​នាង គឺ​ច្រើន​និយាយ​ពី​រឿង​ពិត​នៅ​ក្នុង​សង្គម ដើម្បី​បង្ហាញ​បងប្អូន​បាន​វិភាគ និង​យក​មក​ពិចារណា​ផង​ដែរ​។ បើ​ឱកាសល្អ​នាង​មិន​ចោល​ការ​សម្តែង​នោះ​ទេ នៅ​តែ​ចង់​អាស្រ័យ​លើ​ពេលវេលា​សម​ស្រប​ណាមួយ​។

គួរ​រំលឹក​ថា អ្នក​នាង ព្រំ រ​ដ្ឋា បាន​កសាង​ស្នាដៃ​រឿង​ជាង​១០​រឿង​មក​ហើយ ដែល​ក្នុង​នោះ​រឿង​ល្បី​ៗ​មាន​៖ «​សម្បថ​និស្ស័យ​» «​បំណុល​ស្នេហ៍​» «​ភរិយា​សម័យ​ថ្មី​» «​សម្ពាយ​បុណ្យ​» និង​ត្រៀម​ថត​រឿង «​ពណ៌​ជីវិត​» ផង​ដែរ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ