ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចង់​ស្តាវិស័យ​ទេសចរណ៍​ឡើង​វិញ​ទាមទារ​ឱ្យ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ប្រើប្រាស់​សេវាកម្ម​ផ្តល់​ជូន​ដោយ​ម្ចាស់​អាជីវកម្ម​នានា

3 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​គេ​កត់សម្គាល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​ដើរ​កម្សាន្ត​ច្រើន​នៅ​តំបន់​ទេសចរណ៍ និង​រមណីយ​ដ្ឋា​នានា តែ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ហាក់​មិនសូវ​ទទួលយក​នូវ​សេវាកម្ម​ផ្តល់​ឱ្យ​នានា​ក្នុងស្រុក​ទេ ។​ ក្នុង​ការ​ព្យាករណ៍​របស់​អ្នកជំនាញ វិស័យ​ទេសចរណ៍​កម្ពុជា​អាច​ស្រោចស្រង់​បាន​ខ្លះ​ៗ ប្រសិនបើ​អ្នកទេសចរ​ក្នុងស្រុក​ងាក​មក​ប្រើ​សេវាកម្ម​ដែរ​ផ្តល់​ដោយ​ខាង​ផ្នែក​សេវា​នានា…

​រាជធានី​ភ្នំពេញ ៖ បើ​ទោះបីជា​គេ​កត់សម្គាល់​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​ដើរ​កម្សាន្ត​ច្រើន​នៅ​តំបន់​ទេសចរណ៍ និង​រមណីយ​ដ្ឋា​នានា តែ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ហាក់​មិនសូវ​ទទួលយក​នូវ​សេវាកម្ម​ផ្តល់​ឱ្យ​នានា​ក្នុងស្រុក​ទេ ។

ក្នុង​ការ​ព្យាករណ៍​របស់​អ្នកជំនាញ វិស័យ​ទេសចរណ៍​កម្ពុជា​អាច​ស្រោចស្រង់​បាន​ខ្លះ​ៗ ប្រសិនបើ​អ្នកទេសចរ​ក្នុងស្រុក​ងាក​មក​ប្រើ​សេវាកម្ម​ដែរ​ផ្តល់​ដោយ​ខាង​ផ្នែក​សេវា​នានា ដូច​ជា​សេវាកម្ម​សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន សេវាកម្ម ជាដើម ។ នេះ​បើ​យោង​តាម​ការ​បកស្រាយ​របស់​លោកស្រី ឆាយ ស៊ី​វលី​ន ប្រធាន​សមាគម​ទីភ្នាក់ងារ​ទេសចរណ៍​កម្ពុជា ។

លោកស្រី ស៊ី​វលី​ន បាន​ពន្យល់​ថា សេវាកម្ម​គ្រប់​ប្រភេទ​ដែល​ពាក់ព័ន្ធ​នឹង​វិស័យ​ទេសចរណ៍​ដែល​បងប្អូន​អ្នកទេសចរ​ក្នុងស្រុក​អាច​ចូលរួម​ចំណែក​ជួយ​នោះ គឺថា «​យើង​មើលឃើញ​ថា​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​មាន​កំណើន​គ្រាន់បើ​ដែរ ប៉ុន្តែ​ភាគច្រើន​ពួក​គាត់​មិន​ទទួលយក​ការ​ផ្តល់​សេវាកម្ម​របស់​អ្នក​ផ្តល់​ឱ្យ​ទេ ។ ការ​មិន​ប្រើប្រាស់​សេវា​ម​ក្ម​ផ្តល់ឱ្យ​នឹង គឺ​ដូច​ជា​ការ​ទិញ ឬ​ការ​ចូល​បរិភោគ​អាហារ​ក្នុង​ភោជនីយដ្ឋាន​នានា ។ ហើយ​អ្នក​ដែល​ផ្តល់​សេវាកម្ម​ហ្នឹង គឺ​លក់ដូរ និង​បើកហាង​លក់​វត្ថុ​អនុស្សាវរីយ៍ ភោជនីយដ្ឋាន ផ្ទះសំណាក់ ឬ​សណ្ឋាគារ​នានា និង​ច្រើន​ទៀត សូ​ម្បី​តែ​តុ​ក​ៗ​ឌុ​ប​ភ្ញៀវ​អស់ហ្នឹង ក៏​គេ​ហៅ​ថា​អ្នក​ផ្តល់​សេវាកម្ម​ទេសចរណ៍​ដែរ​» ។

លោកស្រី​បាន​បន្ត​ថា លោកស្រី​ទទួលស្គាល់​ថា ចំនួន​ភ្ញៀវ​ក្នុងស្រុក​ធ្វើ​ដំណើរ​កម្សាន្ត គឺ​មាន​ចំនួន​ច្រើន តែ​ក៏​មិន​ប្រាកដ​ថា​ពួក​គាត់​ទទួល​សេវាកម្ម​អស់​នឹង​ដែរ ឧទាហរណ៍​សេវាកម្ម​លក់​ម្ហូបអាហារ​ក្នុង​ភោ​ជី​យ​ដ្ឋា​ន តែ​ភាគច្រើន​ប្រជាជន​យើង​ពេល​ដើរ​កម្សាន្ត គឺ​ភាគច្រើន​គាត់​មានការ​វិច​ខ្ចប់​អាហារ និង​ភេសជ្ជៈ​ទៅ​ខ្លួនឯង ឬ​មាន​យានជំនិះ​ខ្លួនឯង មិន​ចាំបាច់​ទិញ​សំបុត្រ​ឡានក្រុង ឬ​ឡាន​ឈ្នួល និង​ចាំបាច់​ប្រើ​ការ​ហៅ​តុ​ក​ៗ ឬ​ផាស​អ៊ែ​ប ជិះ​ជាដើម ។ បើ​សេវាកម្ម​ខាង​ផ្នែក​មគ្គុទ្ទេសក៍​វិញ​ចប់​បាត់​ហើយ ព្រោះ​ប្រជាជន​យើង​មាន​តិច​ណាស់ ឬ​ស្ទើរតែ​មិន​មាន​ក្នុង​ការ​រក​សេវាកម្ម​អ្នក​មគ្គុទ្ទេសក៍​នេះ​ទេ ។​ដូចនេះ​បើ​ក្នុង​ខេត្តសៀមរាប អាច​មានការ​ប៉ះពាល់​ខ្លាំង​ជាង​ខេត្ត​នានា ក៏​ព្រោះតែ​ជា​ខេត្ត​ដែល​ផ្តល់​សេវាកម្ម​ទេសចរណ៍​ច្រើន​បំផុត​ផង​ដែរ ។

លោកស្រី​បាន​បន្ត​ថា «​បើ​មើលទៅ​លើ​ផ្សារ​ធំ​ៗ​ក្នុង​ខេត្តសៀមរាប​វិញ (​ដូច​ជា​ផ្សារ​រាត្រី​ជាដើម​) ដែល​លក់​គ្រឿង​អនុស្សាវរីយ៍​វិញ គឺ​បិទ​ជិត​អស់ហើយ ព្រោះ​ដូច​យើង​ដឹង​ស្រាប់​ផ្សារ​ទាំងនោះ ភាគច្រើន​លក់ដាច់​តែ​សម្រាប់​ភ្ញៀវ​ទេសចរ​បរទេស ខណៈ​ភ្ញៀវ​ក្នុងស្រុក​ដែល​មាន​ចំនួន​តិចតួច​នៅឡើយ គឺ​ពួក​គាត់​មិន​ចូល​ផ្សារ​ធំ​ៗ​នោះ គឺ​ពួក​គាត់​អាច​ទៅ​រក​ផ្សារ​ក្នុងស្រុក​តូច​ៗ» ។​ប៉ុន្តែ​បើ​ការ​ស្នាក់​វិញ​នៅ​អាច​រកបាន​ចំណូល​ខ្លះ​ៗ ត្រឹម​ផ្ទះសំណាក់ ឬ​សណ្ឋាគារ​តូច​ៗ ដែល​ប្រជាជន​យើង​អាច​ទទួលយក​តំលៃ​បាន ដូចនេះ​ហើយ​បានជា​យើង​ក៏​សុំ​ការ​សម្រួល​ពី​ខាង​រាជរដ្ឋាភិបាល ក្នុង​ការ​សម្រួល​ថ្លៃ​ភ្លើងអគ្គិសនី​ផង​ដែរ ដោយសារ​អ្នក​ដែល​នៅ​បើក​ហ្នឹង​ក៏​ជិត​ដាច់ខ្យល់​មួយ​គ្រា​ៗ​ផង​ដែរ ។

នៅ​ខាង​ខេត្ត​រតនៈគីរី មណ្ឌល​គី​រី និង​បណ្តា​ខេត្ត​ផ្សេង​ៗ​ទៀត​នៅ​អាច​រកបាន​កម្រៃ​ខ្លះ​ៗ​ដែរ ព្រោះ​មើលទៅ​ផ្ទះសំណាក់ សណ្ឋាគារ មិនសូវ​ច្រើន​ដូច​នៅ​សៀមរាប​ទេ ព្រោះ​នៅ​ទឹកដី​សៀមរាប​-​អង្គរ គឺ​មាន​សេវាកម្ម​ផ្ទះសំណាក់ សណ្ឋាគារ​មាន​ច្រើន ជា​ពិសេស គឺ
សណ្ឋាគារ​លំដាប់​ផ្កាយ​តែ​ម្តង ដែល​ភ្ញៀវ​ក្នុងស្រុក​កម្រ ឬ​មិន​ហ៊ាន​ចូល​ទទួលយក​សេវាកម្ម ។ លក្ខណៈ​ទេសចរណ៍​របស់​ភ្ញៀវ​ក្នុងស្រុក​វិញ គឺ​និយម​ធ្វើ​ដំណើរ​កម្សាន្ត​ជា​ក្រុម​គ្រួសារ អ៊ីចឹង​កន្លែង​ខ្លះ ជា​លក្ខណៈ​ផ្ទះសំណាក់​តូច​ៗ ឬ​សណ្ឋាគារ​ខ្នាត​តូច​មាន​ចំនួន​បន្ទប់​តិចតួច គឺ​ទទួល​មួយ​គ្រួសារ​គាត់​អាច​ជិត​ពេញ​បាត់​ហើយ ព្រោះ​គ្រួសារ​ខ្លះ​ជិត ១០​នាក់​ឯណោះ ។

​លោកស្រី ស៊ី​វលី​ន បាន​បន្ថែម​ថា «​ក្រុមហ៊ុន​ទេសចរណ៍​មួយ​ចំនួន ខ្លះ​បាន​ក៏​ងាក​មក​រក​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​តិច​ៗ​ដែរ ហើយ​ក៏​ធ្វើ​ក្នុង​ទ្រង់ទ្រាយ​តូច​ៗ​ដើម្បី​បាន​ចំណូល
ខ្លះ ។ ខាង​ក្រសួងទេសចរណ៍​ក៏​កំពុង​គិតគូរ​អំពី​បញ្ហា​ជំរុញ​ឱ្យ​មាន​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ផង​ដែរ ប៉ុន្តែ​ដោយ​យើង​នៅ​តែ​ប្រតិបត្តិ​តាម​ក្រសួងសុខាភិបាល ដូចនេះ​រាង​ពិបាក​បន្តិច​ក្នុង​ការ​ដើរហើរ ប៉ុន្តែ​បើ​រាជរដ្ឋាភិបាល​បន្ធូរបន្ថយ​នៃ​ការ​គោចរ យើង​អាច​ស្រោចស្រង់​នូវ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​បាន​ខ្លះ​ដែរ ។ ប៉ុន្តែ​ភ្ញៀវ​ទេសចរ​ក្នុងស្រុក​ផង​ដែរ ក៏​គួរតែ​ជួយ​ទទួល​សេវាកម្ម​ផ្សេង​ៗ​ដែល​មាន​ក្នុងស្រុក ដោយ​ជួយ​ទិញ និង​ការ​បរិភោគ​នូវ​ចំណីអាហារ ទើប​ខាង​អ្នក​ផ្តល់​សេវាកម្ម​ហ្នឹង​អាច​រក​ប្រាក់​បាន​ខ្លះ​ៗ» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី ២ ខែមិថុនា អាជ្ញាធរ​ជាតិ​អប្សរា​បាន​ប្រកាស​បើកទ្វារ​ដំណើរការ​ឡើង​វិញ​នូវ​សារមន្ទីរ​ទាំង ៣ ដែល​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ផ្តើម​បើកទ្វារ​ស្វាគមន៍​ការ​ទស្សនា​របស់​ភ្ញៀវ​ទេសចរ​ឡើង​វិញ បន្ទាប់​ពី​បិទទ្វារ​មួយ​រយៈ​កំឡុង​ពេល​ការ​រាតត្បាត​ជំងឺ​កូ​វី​ដ ១៩ ។ ការ​បើកទ្វារ​ឡើង​វិញ​នេះ គឺ​មានការ​គិតគូរ​ខ្ពស់​ពី​សុវត្ថិភាព​ភ្ញៀវ​ទេសចរ​ដែល​អញ្ជើញ​មក​ទស្សនា ។

លោក ថោ​ង ខុន រដ្ឋមន្ត្រី​ក្រសួងទេសចរណ៍​ធ្លាប់​បាន​អះអាង​កាលពី​ថ្ងៃ​ទី ២៨ ខែឧសភា កន្លង​ទី​ថា សម្រាប់ ៣ ស​ប្ដា​ហ៍​នៃ​ខែឧសភា​រាប់​ចាប់ពី​ថ្ងៃ​ទី ៤ ដល់ ២៤ ខែឧសភា ឆ្នាំ ២០២០​នេះ គឺ​មាន​ភ្ញៀវ​ទេសចរ​ក្នុង​ប្រទេស​ចំនួន ៣៩៨,០៩៩​នាក់ បាន​ធ្វើ​ដំណើរ​កម្សាន្ត​នៅ​តាម​គោលដៅ​ទេសចរណ៍​នានា​ទូ​ទាំង​ប្រទេស ក្នុង​នោះ​ភ្ញៀវ​ជាតិ​មាន​ចំនួន ៣៩០,៩២២​នាក់ និង​ភ្ញៀវ​បរទេស​មាន​ចំនួន ៧,១៧៧​នាក់ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ