ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វត្ត​រាជ​បូព៌ ​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ជួសជុល​បង្ហើយ

3 ឆ្នាំ មុន
  • សៀមរាប

ខេត្តសៀមរាប ៖​ព្រះ​វិហារ​បុរាណ​នៅ​វត្ត​រាជ​បូព៌​ក្នុង​ទីរួមខេត្ត​សៀមរាប បាន​ទទួល​ការ​ជួសជុល​ដំណាក់កាល​ទី​៣ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស​និង​ឧបត្ថម្ភ​ប្រាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា ។ ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣ មិថុនា ២០២០​ថា ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​នេះ​ឱ្យ​ដឹង​ថា ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស…

ខេត្តសៀមរាប ៖​ព្រះ​វិហារ​បុរាណ​នៅ​វត្ត​រាជ​បូព៌​ក្នុង​ទីរួមខេត្ត​សៀមរាប បាន​ទទួល​ការ​ជួសជុល​ដំណាក់កាល​ទី​៣ ក្រោម​ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស​និង​ឧបត្ថម្ភ​ប្រាក់​ពី​អាជ្ញាធរ​ជាតិ​អប្សរា ។

ផេ​ក​ហ្វេ​ស​ប៊ុ​ក​អាជ្ញាធរ​ជាតិ​អប្សរា​ផ្សាយ​កាលពី​ថ្ងៃ​ទី​៣ មិថុនា ២០២០​ថា ក្រុម​អ្នកជំនាញ​របស់​អាជ្ញាធរ​នេះ​ឱ្យ​ដឹង​ថា ការ​ជួយ​ជ្រោមជ្រែង​ផ្នែក​បច្ចេកទេស និង​ឧបត្ថម្ភ ជា​ប្រាក់​សម្រាប់​ការ​ជួសជុល​វត្ត​រាជ​បូព៌​ដំណាក់កាល​ទី​៣​នេះ គឺ​ដើម្បី​រួមចំណែក​ថែរក្សា​មត៌ក​វប្បធម៌​ខ្មែរលើ​វិស័យ​ព្រះពុទ្ធ​សាសនា ព្រមទាំង​ជួយ​អភិរក្ស និង​លើក​តម្លៃ​វប្បធម៌​នៃ​សិល្បៈ​របស់​ខ្មែរ​ពី​បុរាណកាល​ឱ្យ​រស់​រវើក​ឡើង​វិញ ។

បច្ចុប្បន្ន​វត្ត​រាជ​បូព៌​អាច​ចាត់ទុកជា​បូជនីយដ្ឋាន​ផង និង​បុរាណ​ដ្ឋា​ន​ដ៏​ល្បី​មួយ​នៅ​ក្នុង​ខេត្តសៀម​រាប​ផង ។ បើ​រាប់​ពី​ដំបូល តួ​ព្រះ​វិហារ គ្រឹះ ហោជាង សន្លឹក​ទ្វារ សន្លឹក​បង្អួច ព្រះពុទ្ធ​បដិមា បល្ល័ង្ក​ព្រះ សសរ រូបគំនូរ ពណ៌ គឺ​សុទ្ធតែ​ជា​វត្ថុ​គួរ​ឱ្យ​ចាប់អារម្មណ៍​បំផុត​សម្រាប់​អ្នកទេសចរ អ្នក​ស្រាវជ្រាវ​ជាតិ​-​អន្តរជាតិ ។

ដើម្បី​រួមចំណែក​ថែរក្សា​មរតក​វប្បធម៌​ខ្មែរ​ក្នុង​វិស័យ​ព្រះពុទ្ធ​សាសនា​នេះ​ឱ្យ​បាន​គង់វង្ស អាជ្ញាធរ​ជាតិ​អប្សរា បាន​ចាប់ផ្តើម​គម្រោង​អភិរក្ស និង​ជួសជុល​ព្រះ​វិហារ​វត្ត​រាជ​បូព៌​ដំណាក់កាល​ទី​៣​ដែល​ជា​ដំណាក់កាល​ជួសជុល​បញ្ចប់​ក្នុង​ឆ្នាំ​២០២០ ដោយ​ចាប់ផ្តើម​តាំងពី​ថ្ងៃ​ទី​២៦ ខែ ឧសភា ហើយ​គ្រោង​នឹង​បញ្ចប់​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២០​ខាង​មុខ ។

ការ​ជួសជុល​ដំណាក់កាល​ទី​៣​នេះ គឺ​ផ្តោត​លើ​ការ​ជួសជុល​ជញ្ជាំង ក្បាច់​ជើង​ជញ្ជាំង បាំងសាច កាំជណ្តើរ ការ៉ូ ក្បាច់​លើ​ទ្វារ​-​បង្អួច និង​ខឿន​ព្រះ​វិហារ ព្រមទាំង​ពង្រឹង​រចនាបថ​សំណង់ រូបចម្លាក់ ដែល​ចាស់​ទ្រុឌទ្រោម​ឱ្យ​បាន​រឹង​មាំ​ឡើង​វិញ​តាម​បច្ចេកទេស និង​សម្ភារ​ទំនើប ប៉ុន្តែ​ប្រើប្រាស់​វត្ថុធាតុដើម​បុរាណ​ដដែល ។

កាលពី​ឆ្នាំ​២០១៦ អាជ្ញាធរ​ជាតិ​អប្សរា​ធ្លាប់​បាន​សហការ​ជាមួយ​អ្នកជំនាញ​អ៊ីតា​លី​ជួសជុល​ព្រះ​វិហារ​វត្ត​រាជ​បូព៌​ដំណាក់កាល​ទី​១​ម្ដង​មក​ហើយ ដោយ​កាល​ណោះ​ការ​ជួសជុល​បាន​សម្អាត​សន្លឹក​បង្អួច សន្លឹក​ទ្វារ ពុទ្ធបដិមា​ធំ​ក្នុង​ព្រះ​វិហារ និង​ពុទ្ធបដិមា តូច​ៗ​មួយ​ចំនួន បល្ល័ង្ក​ព្រះ គំនូរ រចនា​សម្ព័ន្ធ សសរ ដែល​រង​នូវ​ការ​ខូចខាត ប្រេះស្រាំ រលុប បាត់បង់​ភាព​ដើម​ដោយសារ​ផ្សែង​ភ្លើង​រុំ ធូលី​ដី បរិយាកាស អាយុកាល ការ​លាប​ពណ៌​ថ្មី និង​ការ​ជួសជុល ផ្សេង​ៗ​ពី​មួយ​ជំនាន់​ទៅ​មួយ​ជំនាន់​ជាដើម​។

កាលពី​ឆ្នាំ​២០១៩ វត្ត​រាជ​បូព៌​ក៏​ទទួល​បានការ​ជួសជុល​ដំណាក់កាល​ទី​២ ដោយ​បាន​ជួល​ជុល​ដំបូល​ព្រះ​វិហារ គ្រឿង​បង្គុំ​ដំបូល​ដើម្បី​រក្សា​លំនឹង ការ​សម្លាប់​មេរោគ និង​សត្វល្អិត​កុំឱ្យ​ស៊ីសាច់​ឈើ ជួសជុល សម្អាត​ហោជាង​ដែល​មាន​ចម្លាក់​ក្បាច់ និង​គ្រឿង​លម្អ​ដំបូល​ទាំងអស់​ឡើង​វិញ​ទាំងស្រុង ៕