អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​នៅ​​បាត់ដំបង​ រំពឹង​សាងសង់​រួចរាល់​នៅ​ដើម​ឆ្នាំ​ក្រោយ


ខេត្តបាត់ដំបង ៖ លោក ហែម គី​រី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បញ្ជាក់​ថា អាង​ហែល​ទឹក​ទី​៤ របស់​សហព័ន្ធ​នៅ​ខេត្តបាត់ដំបង ដែល​ជា​អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ ប្រើប្រាស​ថវិកា​អស់​ប្រមាណ​ជាង​២​លាន​ដុល្លារ កំពុង​ដំណើរការ​សាងសង់​បាន​៦៩​ភាគរយ​ហើយ ។

លោក ហែម គី​រី បានឱ្យ​ដឹង​ទៀត​ថា គម្រោង​ដំណើរការ​សាងសង់​មណ្ឌល​ហែល​ទឹក​ខា្ន​ត​អន្តរ​ជាតិ​ខេត្តបាត់ដំបង​នេះ ចំណាយពេល ២៤​ខែ (​ស្មើនឹង​២​ឆ្នាំ​) ដែល​គិត​មក​ដល់​ពេល​នេះ​ប្រើ​ពេល​អស់​៩​ខែ​ហើយ​ចាប់ពី​ថ្ងៃ​បើក​ការដ្ឋាន​ដោយ​សម្រេច​បាន​តួ​អាង​ទាំង ៣ រួម​មាន​អាង​ហែល អាង​លោត និង​អាង​កម្តៅ​សាច់ដុំ​បាន​លេច​ចេញ​ជា​រូបរាង​ហើយ ចំណែក​គ្រោង​អគារ​ទាំងអស់ ក៏​រួចរាល់​ផង​ដែរ ។ លោក​បញ្ជាក់​ថា ប្រសិនបើ​គ្មាន​ឧបសគ្គ​រាំងស្ទះ​ដល់​ដំណើរការ​សាងសង់​តាម​គម្រោង​ដែល​ក្រុមហ៊ុន​ចិន​បាន​កំណត់ អាច​រួចរាល់​នៅ​ដើមឆ្នាំ​២០២១ ចន្លោះ​ពី​ខែមករា ឬ​ខែកុម្ភៈ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា អាង​ហែល​ទឹក​ខ្នាត​អន្តរជាតិ​នេះ បាន​បើក​ការដ្ឋាន​កាលពី​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៩ ស្ថិត​លើ​ផ្ទៃដី​ទំហំ​១១២ ម៉ែត្រ គុណ​នឹង​៦៥​ម៉ែត្រ ដែល​មាន​អាង​សម្រាប់​ប្រកួត​៥០​គុណ​នឹង​២៥​ម៉ែត្រ អាង​សម្រាប់​លោត ២៥​គុណ​២០​ម៉ែត្រ និង​អាង​កម្តៅ​សាច់ដុំ​១៥ គុណ​នឹង​១០​ម៉ែត្រ បន្ទប់​ស្នាក់​នៅ​សម្រាប់​អត្តព​លិ​ក​២០​នាក់ បន្ទប់​អាហារ​១ បន្ទប់​ការងារ​១ ។

អាង​ហែល​ទឹក​នេះ​ស្ថិត​នៅ​ក្នុង​បរិវេណ​សាកលវិទ្យាល័យ​បាត់ដំបង ប្រើប្រាស់​ថវិកា​សរុប​ប្រមាណ ២ លាន​ដុល្លារ សម្រាប់​បម្រើ​ហ្វឹកហាត់​ត្រៀម​ការ​ប្រកួត​នានា ជា​ពិសេស​ត្រៀម​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម (SEA Games) ឆ្នាំ​២០២៣ ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

Facebook Google Twitter Email

Live

Sponsored News

០២:៣៩ | ក្នុងស្រុក

ក្រុមហ៊ុន ភីធីធី កម្ពុជា ផ្តល់អាហារូបករណ៍ ៣០០កន្លែងដល់សិស្សកម្ពុជា ដើម្បីបណ្តុះបណ្តាលអ្នកដឹកនាំវ័យក្មេងតាមរយៈវគ្គសិក្សាពីចម្ងាយ «ទម្លាប់ល្អទាំង ៧របស់យុវវ័យឆ្នើម»

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ