ក្មេង​ប្រុស​ស្រី​៣​នាក់ ត្រូវ​ជញ្ជាំង​ថ្ម​រលំ​សង្កត់​ស្លាប់​ម្ចាស់​ការដ្ឋាន​លាក់បាំង


រាជធានី​ភ្នំពេញ ៖ ក្មេង​ប្រុស​ស្រី​ចំនួន​៣​នាក់​ដែល​ជា​កូនជាង​សំណង់​ត្រូវ​បាន​ជញ្ជាំង​ឥដ្ឋ​បាក់​រលំ​សង្កត់ បណ្ដាល​ឲ្យ​ស្លាប់​គួរ​ឲ្យ​សង្វេគ ខណៈ​ដែល​ពួក​គេ​នាំ​គ្នា​អង្គុយ​លេង​នៅ​ក្បែរ​ជញ្ជាំង​ឥដ្ឋ​ជាន់​ផ្ទាល់​ដី ចំណែកឯ​ឪពុក ម្តាយ​កំពុង​រៀប​ឥដ្ឋ​នៅ​ជាន់​ខាងលើ​ក្នុង​ការដ្ឋាន​សំណង់​នៅ​ខណ្ឌដង្កោ​។ ភ្លាម​ៗ​នោះ ម្ចាស់​ការដ្ឋាន​រួម​ជាមួយ​អាណាព្យាបាល​ក្មេង​រង​គ្រោះ​ទាំង​៣​នាក់​បាន​លាក់បាំង​មិន​រាយការណ៍​ជូន​អាជ្ញាធរ​នោះ​ទេ ទើប​ធ្វើ​ឲ្យ​អាជ្ញាធរ​អត់​ដឹង​ប៉ុន​សរសៃសក់ រហូត​ដល់​វេលា​រសៀល​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ថ្ងៃ​បន្ទាប់​ទើប​ដឹង និង​មានការ​ភ្ញាក់ផ្អើល​។

ហេតុការណ៍​នេះ​បាន​កើតឡើង​កាល​វេលា​ម៉ោង​១​រសៀល ថ្ងៃ​ទី​០៣ ខែមិថុនា ឆ្នាំ​២០២០ នៅ​ក្នុង​ការដ្ឋាន​សំណង់ផ្ទះ​ល្វែង​កំពុង​សាងសង់ ស្ថិត​នៅ​ខាងកើត​វត្ត ឬ​ស្សី​សាញ់ សង្កាត់​ព្រៃ​ស ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។ តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ក្មេង​ៗ​ដេក​ស្លាប់ ក្រោម​គំនរ​ជញ្ជាំង​ឥដ្ឋ​នោះ​រួម​មាន​៖ ១-​ឈ្មោះ ឆេ​ង ញ៉ ភេទ​ប្រុស អាយុ​៧​ឆ្នាំ​, ២-​ឈ្មោះ ឆេ​ង ចំរើន ភេទ​ស្រី អាយុ​២​ឆ្នាំ ទាំង​២​នាក់​នេះ​គឺជា​បងប្អូន​បង្កើត​នឹង​គ្នា មាន​ឪពុក​ឈ្មោះ ម៉េ​ង នី អាយុ​៤២​ឆ្នាំ និង​ម្តាយ​ឈ្មោះ ព្រុំ ហួ​ន អាយុ​៤៣​ឆ្នាំ មុខរបរ​ជាងសំណង់​។

៣-​ឈ្មោះ ម៉េ​ង ទូច ភេទ​ស្រី អាយុ​៣​ឆ្នាំ មាន​ឪពុក​ឈ្មោះ ម៉ា​ប់ ឡុ​ង អាយុ​២៨​ឆ្នាំ និង​ម្តាយ​ឈ្មោះ ឆេ​ង នាង អាយុ​២៧​ឆ្នាំ មុខរបរ​ជាងសំណង់ អ្នក​ទាំងអស់​គ្នា​មាន​ទីលំនៅ​បច្ចុប្បន្ន នៅ​ក្នុងភូមិ​សំន​យ ឃុំ​សេនា​រាជ​ឧត្តម ស្រុក​ព្រះស្ដេច ខេត្តព្រៃវែង​។ ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា នៅ​មុន​ពេល​កើតហេតុ​ឪពុក​ម្ដង​បាន​ឡើង ទៅ​រៀប​ឥដ្ឋ​នៅ​ជាន់​ខាងលើ ចំណែក​ក្មេង​រង​គ្រោះ​ប្រុស​ស្រី​ទាំង​៣​នាក់ បាន​នាំ​គ្នា​អង្គុយ​លេង​នៅ​ក្បែរ ជញ្ជាំង​ផ្ទះ​ដែល​កំពុង​សាងសង់ ហើយ​មិនដឹង​ថា​សំណង់​នោះ​គ្មាន​គុណភាព ឬ​គ្មាន​បទដ្ឋាន​ត្រឹមត្រូវ បែប​ណា​នោះ​ទេ​ទើប​នៅ​សុខ​ៗ​ស្រាប់តែ​បាក់​រលំ​បណ្ដាល​ឲ្យ​សង្កត់​ក្មេង​ៗ​ទាំង​៣​នាក់​ស្លាប់​តែ​ម្ដង​។

មិនតែប៉ុណ្ណោះ​មិនដឹង​ថា​មានច្បាប់​សាងសង់ ឬ​គ្មាន​ដែរ ទើប​នៅ​ក្រោយ​ពេល​កើតហេតុ ម្ចាស់​ការដ្ឋាន ខាងលើ​មិន​បាន​សហ​ការណ៍​ជាមួយ​អាជ្ញាធរ ឬ​សមត្ថកិច្ច​ខណ្ឌដង្កោ​ឡើយ​។ សាកសព​ស្ថិត​នៅ​ក្នុង ការដ្ឋាន​នោះ​រហូត​ដល់​វេលា​ព្រឹក​ថ្ងៃ​ទី​០៤ ខែមិថុនា ឆ្នាំ​២០២០ ទើប​ដឹក​សព​ទៅ​ដល់​ស្រុក​កំណើត ឯ​ខេត្តព្រៃវែង​ធ្វើបុណ្យ​តាម​ប្រពៃណី​។ បន្ទាប់​មក​នៅ​វេលា​ល្ងាច​ថ្ងៃ​ដដែល​ទើប​មានការ ភ្ញាក់ផ្អើល ដល់​អាជ្ញាធរ និង​សមត្ថកិច្ច​ខណ្ឌដង្កោ តាម​រក​ទីតាំង​កន្លែង​កើតហេតុ​៕ ដោយ ៖ យន់ ស៊ី​ថា

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ