ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មានរឿង​អ្វី​នឹង? តារា​កំប្លែង​នាយ ចេក ប្រកាស​លក់​ផ្ទះ​ហើយ

3 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ចេក បាន​ប្រកាស​លក់​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​ដោះ​ស្រាយ​បំណុល​ធនាគារ ខណៈ​ពេល​ដែល​តារា​កំប្លែង​រូប​នេះ បាន​បាត់បង់​ឱកាស​ស្ទើរ​ទាំងស្រុង​ក្នុង​ការ​សម្តែង ហើយ​តារា​កំប្លែង​រូប​នេះ​រស់នៅ​ដោយ​ការ​លក់ដូរ​បន្តិចបន្តួច​នៅ​រមណីយដ្ឋាន​គី​រី​រម្យ​នា​ពេល​បច្ចុប្បន្ន​នេះ​។ ផ្ទះ​ដែល​នាយ​ចេក​ប្រកាស​លក់​នោះ…

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​នាយ ចេក បាន​ប្រកាស​លក់​ផ្ទះ​ដែល​ខ្លួន​កំពុង​រស់នៅ ដើម្បី​ដោះ​ស្រាយ​បំណុល​ធនាគារ ខណៈ​ពេល​ដែល​តារា​កំប្លែង​រូប​នេះ បាន​បាត់បង់​ឱកាស​ស្ទើរ​ទាំងស្រុង​ក្នុង​ការ​សម្តែង ហើយ​តារា​កំប្លែង​រូប​នេះ​រស់នៅ​ដោយ​ការ​លក់ដូរ​បន្តិចបន្តួច​នៅ​រមណីយដ្ឋាន​គី​រី​រម្យ​នា​ពេល​បច្ចុប្បន្ន​នេះ​។

ផ្ទះ​ដែល​នាយ​ចេក​ប្រកាស​លក់​នោះ មា​នទី​តាំងនៅ​ភូមិ​ឆ្មា​ពួន ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល គឺជា​ប្រភេទ​ផ្ទះ​ឈើ​ប្រក់​ស័ង្កសី ខាងក្រោម​ថ្ម ដោយ​តារា​កំប្លែង​រូប​នេះ​បាន​ប្រកាស​លក់​ក្នុង​តម្លៃ​ប្រមាណ​១៧​ម៉ឺន​ដុល្លារ​។

នាយ ចេក បាន​អះអាង​ប្រាប់​តាម​សារ​អេ​ឡិច​ត្រូ​និ​ច​ថា លោក​បាន​សម្រេច​លក់​ផ្ទះ​នា​ពេល​នេះ ដើម្បី​សង​ទៅ​ធនាគារ​ដែល​លោក​បាន​ជំពាក់​ក្នុង​ពេល​ដែល​លោក​មិន​អាច​រក​ចំណូល​បាន​អ្វី​បាន​ច្រើន​ក្នុង​ពេល​នេះ ទើប​មិន​មាន​អ្វី​ដោះស្រាយ​ក្រៅពី​លក់​ផ្ទះ​។

លោក​ថា ពូ​ចង់​លក់​ដើម្បី​ដោះស្រាយ​បញ្ហា​បំណុល ព្រោះ​ឥឡូវ​មិនសូវ​មាន​ចំណូល​ដូច​ពី​មុន​ទេ​ក្មួយ ទើប​បានជា​ដាច់​ចិត្ត​លក់​ផ្ទះ ព្រោះ​ពូ​គ្មាន​អ្វី​ដោះស្រាយ​ក្រៅពី​ផ្ទះ​នឹង​ទេ​។ ពូ​ក៏​មិន​ដាច់​ចិត្ត​លក់​ដែរ តែ​ធ្វើ​ម៉េច​វា​ទាល់​ទៅ​ហើយ ក៏​សម្រេចចិត្ត​ពិភាក្សា​ជាមួយ​ប្រពន្ធ​សម្រេច​ថា លក់​តែ​ម្តង​ទៅ​ក្មួយ ។ ហើយ​បើ​លក់ដាច់​ពូ​សង​គេ ហើយ​សល់​ប៉ុន្មាន​ពូ​នឹង​គិតគូរ​ក​កន្លែង​ថ្មី​ទៀត និង​ធ្វើ​ដើមទុន​រកស៊ី​ទៅ​ទៀត​ក្មួយ ។

លោក​បញ្ជាក់​ថា បើសិនជា​លោក​លក់ដាច់​ផ្ទះ​នេះ លោក​អាច​នឹង​ត្រឡប់​ទៅ​រស់នៅ​ឯ​នៅ​ស្រុក​កំណើត​នា​ខេត្តតាកែវ ព្រោះ​នៅ​ស្រុក​កំណើត​ដី​អាច​ថោក​ជាង​នៅ​ជាយក្រុង ប៉ុន្តែ​យ៉ាងណា លោក​ត្រូវ​រង់ចាំ​សិន​ថា តើ​អាច​នៅ​សល់​ប្រាក់​ប៉ុន្មាន? ក្រោយ​លក់​ផ្ទះ​ដាច់ ហើយ​សង​ធនាគារ​នោះ​។

នាយ ចេក បាន​ឲ្យ​ដឹង​បន្ថែម​ថា លោក​បាន​ជំពាក់​បំណុល​ធនាគារ​ប្រមាណ​ជិត​2​ម៉ឺន​ដុល្លារ ដោយ​លោក​ទើបតែ​បង់​បាន​១​ឆ្នាំ​នៅ​សល់​៨​ឆ្នាំ​ទៀត និង​បំណុល​ឯកជន​ខ្លះ​ទៀត ហើយ​មូល​ហេតុ​ដែល​លោក​ជំពាក់​គេ​នេះ គឺ​មក​ពី​លោក​បាន​ខ្ចី​គេ​យក​មក​ទិញ​ឡាន​កូរ៉េ ដើម្បី​ដឹក​ផ្លែ​ឈើ​មក​លក់ តែរ​កអី​មិន​បាន​ខាត​រហូត ហើយ​ឡាន​ចេះ​តែ​ខូច​លក់​យូរ​ទៅ​ក៏​លក់​ឡាន​សង​គេ​មិន​គ្រាន់​ផង​។

លោក​បញ្ជាក់​ថា ប្រសិនបើ​ការ​លក់​ផ្ទះ​ដាច់ ហើយ​សង​ធានា​គារ​អស់ រួច​នៅ​សល់​ប្រាក់​ខ្លះ​នោះ លោក​នឹង​ទៅ​នៅ​ស្រុក ហើយ​ទិញ​ដីស្រែ​សម្រាប់​បង្កបង្កើន​ផល និង​រក​ទិញ​តូប​ឱ្យ​កូន​លក់​នៅ​ផ្សារ​ព្រៃ​ល្វា ។ ខណៈ​ពេល​នេះ​លោក​មិន​អាច​អាច​ទៅ​លក់ដូរ​នៅ​គី​រី​រម្យ​ទៀត​បាន​ទេ​។

បើ​តាម​នាយ ចេក រហូត​មក​ទល់​ពេល​នេះ អាជីព​សិល្បៈ​របស់​លោក​បាន​បាត់បង់​ស្ទើរ​ទាំងស្រុង ដោយ​មិន​មាន​ក្រុម​ណា​ហៅ​លោក​សម្តែង​ឡើយ បើ​ទោះបីជា​លោក​នៅ​មាន​កាយ​សម្បទាន​រឹង​មាំ សម្រាប់​ការ​សម្តែង​បាន​នៅឡើយ​ក្តី​។

លោក​ថា ការ​សម្ដែង​វិញ គឺ​មិន​មាន​ទៀត​ទេ គឺ​គេ​មិន​ហៅ​តាំងពី​ហែ​បក្ស​រួច​មក ពូ​ក៏​មិនដឹង​មូល​ហេតុ​អ្វី​ដែរ បានជា​ជួប​រឿង​ចឹ​ង តែ​ប្រហែលជា​គេ​មាន​គ្នា​ថ្មី​ចូល​ជំនួស​ពូ​ហើយ អី​ឡូ​វ​សម្បូរ​អ្នក​កំប្លែង​មិន​ដូច​ពី​មុន​រក​មិន​បាន​នោះ​ទេ​។

យ៉ាងណា នាយ ចេក ក៏​បាន​ចេញ​មក​បដិសេធ​ចោល​នូវ​ព័ត៌មាន​ដែល​បាន​លេចលឺ​ថា លោក​ជា​អ្នកមាន ដោយ​មានផ្ទះ​ក្បឿង​ពី​ទៅ​បី​ខ្នង និង​មាន​ឡាន​ស៊េរី​ទំនើប​ជិះ នោះ​មិនមែន​ជា​ការ​ពិត​ឡើយ ខណៈ​ពេល​លោក​ក៏​មិនដឹង​ថា អ្នក​ដែល​និយាយ​នោះ​មាន​ចេតនា​អ្វី​ដែរ​ចំពោះ​លោក​។

នាយ ចេក ក៏​បាន​ថ្លែង​ការ​អគុណ​ដល់​សមាគម​សិល្បករ​ខ្មែរ ដែល​កន្លង​មក​បាន​មក​ជួយ​ប្រក់ផ្ទះ​ឱ្យ​លោក នឹង​ថែម​ទាំង​ជួយ​ជា​អង្ករ​ក្នុង​មួយ​ខែ​ចំនួន​២៥​គីឡូ ព្រមទាំង​ថវិការ​មួយ​ចំនួន​ទៀត​ជា​រៀង​រាល់​ខែ និង​អរគុណ​ដល់​សប្បុរសជន​មួយ​ចំនួន​ទៀត ដែល​បាន​ជួយ​លោក ទោះជា​តិច​ក្តី ឬ​ច្រើន​ក្តី​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ