រាជធានីភ្នំពេញ ៖ ក្រោយបង្ហាញខ្លួនកាលពីឆ្នាំ២០១៦ កីឡាប្រណាំងម៉ូតូដែលត្រូវបានអ្នកជំនាញអះអាងថា នឹងខ្លាំងមិនចាញ់ប្រទេសក្នុងតំបន់នោះ មកដល់ពេលនេះនៅតែបន្តស្ងាត់សកម្មភាព ។ មានការបញ្ជាក់ថា ទីលានប្រណាំងម៉ូតូ King Track Circuit ដែលបានចំណាយប្រាក់សាងសង់អស់ជិត៤លានដុល្លារលើផ្ទៃដី២ហិកតា ស្ថិតក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ បានត្រឹមតែជួលឱ្យហាត់បើកម៉ូតូ មិនមានរៀបចំការប្រកួតដូចអ្វីដែលធ្លាប់រំពឹងថា វត្តមានរបស់ទីលាននេះ នឹងធ្វើឱ្យវិស័យប្រណាំងម៉ូតូនៅកម្ពុជាមានសន្ទុះឡើងស្មើមុខស្មើមាត់នឹងប្រទេសជិតខាងឡើយ ។
ក្នុងនោះសូម្បីតែគម្រោងបញ្ជូនកីឡាករទៅប្រកួតនៅក្រៅប្រទេស តំណាងទីលាន និងតំណាងកម្ពុជា ក៏មិនសូវឃើញមានបើធៀបនឹងការអះអាងរបស់អ្នកគ្រប់គ្រងដែលថា នឹងតម្រូវឱ្យមានការប្រកួតដណ្ដើមពានជើងឯកប្រណាំងម៉ូតូយ៉ាងហោចមួយឆ្នាំម្ដង និងថានឹងបញ្ជូនកីឡាករតំណាងកម្ពុជាទៅប្រកួតនៅក្រៅប្រទេសដូចការអះអាងឱ្យបាន២ដងក្នុងមួយឆ្នាំនោះ។
លោក គង់ ធារ៉ា អ្នករៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូថ្នាក់ជាតិ និងជាអ្នកគ្រប់គ្រងទីលាន King Track Circuit នៅតែបន្តអះអាងពីមូលហេតុស្ងប់ស្ងាត់នេះថា សកម្មភាពទីលានរបស់លោក និងការរៀបចំព្រឹត្តិការណ៍ប្រណាំងម៉ូតូជ្រើសរើសជើងឯកឬបញ្ជូនឱ្យចេញប្រកួតក្រៅប្រទេស មិនសូវមានខុសពីការអះអាងភ្លាមៗដោយសារតែខ្វះហិរញ្ញវត្ថុគាំទ្រ ឬនិយាយយ៉ាងខ្លីថាមិនសូវមានក្រុមហ៊ុនឧបត្ថម្ភដើម្បីឱ្យមានលទ្ធភាព។
ម្យ៉ាងមកពីកីឡាមួយនេះទាមទារឱ្យអ្នកលេងត្រូវតែមានជីវភាពល្អផងទើបជាឧបសគ្គក្នុងការពង្រឹង ។ លោកបញ្ជាក់ថា ការប្រណាំងម៉ូតូដែលបានធ្វើឡើងនាពេលកន្លងទៅបានត្រឹមតែជួយឱ្យវិស័យមួយនេះរបស់កម្ពុជារកឃើញអ្នកជំនាញជិះម៉ូតូប៉ុណ្ណោះ តែក៏ជាការជំរុញសម្រាប់អ្នកចង់ប្រឡូកកីឡាប្រណាំងម៉ូតូផងដែរ ។
យ៉ាងណាមិញ លោកនៅតែអះអាងថា វិស័យមួយនេះ មិនពិបាកក្នុងការជំរុញនោះទេចាប់តាំងពីទីលានប្រណាំងម៉ូតូស្ដង់ដារមួយនៅម្ដុំវត្តឃ្មួញត្រូវបានដំណើរការប្រសិនបើមានការជ្រោមជ្រែងបន្ថែម ។ លោកថា អ្នកជំនាញប្រណាំងម៉ូតូនៅកម្ពុជាភាគច្រើនប្រើកម្លាំងម៉ូតូប្រភេទ110CC, 125CC, 150CC និងកម្លាំងធំជាង150CCដែលជាប្រភេទម៉ូតូកែច្នៃ ។
លោកថា នៅក្នុងប្រទេសកម្ពុជាមានអ្នកប្រណាំងម៉ូតូតែ៤កម្រិតដែលបានរៀបរាប់ខាងលើប៉ុណ្ណោះ ចំណែកប្រភេទផ្សេងគឺមិនសូវមានទេទើបក្នុងពេលបើកប្រកួតទីលានរបស់លោកសម្រេចយកតែ៤ប្រភេទនោះ ដោយសូម្បីតែអ្នកមកជួលទីលានរបស់លោកប្រណាំងម៉ូតូឬហ្វឹកហាត់ជិះម៉ូតូក៏ច្រើនតែក្នុងប្រភេទកម្លាំងម៉ូតូដែលបានកំណត់នោះដែរ ។
លោកថា តាំងពីបើកដំណើរការ ទីលានរបស់លោក និងសហព័ន្ធប្រណាំងម៉ូតូកម្ពុជាធ្លាប់បានរួមគ្នាបើកការប្រកួតផ្លូវការបានមួយលើកប៉ុណ្ណោះ ដោយលោកប្រកាសថានឹងរៀបគម្រោងប្រកួតជាលើកទី២និងជាបន្តបន្ទាប់ទៀតដើម្បីលើកស្ទួយវិស័យប្រណាំងម៉ូតូដែលមិនសូវត្រូវបានមហាជនចាប់អារម្មណ៍ ។ ប៉ុន្តែមកពីខ្វះការសហការទើបព្រឹត្តិការណ៍ទាំងនោះ បានត្រឹមតែនៅទ្រឹងដែលផ្ទុយពីការអះអាងថានឹងធ្វើឱ្យទីលានKing Track Circuit ក្លាយជាទីលានប្រណាំងម៉ូតូលំដាប់អន្តរជាតិដែលមានព្រឹត្តិការណ៍ប្រណាំងជាប់ជាប្រចាំ ។
ជាក់ស្ដែងគម្រោងពង្រីកឱ្យមានការប្រណាំងម៉ូតូជាទ្រង់ទ្រាយធំតាំងពីឆ្នាំ២០១៨ ក៏មិនអាចធ្វើទៅបានដោយសារតែខ្វះធនធានឧបត្ថម្ភ និងខ្វះកំណើនកីឡាករ ។
យោងតាមការកត់សម្គាល់មកទល់ពេលនេះ ទីលានរបស់លោកបានត្រឹមតែជួលឱ្យអ្នកហ្វឹកហាត់ប៉ុណ្ណោះ ខណៈដែលលោកចំណាយការរៀបចំប្រកួតដើម្បីទាក់ទាញក៏អស់ទុនច្រើនតែកំណើនអ្នកមកហ្វឹកហាត់ប្រណាំងម៉ូតូមិនដូចការរំពឹងទុក ។ យ៉ាងណាមិញ ក្រោយការប្រកាសដែលត្រូវបានគេឮយ៉ាងបើកចំហរបស់លោក គេបែរជាកត់សម្គាល់ឃើញទីលានរបស់លោកមិនសូវមានសកម្មភាពដូចមុន ។ ធៀបនឹងរយៈពេលនៃការបើកសម្ពោធភ្លាមៗ មកទល់ពេលនេះ គឺសកម្មភាពមានការប្រែប្រួលមិនដូចគ្នាទេ សូម្បីតែអ្នកចូលរួមហ្វឹកហាត់ និងចូលរួម ប្រណាំងប្រជែង ក៏មិនសូវសស្រាក់សស្រាំដែរ ពោលគឺសភាពបែបនេះ កើតមានតាំងពីបញ្ហាកូវីដ-១៩មិនទាន់កើតឡើងម្ល៉េះ។
លោក គង់ ធារ៉ា បានអះអាងថា ហេតុផលដែលសកម្មភាពនៅក្នុងទីលានរបស់លោកមិនសូវមានភាពគគ្រឹកគគ្រេងដូចការប្រកាសឡើងគឺដោយសារតែលោកខ្វះដៃគូដើម្បីរៀបចំព្រឹត្តិការណ៍ប្រកួតប្រជែង ធ្វើឱ្យអ្នកចង់ហ្វឹកហាត់និងអ្នកចង់ក្លាយជាកីឡាករអាជីពក៏មានការកាត់បន្ថយ ។
លោកថា ដើម្បីទាក់ទាញអ្នកចូលហ្វឹកហាត់ឱ្យបានច្រើន លុះត្រាតែមានកញ្ចប់ហ្វ្រីដល់អ្នកចង់ហ្វឹកហាត់ និងត្រូវមានការលើកទឹកចិត្តផ្សេងទៀតសម្រាប់អ្នកមានទេពកោសល្យប៉ុន្តែមកពីកញ្ចប់ទាំងនេះមិនមានទើបលោក យល់ថាគឺជារឿងលំបាកមួយដោយសារតែលោកក៏មិនអាចចំណាយលុយរៀបចំទីលានអស់ប្រាក់ខ្ទង់លានហើយឱ្យហ្វឹកហាត់ដោយមិនគិតថ្លៃ ខណៈដែលកីឡាករដែលមានលុយមកហ្វឹកហាត់ក៏ហ្វឹកហាត់តាមគ្នា និងមិនសូវយូរអង្វែង ព្រោះតែគ្មានការជ្រោមជ្រែង ៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ